ឧកញ៉ាឌួង​ ឆាយ បង្ហាញភាពអស់សង្ឃឹម ភរិយាផ្ញើសារថា “ឱកាសនៅតែមាន បើអ្នកតស៊ូព្យាយាម”

0
172

ភ្នំពេញ ៖ ក្រោយប្រកាសដំណឹងលែងលះជាមួយស្វាមី បានជាង ១ខែ ទោះបីជាលោកស្រី ដេត ម៉ាលីណា ភរិយាឧកញ៉ាឌួង ឆាយ ហាក់មិនបង្ហាញសញ្ញាថា អាចផ្សះផ្សាជាមួយអតីតស្វាមីវិញបាន នៅពេលចុងក្រោយនេះ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារហាក់អស់សង្ឃឹមក្នុងការផ្សះផ្សាស្នេហ៍ជាថ្មីជាមួយភរិយា។ ស្រាប់តែលោកស្រីដេត ម៉ាលីណា បានបញ្ចេញសារជារឿយៗ ហាក់ចង់ផ្តាំផ្ញើទៅឧកញ៉ាឌួង ឆាយ ជាពិសេសចុងក្រោយនេះ លោកស្រីបានផ្ញើសារថា «ឱកាសនៅតែមាន បើអ្នកនៅតែតស៊ូព្យាយាម»។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារថា “ពុកសូមទោសណាកូនប្រុសមាសឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសម្ថភាពរបស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាទីបំផុតដើម្បីកូនៗណាចាប់ពីពេលនេះ។ សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នាចំពោះការបាររម្ភស្រលាញ់រាប់អានណា អ្វីៗដែលនៅសល់ ទុកឲ្យព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ”។

ភ្លាមនោះ លោកស្រី ដេត ម៉ាលីណា ក៏បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២៤ ខែមករា​ឆ្នាំ២០២១ ថា «ឱកាសនៅតែមាន បើអ្នកនៅតែតស៊ូព្យាយាម»។

ជុំវិញសំណេរតាមហ្វេសប៊ុកខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បញ្ជាក់បន្ថែមពីលោកស្រីដេត ម៉ាលីណា បានទេ ព្រោះតាំងពីពេលប្រកាសលែងលះស្វាមីមកម៉្លេះ លោកស្រីបានឆ្លើយតបថា សុំមិនផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានទេ ក្នុងរឿងផ្ទាល់ខ្លួនរបស់លោកស្រីនេះ ហើយលោកស្រីនឹងបកស្រាយបំភ្លឺតាមទំព័របណ្តាញសង្គមរបស់លោកស្រីតែប៉ុណ្ណោះ។ ចំណែកឧកញ៉ាឌួង ឆាយ ក៏មិនអាចទាក់ទងសុំយោបល់បានទេ។

ទោះជាយ៉ាងណា សំណេររបស់លោកស្រីដេត ម៉ាលីណា ខាងលើនេះ ត្រូវបានអ្នកតាមដានមួយចំនួនយល់ថា លោកស្រីចង់ផ្តាំផ្ញើទៅឧកញ៉ា ឌួង ឆាយ ជាស្វាមីតែម្តង បន្ទាប់ពីមុននេះ លោកស្រីធ្លាប់បានសរសេរបញ្ជាក់ថា «វត្ថុសំខាន់ពីរយ៉ាង ទៅហើយមិនវិលវិញ គឺពេលវេលានិងឱកាស»។ 

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលធ្លាប់គាំទ្រគូស្វាមីភរិយាចិត្តសប្បុរសធម៌នេះ ភាគច្រើនគឺចង់ឲ្យអ្នកទាំងពីរសម្រុះសម្រួលផ្សះផ្សា ជានាគ្នាវិញ លុះនៅពេលឃើញសំណេររបស់លោកស្រីដេត ម៉ាលីណា ខាងលើ ពួកគេសង្ឃឹមថា លោកស្រីដេត ម៉ាលីណា នៅតែផ្តល់ឱកាសឲ្យស្វាមី ប្រសិនបើឧកញ៉ាឌួង ឆាយ ពិតជានៅយោគយល់ ចង់ផ្សះផ្សា ដើម្បីគ្រួសារវិលមកជួបជុំគ្នាវិញ។

ជាក់ស្តែង គណនីហ្វេសប៊ុក មួយ បានចូលមកបញ្ចេញយោបល់ថា «ប្អូន​តែ​ងតែ​សង្ឃឹម​ថា​បងស្រី​នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​បងប្រុស ​ដើម្បីសេចក្តីសុខគ្រួសារនិងកូនៗ​ ប្អូន​សូម​ទោស​ទុក​ជាមុន បើប្អូនចេះដឹងរឿងគ្រួសាររបស់បងស្រីផង ​ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​បងស្រី​និង​បងប្រុស​ទាំងសងខាង»។​

ចំណែកគណនីហ្វេប៊ុក មួយផ្សេងទៀត សរសេរថា​ «ស្រលាញ់ទាំងសងខាង ទុកឱកាសឲ្យបងប្រុសម្ដងទៅបងស្រី ស្រលាញ់និងគាំទ្រអ្នកទាំង២»។

ក្រៅពីនេះ មានអ្នកបញ្ចេញមតិជាច្រើនទៀត ដែលភាគច្រើនចង់ឲ្យលោកស្រីដេត ម៉ាលីណា ផ្តល់ឱកាសឲ្យឧកញ៉ាឌួង ឆាយ ដើម្បីជួបជុំគ្រួសារដ៏កក់ក្តៅមួយឡើងវិញ។

យ៉ាងណា ក្រោយប្រកាសដំណឹងលែងលះជាមួយស្វាមី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នោះមក លោកស្រីដេត ម៉ាលីណា ភរិយារបស់ឧកញ៉ាឌួង ឆាយ បានចេញមុខបកស្រាយបំភ្លឺបន្ថែុមតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ពីមូលហេតុនៃការសម្រេចចិត្តលែងលះជាមួយឧកញ៉ាឌួង ឆាយ នោះថា ដោយសារលោកស្រី ទ្រាំរស់នៅក្រោមសម្ពាធផ្លូវចិត្ត ជាង ១៣ឆ្នាំមកហើយ។ លោកស្រី បានប្រៀបធៀបចំណងប្តីប្រពន្ធលោកស្រីជាមួយឧកញ៉ាឌួង ឆាយ ដូចកែវដែលប្រេះស្រាំ ១៣ឆ្នាំ ឥឡូវបានបែកខ្ទេច មិនអាចផ្សះផ្សាវិញបានឡើយ។

លោកស្រី ដេត ម៉ាលីណា បានបញ្ជាក់ថា «…គ្មានមនុស្សស្រីណាចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។ អ៊ីចឹងដូចខ្ញុំនិយាយអារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូលហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន ១០០ភាគរយទេ គឺ ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ…»។

ក្រៅពីនេះ លោកស្រី ដេត ម៉ាលីណា ហាក់បង្ហាញសញ្ញាថា មិនអាចផ្សះផ្សាជាមួយអតីតស្វាមីវិញបានទេ ដោយថ្មីៗនេះ លោកស្រីបានបង្ហាញពីការទៅធ្វើបុណ្យ ៧វត្ត ដើម្បីសុំសេចក្តីសុខ ផ្សងជួបតែមនុស្សល្អៗនៅក្នុងជីវិត និងសូមឲ្យទុក្ខកង្វល់ទាំងអស់រលាយបាត់ ហើយសុំឲ្យអស់កម្មពៀរ ចាប់ពីពេលនេះតទៅ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា «ថ្ងៃនេះជាថ្ងៃសីល ត្រូវនឹងថ្ងៃ 21.01.2021 នាងខ្ញុំបានយកចង្ហាន់ មកប្រគេនព្រះសង្ឃ និងមកធ្វើបុណ្យបាន ៧វត្ត ដើម្បីសុំសេចក្តីសុខ និងជួបតែមនុស្សល្អៗនៅក្នុងជីវិត សូមឲ្យទុក្ខកង្វល់ទាំងអស់ រលាយបាត់ ហើយសុំឲ្យអស់កម្មពៀរចាប់ពីពេលនេះតទៅ»។

ចំណែក កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានបង្ហាញពីការកាត់សក់  និងលែងអណ្តើក លែងត្រី ដើម្បីបួងសួងបន់ស្រន់ឲ្យគ្រោះឧបទ្រពចង្រៃ និងកម្មពៀរទាំងឡាយដែលបានជួបកន្លងមក ចប់ដោយសន្តិវិធី។

លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃនោះថា «3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និងត្រី ដើម្បីបន់ស្រន់ឲ្យឧបទ្រពចង្រៃ កម្មពៀរទាំងឡាយដែលខ្ញុំជួបកន្លងមក ឲ្យចប់ដោយសន្តិវិធី។

ចាប់ពីថ្ងៃស្អែកតទៅ បើការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំ មិនតបតនិងអត់ឱនរាល់គ្រប់ទង្វើអាក្រក់ទាំងឡាយដែលកើតលើរូបខ្ញុំ បើមិនចប់ ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហើយ។ ធ្វើអាក្រក់ បានអាក្រក់ ខ្ញុំជឿជាក់ថា ទេវតាមានព្រះនេត្រ

ហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេប សូមបងប្អូន ពូមីង ឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។ វីដេអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូន ពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារឲ្យគេដឹងនោះទេ ប៉ុន្តែវាមានអាថ៌កំបាំងជ្រាលជ្រៅនៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏គ្មានអ្នកណាចង់បែកបាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល 13ឆ្នាំនោះដែរ»។

ទោះជាយ៉ាងណា ឧកញ៉ាឌួង ឆាយ បន្ទាប់ពីបានទ្រាំស្ងាត់ស្ងៀម មិនឆ្លើយឆ្លងរឿងភរិយាប្រកាសលែងលះអស់រយ:ពេល ១ខែមក ស្រាប់តែបានចេញមុខទទួលស្គាល់ និងសារភាពការពិតរឿងការប្រេះឆាក្នុងគ្រួសាររបស់ខ្លួន និងបានទម្លាយថា ចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយា មិនទាន់ដាច់ភឹងនៅឡើយទេ គឺនៅពេលនេះលោកនិងភរិយា កំពុងសម្រុះសម្រួលគ្នា ហើយលោកបញ្ជាក់ថា គ្រួសារដែលមានសុភមង្គល គឺកើតចេញពីការយោគយល់ អធ្យាស្រ័យ អនុគ្រោះ អត់ឱនឲ្យគ្នា លះបង់គ្រប់បែបយ៉ាង ជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួន ដើម្បីកូនៗ និងឈរលើគោលការណ៍សម្របសម្រួលរកចំណុចកណ្តាល រួមគ្នាដោះស្រាយ ទើបបញ្ចប់រាល់បញ្ហាដោយសន្តិវិធី និងសន្តិភាពបាន មិនមែនការលាបពណ៌ ចោទប្រកាន់ យកឈ្នះចាញ់គ្នានោះទេ៕