Friday, March 29, 2024
Homeតារាខ្មែរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ ឆ្លើយតបការព្រមានដកតំណែង

កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ ឆ្លើយតបការព្រមានដកតំណែង

ភ្នំពេញ ៖ បន្ទាប់ពីមានការព្រមានដកតំណែង «កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០» (Miss Grand Cambodia 2020) ពីអ្នករៀបចំកម្មវិធីមក ​កញ្ញាសេង រ​ដ្ឋា ដែលជាជ័យលាភី បានឆ្លើយតបវិញភ្លាមថា កញ្ញាសុខចិត្ត​ឲ្យ​ដក​តំណែង ព្រោះ​កញ្ញា ​មិន​អាច​ទទួលយក​បាន​ទេ ចំពោះការដែលអ្នកគ្រប់គ្រង​កម្មវិធី ​បរិហារ​កេរ្តិ៍នាង​តាម​បណ្តាញ​សង្គម​បែប​នេះ។ ដូច្នេះអ្វីដែលនាងធ្វើបាននៅពេលនេះ គឺចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយតែប៉ុណ្ណោះ។

កញ្ញា សេង រដ្ឋា (Miss Grand Cambodia 2020)

កញ្ញាសេង រដ្ឋា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៩ ខែមករា ​ឆ្នាំ២០២១ ថា «សុំទោសផង fan beauty pageant និងអ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបានូវអ្វីដែលអ្នកគ្រប់គ្រងកម្មវិធី បានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ នៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយព័ត៌មានជាសាធារណៈបែបនេះ។

ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដកតំណែង )ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះ គឺចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយតែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធី បានប្រកាសជាសាធារណៈកន្លងមក។

ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទម្រាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណាក៏ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan, I like simple life»។

គួរបញ្ជាក់ថា ការបញ្ជាក់ឆ្លើយតបរបស់កញ្ញាឯក​ដ៏​អស្ចារ្យនៃ​កម្ពុជា​ឆ្នាំ​២០២០ កញ្ញាសេង រ​ដ្ឋា ខាងលើនេះ ធ្វើឡើង បន្ទាប់​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការរបស់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia) បាន​បង្ហោះលិខិតអញ្ជើញឲ្យកញ្ញា ចូលរួមក្នុងសន្និសីទ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល នៅក្រុមហ៊ុនមហាហង្សដើម្បីចូលរួមដោះស្រាយបញ្ហាដែលកើតឡើង។

ជាមួយនេះ ទំព័រហ្វេសប៊ុក Miss Grand Cambodia បានសរសេរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ថា «ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។

ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធី ទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហានទីពីរ មេធាវីខាងក្រុមហ៊ុន នឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុន នឹងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងរបស់កញ្ញា ដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននឹងធ្វើសន្និសីទសារព័ត៌មានតាមក្រោយ ប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ»។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោកអ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលទទួលសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia 2020 បានបញ្ជាក់ថា​លោកមិនចង់បកស្រាយអ្វីទេ រង់ចាំធ្វើសន្និសីទកាសែតតែម្តង។

លោកអ៊ិន សុភិន បានសរសេរក្នុងគណនីបណ្តាញសង្គម​ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ថា «អរគុណគ្រប់យ៉ាង​សម្រាប់​  Fan​ ៗ​ Miss Grand Cambodia 2020 សំណួរ​ច្រើន​ណាស់​សម្រាប់​ថ្ងៃ​នេះ​ ហេតុ​អី​ស្ងាត់​ម៉េះ​ Miss Grand Cambodia 2020?  ខ្ញុំ​មិនចង់បកស្រាយ ខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្ត ពេលដឹងការពិតត្រូវបានលាតត្រដាងជា​សារធារណ​ តែបើមិនបកស្រាយទេ គេ​ Comment ជេរ​យើងសឹងផ្ទុះ​ទូរស័ព្ទ។​ ចុះ​ពេល​ដឹងការពិតវិញ តើគាត់ ​Comment យ៉ាង​ម៉េច​វិញ​? ខ្ញុំ​មិន​ចង់​ល្បី​ទេ ​រាល់ថ្ងៃហត់នឿយ​នឹងរឿង​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​ផង។​ សន្និសីទកាសែត​ នឹងកើតមានឡើងឆាប់ៗនេះ ​រង់ចាំ​តាមដានការពិតទាំងអស់គ្នា»។

លោកអ៊ិន សុភិន

សូមបញ្ជាក់ថា កញ្ញាសេង រដ្ឋា ជាបេក្ខនារីតំណាងខេត្តកំពង់ធំ មានវ័យ២០ឆ្នាំ មានកម្ពស់១,៧៣ម៉ែត្រ ទម្ងន់ ៥៤គីឡូក្រាម បានក្លាយជាជ័យលាភីគ្រងមកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020)។ ប្រសិនបើមិនត្រូវបានដកតំណែងទេ កញ្ញា នឹងតំណាងឲ្យកម្ពុជា ចូលរួមប្រកួត Miss Grand International 2021 នៅខែមីនា ឆ្នាំ២០២១ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕

RELATED ARTICLES