Friday, April 19, 2024
Homeព័ត៌មានជាតិកំពុងឆាតសាសងស្នេហ៍អូន-បងយ៉ាងមានសេខក្តីសុខ មិនគួរមកមករំខានគេបែបនេះ

កំពុងឆាតសាសងស្នេហ៍អូន-បងយ៉ាងមានសេខក្តីសុខ មិនគួរមកមករំខានគេបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងហ្វេសប៊ុក ឆាតសាសងជាមួយស្រីស្នេហ៍ ស្រាប់តែត្រូវអ្នកជិតខាងម្នាក់ចូលមករំខាន ទើបធ្វើឱ្យកើតជម្លោះប្រតាយប្រតប់គ្នា រហូតដល់ផ្ទុះជាអំពើហិង្សាយ៉ាងក្តៅគគុក ដោយភាគីម្ខាងស្ទុះទៅទាញកាំបិតប៉័ងតោ ចំណែកភាគីម្ខាងទៀតទាញដាវមកកាប់ចាក់គ្នាបណ្តាលឱ្យភាគីម្ខាងរងរបួសយ៉ាងដំណំ ទីបំផុត អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ភាគីជនរងគ្រោះ មានឈ្មោះឈុន លាងហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកថ្ម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ (រងរបួស១ដាវរយះស្មា)។ ចំណែកភាគីជនសង្ស័យមានឈ្មោះជឹម គាំង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ រីឯវត្ថុតាងចាប់យក រួមមាន ដាវកែច្នៃចំនួន១ដើម និងទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំសុង ស៊េរីចាស់ ពណ៌ស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យកំពុងអង្គុយចុចទូរស័ព្ទលេងហ្វេសប៊ុក ឆាតសាសងជាមួយ ស្រីស្នេហ៍ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនរងគ្រោះជាអ្នករស់នៅផ្ទះក្បែរគ្នា បានចូលមករំខានការលេងទូរស័ព្ទរបស់ជនសង្ស័យ ក៏ធ្វើឱ្យ អ្នកទាំងពីរកើតមានទំនាស់ពាក្យសំដីគ្នា ហើយឈានដល់វាយប្រតាយប្រតប់គ្នាមួយប៉្រាវ។ឮ

បន្ទាប់មក ជនរងគ្រោះខឹងក៏បានរត់ចូលទៅក្នុងផ្ទះរបស់ខ្លួនទាញកាំបិតប៉័ងតោចេញមកក្រៅផ្ទះ ឃើញបែបនេះ ជនសង្ស័យក៏ស្ទុះទៅទាញដាវកែច្នៃកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរបួសស្មា ខាងឆ្វេងចំនួន១កន្លែង រងរបួសយ៉ាងដំណំ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ភ្លាមៗ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រពន្ធជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាម នីតិវិធី៕

RELATED ARTICLES