Friday, March 29, 2024
Homeនយោបាយក្រុមលោកស្រីមួរ សុខហួរ ថាមកដល់កម្ពុជា ម៉ោង៥:៣០នាទីល្ងាច ថ្ងៃ១៧ មករា ២០២១

ក្រុមលោកស្រីមួរ សុខហួរ ថាមកដល់កម្ពុជា ម៉ោង៥:៣០នាទីល្ងាច ថ្ងៃ១៧ មករា ២០២១

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅក្រៅប្រទេស បានបញ្ជាក់ថា លោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងសហការី ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដើម្បីតតាំងក្តីនៅតុលាការនោះ នឹងមកដល់ព្រលានយន្តហោះភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង ៥:៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ជាមួយនេះ អតីតថ្នាក់ដឹកនាំអតីតបក្សប្រឆាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលស្រឡាញ់យុត្តិធម៌ ប្រជាធិបតេយ្យ អញ្ជើញមកស្វាគមន៍លោកស្រីមួរ សុខហួរ និងគណៈប្រតិភូ នៅព្រលានយន្តហោះភ្នំពេញ ផងដែរ។

លោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកហូរ វ៉ាន់ អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ពួកលោក ដែលមានខ្លឹមសារដូចគ្នា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ថា “សូមជូនពរដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវ មួរ សុខហួរ និងគណៈប្រតិភូ សូមបានសុវត្ថិភាព និងឆ្ពោះដល់គោលដៅដោយរលូន។ សូមគណៈប្រតិភូដឹកនាំដោយលោកជំទាវ ដ៏អង់អាចក្លាហាន ក្នុងបេសកកម្មរកយុត្តិធម៌ជូនអ្នកទោសមនសិការ និងប្រជាពលរដ្ឋខ្មែរ ហើយនិងបេសកកម្មបង្រួបបង្រួមជាតិ បានសម្រេចដោយពិតប្រាកដ (Unity National)។ សូមប្រជារាស្រ្តខ្មែរ គ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់មាតុភូមិកម្ពុជា សូមអញ្ជើញមកស្វាគមន៍គណៈប្រតិភូ ដល់ព្រលានយន្តហោះភ្នំពេញ នាម៉ោង 5:30នាទីល្ងាច ថ្ងៃទី17 មករា ឲ្យបានច្រើនកុះករ។ ជយោ ប្រជារាស្រ្តខ្មែរ ! ជយោ ស្ត្រីខ្មែរ! ជយោ កម្ពុជាអមតៈ!“។

គួររំលឹកថា លោកស្រី មូរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ក្រោយបក្សប្រឆាំង ត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧ នោះ បានប្រកាសថា លោកស្រីនឹងដឹកនាំប្រតិភូថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ វិលចូលកម្ពុជា វិញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ដើម្បីចូលរួមសវនាការ តាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែដល់ថ្ងៃកំណត់ លោកស្រី មូរ សុខហួរ បានប្រកាលលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ ដោយហេតុផលក្រុមហ៊ុនអាកាសចរណ៍ Eva Airways បានផ្អាកការហោះហើរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកស្រី មូរ សុខហួរ ត្រូវធ្វើដំណើរចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប៉ុន្តែដោយសារយន្តហោះនៃក្រុមហ៊ុន Eva Airways ដែលលោកស្រីគ្រោងជិះ បានផ្អាកការហោះហើរ ទើបត្រូវលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ។ ករណីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដែលត្រូវចេញដំណើរពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មិនមានការប្រែប្រួលនោះ លោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែមករា វេលាម៉ោង ៥ និង៣៥នាទីល្ងាច តាមជើងហោះហើរលេខ SQ5008។

លោកស្រីមួរ សុខហួរ បានអះអាងថា ធាតុស្វាមីរបស់លោកស្រី នៅលើទឹកដីកម្ពុជា ដូច្នេះលោកស្រី ត្រូវតែមកស្លាប់នៅលើទឹកដីកម្ពុជា ហើយមុនពេលធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា លោកស្រីមួរ សុខហួរ ក៏បានធ្វើលិខិតក្រាបបង្គំទូលថ្វាយ សុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យលោកស្រី និងសហការីដែលកំពុងរស់និរទេសនៅក្រៅប្រទេស ទទួលបានការផ្តល់សុពលភាពលិខិតឆ្លងដែន​ និងទិដ្ឋាការធ្វើដំណើរ ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា វិញផងដែរ។

ជាមួយនេះ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) លោកស្រីមួរ សុខហួរ បានបញ្ជាក់តាមទំព័របណ្តាញសង្គម​ ហ្វេសប៊ុក របស់លោកស្រីថា លោកស្រី និងសហការី កំពុងធ្វើដំណើរទៅកាន់ព្រលានយន្តហោះ នៃទីក្រុងបូស្តុន (Boston) រដ្ឋម៉ាសសាឈូសេត (Massachusetts) ដើម្បីធ្វើដំណើរទៅទីក្រុងឡូសអែនចេឡេស (Los Angeles) បន្ទាប់មកនឹងមកដល់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហើយនៅវេលាម៉ោង ៥:៣០នាទី ពេលល្ងាច នឹងទៅដល់ព្រលានយន្តអន្តរជាតិភ្នំពេញ៕ កុលបុត្រ

RELATED ARTICLES