Friday, March 29, 2024
Homeព័ត៌មានជាតិគាត់គ្រាន់តែស៊ីផ្លេសុំឲ្យអែបកៀន ស្រាប់ពួកគេធ្វើសកម្មភាព

គាត់គ្រាន់តែស៊ីផ្លេសុំឲ្យអែបកៀន ស្រាប់ពួកគេធ្វើសកម្មភាព

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងឈាមរាវមួយក្រុម ជិះម៉ូតូ២គ្រឿង ទន្ទឹមគ្នា នៅលើទ្រូងផ្លូវ លុះរថយន្ត១គ្រឿងបើកមកពីក្រោយ ចុចស៊ីផ្លេដើម្បីសុំផ្លូវ ស្រាប់តែក្រុមក្មេងទំនើងផ្ទុះកំហឹង ជិះម៉ូតូប្រដេញតាមគប់រថយន្ត បណ្តាលឱ្យបែកកញ្ចក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វ៉ៃខ្នោះ ចំនួន៤នាក់។

ករណីក្មេងទំនើងដេញតាមគប់កញ្ចក់ឡានគេបែក ខឹងគេចុចស៊ីផ្លេសុំផ្លូវ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិប្រឡាយហ្លួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី។ លុះមកដល់វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានតាមចាប់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ នាំយកមកសាកសួរ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថា កាលពីវេលាម៉ោង ១០និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានក្មេងទំនើង១ក្រុម បានធ្វើសកម្មភាពជិះម៉ូតូដេញវ៉ារថយន្ត១គ្រឿង ម៉ាកតូយ៉ូតា ស៊ីណា ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5103 បើកបរដោយឈ្មោះឆាង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលធ្វើដំណើរលើផ្លូវជាតិលេខ156D (ពីសៀមរាបឆ្ពោះទៅបាត់ដំបង)។

ពេលដល់ចំណុចភូមិប្រឡាយហ្លួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ក្រុមក្មេងទំនើងទាំង ៤នាក់ បានយកដុំថ្មគប់កញ្ចក់រថយន្តខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលឱ្យបែក រួចជិះគេចខ្លួនបាត់អស់។

តាមសម្តីបុរសឈ្មោះឆាង ចន្ថា ជាម្ចាស់រថយន្ត បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បើករថយន្តមកដល់កន្លែងកើតហេតុ ឃើញក្រុមក្មេងទំនើងចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ទន្ទឹមគ្នាលើផ្លូវជាតិ ពេលនោះគាត់បានស៊ីផ្លេសុំផ្លូវ រួចបើកវ៉ាជែងម៉ូតូពួកគេ។ ស្រាប់តែ ក្មេងទំនើងទាំង ៤នាក់នោះ បានបើកម៉ូតូវ៉ារថយន្តគាត់វិញ ដោយម៉ូតូ ១ បើករេរ៉មុខរថយន្ត និង១គ្រឿងទៀត អ្នកជិះពីក្រោយមានដុំថ្ម ២ដុំ ហើយក៏បានធ្វើសកម្មភាពគប់មកលើរថយន្តរបស់គាត់ បណ្តាលឱ្យបែកកញ្ចក់ខាងក្រោយ ផ្នែកខាងឆ្វេងតែម្តង។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកមង្គលបុរី បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ ខាងលើបាន នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១- ឈ្មោះប្រុស វ៉ាន់នី ហៅបាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់កញ្ចក់រថយន្ត។ ទី២- ឈ្មោះម៉ិច សំប៉ាន ភេទប្រុស អាយុ២០ឆ្នាំ។ ទី៣- ឈ្មោះវ៉ា ឆៃរ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ។ ទាំង៣នាក់នេះ នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបុរី និងទី៤- ឈ្មោះសុំ ថាវរី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៤នាក់ បានឆ្លើយសារភាពថា មូលហេតុដែលពួកគេជិះម៉ូតូដេញតាមគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះ គឺដោយសារតែពួកគេខឹងម្ចាស់រថយន្ត មិនត្រឹមតែស៊ីផ្លេទេ ថែមបើកជែងម៉ូតូពួកគេ ក្នុងទឹកដីលំនៅឋានរបស់ពួកគេទៀតផង ធ្វើឱ្យខូចឥទ្ធិពលជាបងធំក្នុងភូមិរបស់ពួកគេ និងម៉្យាងទៀត មកពីពួកគេញៀនគ្រឿងញៀនផង ទើបនាំឱ្យចិត្តទៅហ៊ាន និងសាហាវបែបនេះ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយផ្អែកទៅលើបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្ត និងតាមចម្លើយសារភាពរបស់របស់ក្រុមក្មេងទំនើងទាំង៤នាក់ កម្លាំងនគរបាលជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនក្រុមក្មេងទំនើងទាំងនេះ ទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES