Tuesday, April 23, 2024
Homeព័ត៌មានជាតិចាស់ហើយ ចិត្តដូចក្មេង... តារពឹសដៃបែបនេះ សមត្ថកិច្ចចាប់តែម្តង

ចាស់ហើយ ចិត្តដូចក្មេង… តារពឹសដៃបែបនេះ សមត្ថកិច្ចចាប់តែម្តង

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ នៅសុខៗរពឹដៃដុតផ្ទះរបស់អ្នកភូមិ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរងការខូចខាតអស់ទាំងស្រុង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លនបញ្ជូនទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។

ជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះគេចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះនូ ស៊ីម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ តាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច។ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះអ៊ីង សារឿន ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យមួយ បានកើតឡើងនៅចំណុចភូមិសាស្ត្រខាងលើ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចេញអន្តរាគមន៍និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ទើបធ្វើឱ្យភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះឡើយ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពេលធ្វើការស្រាវជ្រាវរកមូលហេតុ ទើបដឹងថា ហេតុការណ៍អគ្គិភ័យនេះ មិនមែនកើតចេញពីការឆ្លងចរន្តអគ្គិសនីឬអ្វីផ្សេងឡើយ តែកើតឡើងដោយកត្តាមនុស្ស ពោលគឺមានអ្នកលួចដុត។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការចាប់ឃាត់ខ្លួនបុរសចំណាស់ ឈ្មោះនូ ស៊ីម នាំយកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES