Wednesday, April 24, 2024
Homeតារាខ្មែរកញ្ញាបេប៊ី ស្ងាត់ពេក ងាកទៅធ្វើថៅកែស្រីខ្លួនឯងវិញម្តង

កញ្ញាបេប៊ី ស្ងាត់ពេក ងាកទៅធ្វើថៅកែស្រីខ្លួនឯងវិញម្តង

តារាចម្រៀងផលិតកម្មថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ដែលស្ងប់ស្ងាត់អាជីពចម្រៀងខ្លាំង តាំងពីផ្ទុះកូវីដ-១៩នោះ ពេលនេះនាងបានងាកទៅរកស៊ីបើកហាងលក់បុកល្ហុង និងកាហេ្វ តាម Online ដែលកំពុងកាក់កបគួរសម។

ថៅកែស្រីវ័យក្មេងរូបនេះត្រូវបានអ្នករួមអាជីពជួយលើកទឹកចិត្តចំពោះមុខរបរថ្មីនេះ ខណៈដែលគម្រោងបញ្ចេញបទចម្រៀង និងលេងក្បាច់រាំប្លែកៗ ដើម្បីវាយលុកទីផ្សារនោះ ត្រូវជាប់គាំងស្ញេញតែម្ដង ហើយរង់ចាំទាល់តែស្ងាត់កូវីដ-១៩ ទើបនាងចាប់ផ្ដើមសាជាថ្មីម្ដងទៀត។

ការដាក់ទុនរកស៊ីតាម Online របស់ស្រីស្រស់បេប៊ី នៅពេលនេះ ក្រោយពេលដែលនាងបានផ្អាកគម្រោងឡើងផ្ទះវីឡាស្កឹមស្កៃ តម្លៃជាង៣០ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ ដោយម្ដាយនាងអ្នកស្រីប៊ុន ណារី ធ្លាប់អះអាងថា គាត់នឹងគិតគូរការងារ និងគម្រោងផ្សេងៗរបស់កូនស្រីនៅឆ្នាំ២០២១ ខាងមុខនេះវិញ។

ម្ដាយបេប៊ី ក៏ទទួលស្គាល់ថា កូនស្រីរបស់គាត់ពិតជាមិនសូវមានសកម្មភាពមែន រយៈពេលចុងក្រោយនេះ  ស្របពេលដែលតារាជាច្រើននិយាយថា ភាពស្ងប់ស្ងាត់នោះ គឺស្ទើរតែគ្រប់គ្នាទៅហើយ មិនមែនតែបេប៊ី ម្នាក់ទេ លើកលែងតែព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប៉ុណ្ណោះ។

បេប៊ី បានផ្ដាច់ខ្លួនចេញពីអាជីពពិធីការិនី និងថតសម្ដែង MV រួមទាំងភាពយន្ដដើម្បីផ្ដោតតែលើអាជីពចម្រៀងមួយប៉ុណ្ណោះ។ ប៉ុន្ដែបេប៊ី ពិបាកដណ្ដើមភាពលេចធ្លោនៅថោន បើទោះជាតារាស្រីជើងខ្លាំង មាស សុខសោភា បានចាកចេញក្ដី។

ស្រីស្អាតរូបនេះត្រូវម្ដាយនាងតាមជាប់ជាប្រចាំ ព្រោះខ្លាចមានប្រុសតាមរំខាន ខណៈដែលកន្លងមក លេចឮថា បេប៊ី មានលោកឧកញ៉ា និងអភិបាលខណ្ឌម្នាក់ទៀត តាមស្នេហានាងព្រមគ្នាតែម្ដង។ ប៉ុន្តែម្ដាយបេប៊ី ធ្លាប់អះអាងថា កូនស្រីគាត់គ្មានសង្សារជាអ្នកធំអ្នកមានណាទេ គឺពេលនេះនាងប្រៀបបាន ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” ហើយបើនៅតែអីចឹងទៀត គាត់បារម្ភខ្លាចតែនាងអត់ប្ដីដូចគេទេ៕

RELATED ARTICLES