Saturday, April 20, 2024
Homeតារាខ្មែរកញ្ញាតន់ ច័ន្ទសីម៉ា សម្រេចក្ដីសុបិន ទាំងវ័យក្មេង

កញ្ញាតន់ ច័ន្ទសីម៉ា សម្រេចក្ដីសុបិន ទាំងវ័យក្មេង

តន់ ច័ន្ទសីម៉ា ធ្លាប់បង្ហាញក្ដីស្រម៉ៃចង់ច្រៀងសម្ដែងដៃគូឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ បើទោះជាកេរ្ដិ៍ឈ្មោះ អាយុនិងរយៈពេលនៃការប្រឡូកសិល្បៈរបស់នាង និងព្រាប សុវត្ថិ ខុសគ្នាឆ្ងាយក្ដី។

នៅទីបំផុត ក្ដីសុបិនរបស់កញ្ញាច័ន្ទសីម៉ា បានក្លាយទៅជាការពិតមែន ព្រោះ Galaxy បានរុញឲ្យនាងទៅច្រៀងផ្ដោះផ្ដង និងថត MV ជាមួយព្រាប សុវត្ថិ នូវបទលើកដំបូងបំផុតជាចង្វាក់ញាក់ មានចំណងជើងថា ”កាត់ឆុង”។

នេះជាជំហានថ្មីមួយទៀតរបស់កញ្ញាសីម៉ា ដែលអាចនិយាយថា នៅឆ្នាំថ្មី២០២១ នេះ នាងមានរាសីឡើង ព្រោះថាកន្លងមក លោកព្រាប សុវត្ថិ មិនងាយច្រៀងដៃគូជាមួយតារាស្រីណាដែលមានគម្លាតនៃកេរ្ដិ៍ឈ្មោះ ខុសពីលោកណាស់។

ចំណែកតន់ ច័ន្ទសីម៉ា វិញ ធ្លាប់តែច្រៀងសម្ដែងជាមួយលោកខេម ជាច្រើនបទមកហើយ តែបានច្រៀង Cover បទព្រាប សុវត្ថិ ជាច្រើនបទ មុននឹងក្លាយទៅជាដៃគូគ្នា ដូចជាបទ ”មនុស្សចាស់មិនឈ្នះកូនក្មេង” និងបទ ”ពេលណាជួបគេម្ដងទៀត?” ជាដើម។

លោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាស បានឲ្យដឹងថា តារាចម្រៀងវ័យក្មេងៗស្រករក្រោយ មានសមត្ថភាពល្អច្រើន ច្រៀងពិរោះៗណាស់ ហើយដូចជា តន់ ច័ន្ទសីម៉ា លោកធ្លាប់ឃើញម្ដងម្កាលដែរ តែមិនបានដឹងច្បាស់ពីសមត្ថភាពសំឡេងរបស់នាងទេ។

យ៉ាងណា លោកថា នេះជាសញ្ញាល្អមួយដែលសីម៉ា មានឱកាសច្រៀងជាមួយព្រាប សុវត្ថិ គឺធ្វើឲ្យនាងកាន់តែល្បីថែមទៀត។

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាចម្រៀងស្នូលរបស់ផលិតកម្ម Galaxy ក្រោយនាងត្រូវអ្នកគ្រប់គ្រង លោកយឹម តាស្រង់ ពេញចិត្តនាងដោយផ្ដល់បទចម្រៀងឲ្យចេញស្ទើររៀងរាល់ថ្ងៃតែម្ដង។

តាស្រង់ ថែមទាំងបានកំណត់តម្លៃខ្លួនសីម៉ា ថាច្រៀងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ ១កម្មវិធី ស៊ីថ្លៃពី១០០០ទៅ២០០០ដុល្លារ ខណៈច្រៀងតាមខេត្ត ១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ និងថតសម្អាងការម្តង ថ្លៃ២០០០០ដុល្លារ។

ការកំណត់ថ្លៃបែបនេះ ត្រូវអ្នកខ្លះរិះគន់ថា Galaxy អួតពីសីម៉ា ជ្រុលពេកហើយ ប្រយ័ត្នគ្មានអ្នកហ៊ានជួល ដេកស្អាតតែម្ដង តែលោកតាស្រង់ ថា ពេលនេះ សីម៉ា ជាតារាលំដាប់ Grade A ហើយទោះគេមិនហ៊ានជួលច្រៀង ក៏ Galaxy មានលទ្ធភាពផ្គត់ផ្គងចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានស្រួលដែរ៕

RELATED ARTICLES