មហាជនសរសើរពីសម្រស់អនាគតភរិយាលោកឪ ថាស្អាតមិនចាញ់តួកុន

0
118

មហាជនជាច្រើនដែលនិយមលេងហ្វេសប៊ុក បានកោតសរសើរពីសម្រស់អនាគតភរិយារបស់លោកឪ ប៊ុន សាលួត គឺកញ្ញាវេង សុខៈរក្ស ថាមានសម្រស់ស្អាតមិនចាញ់តារាសិល្បៈនោះទេ។ ហើយពួកគេក៏សរសើរភ័ព្វសំណាងលោកឪ ដែលបានរកបានស្រីស្អាតវ័យក្មេង មកធ្វើជាគូគាប់ទ្រនាប់ទ្រូង ខណៈដែលមង្គលការអ្នកទាំង២ នឹងប្រារព្ធធ្វើនៅពាក់កណ្តាលខែក្រោយនេះហើយ។

មិនត្រឹមតែមានអ្នកសរសើរប៉ុណ្ណោះទេ សូម្បីតែពិធីករ និងជាអ្នកដឹកនាំកម្មវិធីកម្សាន្ត របស់ទូរទស្សន៍ My TV គឺ VJ តាប៊ុយ ក៏បានបង្ហោះសាររកលេខទូរស័ព្ទលោកឪ និងអនាគតភរិយាផងដែរ។

កញ្ញាវេង សុខៈរក្ស មានអាយុ អាយុ១៩ឆ្នាំ រស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មានបងប្អូន៣នាក់ នៅក្នុងគ្រួសារ  មុខរបរលក់ដូរនៅក្នុងផ្សារ ជាមួយឪពុកម្ដាយនាង និងមានឪពុកជាមន្រ្តីប៉េអឹម។  

លោកគ្រូអន្ទិត ប៊ុន សាលួត បានប្រាប់អ្នកសារព័ត៌មាន “នគរធំ” កាលពីថ្ងៃទី១២​ខែមករា ឆ្នាំ២០២១ ការដែលគូដណ្ដឹងវ័យក្មេង ព្រមភ្ជាប់ពាក្យ និងត្រៀមរៀបការជាមួយលោកដែលមានអាយុឃ្លាតឆ្ងាយពីនាងដូចជីតានិងចៅ (១៩ឆ្នាំ-៤៧ឆ្នាំ) នេះ មិនមែនដោយសារមានការបង្ខិតបង្ខំពីឪពុកម្ដាយនាងទេ គឺជាការពេញចិត្តដោយខ្លួននាងផ្ទាល់ ព្រោះលោកបានសាកសួរអស់ហើយ ក្នុងរយៈពេលខ្លីដែលបានស្គាល់គ្នា មុននឹងឈានដល់ការភ្ជាប់ពាក្យនេះ។ ជាមួយនេះ លោកក៏សូមអរគុណដល់អ្នកទាំងឡាយដែលបានជូនពរលោកនិងអនាគតប្រពន្ធក្មេងនេះ ឲ្យមានសុភមង្គលនឹងគ្នាជារៀងរហូត។

លោកប៊ុន សាលួត បានមានប្រសាសន៍ថា “បាទ! ខ្ញុំត្រេកអរណាស់ ចំពោះបងប្អូនទូទាំងប្រទេស ដែលបានជូនពរខ្ញុំ ដោយសារនេះក្នុងព្រះពុទ្ធសាសនា ហៅថា និស្ស័យ ហៅថា គូព្រេង ហើយឃើញថា ខ្ញុំមានគូស្រករ មានអី ចេះចាប់ដៃគ្នា ហើយខ្ញុំគ្មានអីទេ មានតែថ្លែងអំណរអរគុណ និងជូនពរ បួងសួងទេវតាឆ្នាំថ្មី ហើយបារមីព្រះអង្គ តាមថែរក្សានូវញាតិញោមទាំងអស់ដែលជូនពរខ្ញុំ បន្ទាប់ពីខ្ញុំបានភ្ជាប់ពាក្យ កាលពីម្សិល (១១ មករា) ហ្នឹង។ គោលបំណងខ្ញុំ ចង់រៀបការដល់ខែវស្សា ឯណោះ គឺចង់ឲ្យក្មួយៗបង្កើតរបស់ខ្ញុំ រៀបការមុនអស់សិន ប៉ុន្តែឪពុកម្ដាយគេ ក៏ឯកភាពគ្នាឲ្យខ្ញុំមុនទៅ ព្រោះមាចាស់ហើយ ឯក្មួយៗចាំក្រោយ។

ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេលគាត់ទៅណាញ៉ាំអី ក៏គាត់បា្រប់ខ្ញុំ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន ជាពិសេសជួយលក់ដូរម្ដាយគាត់»។

លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើម ខ្ញុំគិតថា គាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ។

ខ្ញុំនិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិតបង្ខំ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំត្រូវការស្អាត គាត់ក៏ត្រូវការស្អាត បើថាមានសង្សារ មានអីហើយក៏ដោយ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ ហើយបើឪពុកម្ដាយបង្ខិតបង្ខំ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ដែរ ព្រោះខ្ញុំអត់ចង់បានការបង្ខិតបង្ខំទេ តែគាត់ឆ្លើយថា គ្មានការបង្ខិតបង្ខំទេ តែអ្វីនាងពេញចិត្តខ្ញុំ ដោយសារខ្ញុំជាមនុស្សចាស់ បានបួសច្រើន មិនខ្លាចរៀបការហើយ ប្រើអំពើហិង្សា ព្រោះគាត់ឃើញប្ដីប្រពន្ធគេ នៅជិតផ្ទះ វ៉ៃតប់គ្នា ទើបគាត់ប្រើពាក្យអ៊ីចឹង ហើយខ្ញុំសូរទៀតថា បើស្រឡាញ់ខ្ញុំ តើខ្លាចគេសើច គេយំដែរ?

នាងថា ទៅខ្លាចគេសើចគេយំធ្វើអី ព្រោះមានទៅយកលុយគេឯណា សុំបាយគេស៊ីឯណា ពេលយើងបានសុខ មានគេឲ្យសុខយើងឯណា! គាត់និយាយអ៊ីចឹង ធ្វើឲ្យកាន់តែមានទំនុកចិត្ត ជឿជាក់លើគាត់ ហើយធ្វើឲ្យខ្ញុំទទួលយកគាត់បាន ហើយខ្ញុំជឿជាក់ថា គាត់មិននិយាយដោយល្បិចកលទេ ព្រោះខ្ញុំថា បើស្រឡាញ់គ្នា ស្រឡាញ់ឲ្យដល់ចប់ ចាស់កោងខ្នងរៀងខ្លួន ហើយគាត់ថា គាត់ទទួលយកបាន។

ដូច្នេះខ្ញុំអរគុណច្រើន ហើយសូមជូនពរគាត់ឲ្យសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានជាមួយនឹងខ្ញុំ ត្រជាក់ត្រជំ ហើយនិងអ្នកដែលគាំទ្រខ្ញុំ ក៏សុំឲ្យរកស៊ីមានបានទាំងអស់គ្នា សុខចម្រើនទាំងអស់គ្នា ហើយសុំកុំឲ្យបងប្អូនទាំងអស់ យល់ច្រឡំថា គាត់មានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបព្រមទទួលខ្ញុំ“។

យ៉ាងណា លោកឪអន្ទិត ប៊ុន សាលួត បានបញ្ជាក់ថា “លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ”៕