ស្នេហ៍១១ឆ្នាំ!!! អ្នកនាងយ៉ាន់ ស្រីពេជ្រ ប្រកាសលែងស្វាមី ដោយសារជនទី៣

0
98

ជារឿងដ៏ភ្ញាក់ផ្អើលបំផុត ខណៈដែលអតីតតារាសម្តែង និងបង្ហាញម៉ូដ យ៉ាន់ ស្រីពេជ្រ បានប្រកាសលែងប្តីជាចំហ ដោយភ្ជាប់ជាមួយលិខិតលែងលះ ដោយអ្នកនាងអះអាងថា បុរសជាប្តីបានលួចផិតក្បត់ មានស្រីផ្សេងហើយមានកូនមួយថែមទៀតផង។

អ្នកនាងយ៉ាន់ ស្រីពេជ្រ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងហ្វេសប៊ុកថា “ពីពេលនេះម៉ោងនេះទៅ យើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយ ហើយក៏លែងជាប្តីប្រពន្ធនឹងគ្នាទៀតដែរ

ពេលវេលារយៈពេល11ឆ្នាំ ដែលយើងបានជួបគ្នា បានស្រលាញ់គ្នា កាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សព្វគ្រប់អស់ហើយ ជួបគ្នាធ្វើអ្វី បើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុត គឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់ឲ្យកូនខ្ងុំកំព្រាឪពុកដូចខ្ងុំទៀត

តែអ្វីដែលខ្ញុំទទួលបានមកវិញ គឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះ បងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់ វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសម្រេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើឲ្យស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថា វាជារឿងលេងសើចមែនទេ ពាក្យសុំទោស វាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ ដែលបងបានធ្វើមកលើខ្ញុំបានទេ

ហើយគ្រួសារមួយនេះ គឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បង អីចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះ ទៅនៅជាមួយគេឲ្យមានក្តីសុខចុះ កុំបារម្ភកូនស្រីយើងមួយ ខ្ញុំនឹងមើលថែគាត់ឲ្យបានល្អបំផុត ដោយដៃរបស់ខ្ញុំផ្ទាល់”។

អ្នកនាងស្រីពេជ្រ បន្តថា “ហើយក៏សុំផ្តាំទៅស្រីម្នាក់នោះ ដែលព្យាយាមមកបំផ្លាញគ្រួសារគេ ទាំងដឹងថា គេមានប្រពន្ធមានកូនហើយ នៅតែទុកកូន ដើម្បីបញ្ឈឺចិត្តប្រពន្ធគេ និងទាក់ប្តីគេ ចង់ឲ្យគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថា កម្មពៀរវាមានពិតណា នាងសាងអ្វីដាក់ខ្ញុំនិងគ្រួសារខ្ញុំ កម្មពៀរនោះ នាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយ អាចជាវេនរបស់នាងក៏ថាបាន ខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតម្លៃជាមនុស្ស

ហើយនេះក៏ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែលមានប្រពន្ធហើយ មុននឹងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតឲ្យបានច្បាស់ថា តើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់? កុំឲ្យមានវិប្បដិសារីដោយសារតែការលេងសើចរបស់យើង ព្រោះវាអាចធ្វើឲ្យយើងបាត់បង់គ្រប់យ៉ាងក៏ថា បាននៅថ្ងៃណាមួយ ជីវិតពិតនៃស្នេហា មានជួបហើយក៏មានបែក”។

យ៉ាងណា អ្នកសារព័ត៌មានយើង មិនទាន់ទទួលការបកស្រាយពីស្វាមីអ្នកនាងយ៉ាន់ ស្រីពេជ្រ នៅឡើយទេ។

គួរបញ្ជាក់ថា អ្នកនាងយ៉ាន់ ស្រីពេជ្រ គឺជាតារាសម្តែង និងបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ ប៉ុន្តែចុងក្រោយនេះ គេមិនសូវបានឃើញវត្តមានអ្នកនាងនោះទេ។ យូរៗម្តង ទើបគេឃើញវត្តមានអ្នកនាងឡើងឆាក និងចូលរួមកម្មវិធីនានា៕