Friday, March 29, 2024
Homeតារាខ្មែរកញ្ញាសេង រដ្ឋា ព្រមបោះបង់ចោលតំណែង "Miss Grand Cambodia 2020"

កញ្ញាសេង រដ្ឋា ព្រមបោះបង់ចោលតំណែង “Miss Grand Cambodia 2020”

ភ្នំពេញ ៖ នៅទីបំផុត ករណីវិវាទរវាងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ (Miss Grand Cambodia 2020) កញ្ញាសេង រដ្ឋា ជាមួយក្រុមហ៊ុនមហាហង្ស ដែលជាអ្នករៀបចំកម្មវិធីនោះ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយកញ្ញាសេង រដ្ឋា បានព្រមបោះបង់ចោលតំណែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ ឱ្យក្រុមហ៊ុនដកហូត និងមិនទទួលយករង្វាន់ និងកម្រៃពីការប្រកួតនេះទាំងអស់។

យោងតាមទំព័របណ្តាញសង្គមហ្វេសប៊ុក Miss Grand Cambodia បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះ គូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ ដែលបានកំណត់ដូចខាងក្រោម។ សូមបណ្តាអ្នកគាំទ្រទាំងអស់ មេត្តាពិនិត្យមើលកិច្ចព្រមព្រៀង ចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុន បានធ្វើរួមគ្នាជាមួយភាគីខាងកញ្ញាសេង រដ្ឋា។

កិច្ចព្រមព្រៀងបញ្ចប់វិវាទ រវាងតំណាងផលិតកម្មមហាហង្ស និងកញ្ញា សេង រដ្ឋា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

កិច្ចព្រមព្រៀងបញ្ចប់វិវាទ
កិច្ចព្រមព្រៀងនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ផលិតកម្មមហាហង្ស តំណាងដោយឈ្មោះអូន ឧស្សាហ៍ ភេទប្រុស តំណាងឱ្យលោកអ៊ិន សុភិន ជាអគ្គនាយក មានស្នាក់ការករិយាល័យនៅផ្ទះលេខ២១ ជាន់ទី២ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តទៅនេះហៅថា ភាគី “ក”។

ជាមួយនឹងកញ្ញាសេង រដ្ឋា កាន់អត្តសញ្ញាណបណ្ណលេខ ៖ ១៥០៨៤៩០៧២ មាន អាសយដ្ឋានស្ថិតនៅផ្លូវលេខ៤០៨ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ០៧៨ ៦០១ ៦៧៧។ តទៅនេះ ហៅថាភាគី “ខ”។

យោង ៖
-កិច្ចសន្យាការងារ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
-លិខិតអញ្ជើញ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
ហេតុដូច្នេះ ភាគី “ក” និង “ខ” ព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម ៖

ប្រការ១ ៖ ការដកហូតតំណែង
ភាគី “ខ” យល់ព្រមឱ្យភាគី “ក” ដកហូតតំណែងជា “កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០” ជាភាសាអង់គ្លេស Miss Grand Cambodia 2020 ចាប់ពីពេលចុះកិច្ចព្រមព្រៀងនេះតទៅ។

ប្រការ២ ៖ ការបញ្ចប់កិច្ចសន្យា
ភាគី “ក” និងភាគី “ខ” ព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាការងារ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រវាងភាគីខាងផលិតកម្មមហាហង្ស និងកញ្ញាសេង រដ្ឋា ចាប់ពីពេលចុះកិច្ចព្រមព្រៀងនេះទៅ។

ប្រការ៣ ៖ ការមិនទទួលយករង្វាន់
ភាគី “ខ” យល់ព្រមមិនទទួលយករង្វាន់ និងកម្រៃ ឬអត្ថប្រយោជន៍ផ្សេងៗ ដែលរៀបចំ ឡើងដោយភាគីខាងផលិតកម្មមហាហង្ស និងសហការីរបស់ផលិតកម្មអ្វីទាំងអស់។

ប្រការ៤ ៖ ការប្រគល់មកុដ ឆៀង និង ពានជ័យលាភី
ភាគី “ខ” យល់ព្រមប្រគល់កមុដ ឆៀង និងពានជ័យលាភី ជូនទៅភាគីខាងផលិតកម្មមហាហង្ស វិញ នៅថ្ងៃចុះកិច្ចព្រមព្រៀងនេះ។

ប្រការ៥ ៖ ការមិនបំពានគ្នាទៅវិញទៅមក
ភាគីទាំងពីរសន្យាថា នឹងមិនបំពានគ្នាទៅវិញទៅមក មិនបង្ហោះសារលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ គ្នាទៅវិញទៅមកនោះទេ។ ភាគីណាដែលបំពាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវសងការខូចខាត និងជំងឺចិត្តដល់ភាគីរងគ្រោះ។

ប្រការ៦ ៖ ការអះអាងរបស់គូភាគី
៦.១ ភាគី “ក” និង “ខ” ធានាអះអាង ថា គោរពនិងអនុវត្តតាមលក្ខខណ្ឌដូចមានចែង នៅក្នុងប្រការខាងលើនេះ។ ប្រសិនបើភាគីណាមួយបំពានទៅនឹងលក្ខខណ្ឌ នោះភាគីដែល បំពានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៦.២ រាល់ការសន្យាដោយផ្ទាល់មាត់ក្តី ជាលាយលក្ខណ៍អក្សរក្តី នៅមុនពេលបង្កើត កិច្ចព្រមព្រៀងនេះ លែងមានសុពលភាពតាមផ្លូវច្បាប់ទៀតហើយ វៀរលែងតែការសន្យា ឬកិច្ចសន្យាណាដែលបកស្រាយទៅស្របនឹងឆន្ទៈ និងកាតព្វកិច្ចដែលមានចែងក្នុងប្រការ នីមួយៗនៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។

ប្រការ៧ ៖ សុពលភាព
៧.១ កិច្ចព្រមព្រៀងនេះ ធ្វើឡើងជា៤ (បួន) ច្បាប់ដើម មានតម្លៃស្មើគ្នា ដោយគូភាគីបានពិនិត្យ បានអាន និងយល់ព្រមតាមលក្ខខណ្ឌ ដូចមានចែងខាងលើ។
៧.២ កិច្ចព្រមព្រៀងនេះ រក្សាទុកនៅ ភាគី “ខ” ១ (មួយ) ច្បាប់ ភាគី “ក” ១ (មួយ) ច្បាប់ នៅមេធាវី២ (មួយ)ច្បាប់។
៧.៣ កិច្ចព្រមព្រៀងនេះ មានអនុភាព អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាផ្តិចមេដៃស្តាំនេះ តទៅ…៕

RELATED ARTICLES