លោកខេមរៈ សិរីមន្ដ ភរិយាជួយបន្ថែមឲ្យកាន់តែល្បី

0
272

ខេមរៈ សិរីមន្ដ បានឆ្លើយតបចំពោះអ្នកសរសើរថា MV បទ ”I’m Not The Gang“ មានចំណុចទាក់ទាញជាងបទចម្រៀងដទៃទៀតនោះ ដោយលោកសិរីមន្ត អះអាងថា ប្រពន្ធរបស់លោក គឺជាអ្នកដឹកនាំសម្ដែងបទមួយនេះដោយផ្ទាល់តែម្ដង ហើយបើដូចអ្វីដែលគេលើកឡើងមែន លោកថា ម្ល៉េះមិនដឹងជាប្រពន្ធរបស់លោកសប្បាយចិត្តយ៉ាងណានោះទេ។

ពិតជាដូចការអះអាងរបស់ខេមរៈ សិរីមន្ដ មែន ព្រោះ​ MV បទ ”I’m Not The Gang” នោះ មានឡើងអក្សរថា អ្នកដឹកនាំសម្ដែង អ្នកស្រីកួយ ផល្លី ដែលគេស្គាល់ថា ជាភរិយារបស់សិរីមន្ដ ខណៈនិពន្ធទំនុកច្រៀង លោកខេមរៈ ភារុណ ដែលជាបងប្រុសលោកសិរីមន្ត។

តាមរយៈការយឹតយោងប្រពន្ធឲ្យក្លាយទៅជាអ្នកដឹកនាំបទចម្រៀងរបស់ប្ដីនេះ គឺខេមរៈ សិរីមន្ដ ពិតជាចង់ឲ្យភរិយាលោកហក់ចូលរួមការងារជាមួយគ្នាតែម្ដង ដែលជាធ្លុងមួយសម្រាប់ជួយលោកឲ្យកាន់តែល្បីថែមទៀត ស្របពេលដែលលោកខេមរៈ ភារុណ មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីជោគវាសនា ឬភាពល្បីល្បាញរបស់សិរីមន្ដ តាមរយៈលោកជាអ្នកនិពន្ធបទចម្រៀងឲ្យលោកសិរីមន្ត​ ច្រៀង។

ប៉ុន្ដែគេកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ សិរីមន្ដ ហាក់បានសណ្ដោងសាច់ញាតិរបស់ខ្លួនឲ្យចូលក្នុងរង្វង់អាជីពសិល្បៈកាន់តែច្រើនផងដែរ ដូចជា ថ្មីៗនេះ លោកបាននាំក្មួយស្រីវ័យក្មេង២នាក់ ឲ្យក្លាយខ្លួនទៅជាតារាសម្ដែងបទចម្រៀង MV របស់លោក និងជំរុញឲ្យជីទួតមួយ កញ្ញាអ៊ិត ជូលីណា ឲ្យស្នងតំណែងខេមរៈ ស្រីពៅ ដែលបានលាចាកលោករយៈពេលជិត២ឆ្នាំនោះទៀតផង។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ គឺហង្សមាស ដែលជាផលិតកម្មមួយហ្មត់ចត់ទាំងក្រុមការងារ និងការជ្រើសតារាសម្ដែងនោះ ថ្មីៗនេះ បានសម្របខ្លួនតាមសិរីមន្ដ ស្ទើរតែគ្រប់ចំណុចតែម្ដង តាំងពីមានព័ត៌មានថា លោកសិរីមន្ត ត្រូវ Galaxy បើកទ្វាររង់ចាំស្វាគមន៍២៤ម៉ោង ប្រសិនបើលោកដើរចេញពីហង្សមាស នោះ។

ហង្សមាស ព្រមទទួលលោកខេមរៈ ភារុណ ធ្វើជាអ្នកនិពន្ធទំនុកច្រៀង ឬទីប្រឹក្សាររបស់សិរីមន្ដ ហើយទទួលយកក្មួយស្រីរបស់លោកសិរីមន្ត ថត MV បើទោះជាអ្នកទាំង២ មិនធ្លាប់មានបទពិសោធន៍ ឬឆ្លងកាត់ការប្រលងផ្នែកសម្ដែងណាមួយក្ដី។

អ្វីដែលកាន់តែមិនអាចប្រកែកបាននៅពេលនេះ គឺហង្សមាស ថែមទាំងព្រមឲ្យប្រពន្ធខេមរៈ សិរីមន្ដ ធ្វើជាអ្នកដឹកនាំសម្ដែងបទចម្រៀងរបស់ស្វាមីនាង លោកខេមរៈ សិរីមន្ត ដោយផ្ទាល់ទៀតផង បើទោះជាផលិតកម្មមួយនេះមានអ្នកដឹកនាំសម្ដែងសុទ្ធតែខ្លាំងៗ ពោរពេញទៅដោយបទពិសោធន៍យ៉ាងជោគជាំក្ដីជាច្រើននាក់ក្ដី។

តាមរយៈការព្រមសម្របខ្លួនតាមសិរីមន្ដ ជាច្រើនចំណុចក្នុងពេលតែមួយនេះ បញ្ជាក់ថា ហង្សមាស ពិតជាកំពុងតែផ្គាប់ចិត្តសិរីមន្ដ មែន ដើម្បីកុំឲ្យតារាសំខាន់រូបនេះដើរចេញដូចព្រាប សុវត្ថិ ទៀតធ្វើឲ្យផលិតកម្មធំនេះប្រឈមហានិភ័យ។

ប៉ុន្ដែអ្នកនិពន្ធបទភ្លេងនៅហង្សមាស ម្នាក់ បាននិយាយថា នោះគឺជាការផ្ដល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពបង្ហាញស្នាដៃថ្មីៗឲ្យហង្សមាស ទៅវិញទេ។

អ្នកនិពន្ធបទភ្លេងរូបនោះ អះអាងថា ការមកដល់របស់លោកខេមរៈ ភារុណ គឺជាការបន្ថែមធនធានមនុស្សថ្មីទៀតឲ្យផលិតកម្មនេះ រឿងអីដែលហង្សមាស បដិសេធ ព្រោះលោកភារុណ មិនមែនទាមទារតំណែងធំណាទេ គឺឃើញតែនិពន្ធបទចម្រៀងប៉ុណ្ណោះ។ ចំណែកក្មួយស្រីចូលសម្ដែង MV បទសិរីមន្ដ នោះ លោកមិនដឹងថា ពួកគេឆ្លងកាត់ការបណ្ដុះបណ្ដាល ឬយ៉ាងណាទេ តែមើលទៅក្រុមគ្រួសារនេះស្រលាញ់សិល្បៈអីចឹង ចេះតែថតជាមួយគ្នាទុកជាអនុស្សាវរីយ៍អីចឹងទៅ តែបើពួកគេសម្ដែងមិនកើត គេ (ហង្សមាស) ក៏មិនចេះតែឲ្យថតនោះដែរ។

ប៉ុន្តែអ្នកនិពន្ធបទភ្លេងរូបនោះថា រឿងប្រពន្ធខេមរៈ សិរីមន្ដ ចូលដឹកនាំសម្ដែង MV បទរបស់ប្ដីនោះ ទើបជារឿងភ្ញាក់ផ្អើល ហើយគ្រប់គ្នាអាចវាយតម្លៃពីស្នាដៃនោះដោយខ្លួនឯង លោកមិនចាំបាច់ធ្វើអត្ថាធិប្បាយទេ ហើយសួរថា ហេតុអីបានជាគេមិនប្រើប្រាស់ធនធានរបស់ហង្សមាស?

ក្រៅពីខេមរៈ សិរីមន្ដ តារាចម្រៀងមានប្រពន្ធនៅពីក្រោយប្ដី គឺមានលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលភរិយាលោក អ្នកនាងសែ ចាន់ឌី គឺ ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង។ ឱក សុគន្ធកញ្ញា វិញ មានប្ដីនាង លោកអ៊ឹង សុខលី ជាអ្នកជួយដឹកនាំសម្ដែង​MV និងកម្មវិធីប្រលងចម្រៀងទាំងអស់ ដែលនាងធ្វើជាគណៈកម្មការ និងគ្រូបង្វិក។ ចំណែកស្រីស្អាតសុខ ពិសី វិញ មានលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ ហើយល្បីថាជាគូស្នេហ៍របស់នាងនោះ ដឹកនាំ MV ឲ្យដែរ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយលោកខេមរៈ សិរីមន្ត លើកភរិយាកូន៣ ឲ្យក្លាយទៅជាអ្នកដឹកនាំសម្ដែង MV នៅផលិតកម្មធំហង្សមាស នេះមក លោកនឹងហ៊ានធ្វើឲ្យភរិយាកាន់តែរំភើបថែមទៀត តាមរយៈការដឹកដៃគ្នារៀបការជាចំហដែរឬទេ ខណៈដែលសិរីមន្ដ ធ្លាប់ប្រាប់ថា បានរៀបការកាលពីឆ្នាំ២០០៩ តែគេមិនសូវមានអ្នកជឿ៕                                                                                                         ហ៊ឹម វិចិត្រ