Thursday, April 18, 2024
Homeព័ត៌មានជាតិចេញពីព្រៃ បម្រុងទៅផ្សារកំពង់ធំ ជួបសមត្ថកិច្ចតែម្តង

ចេញពីព្រៃ បម្រុងទៅផ្សារកំពង់ធំ ជួបសមត្ថកិច្ចតែម្តង

ខេត្តព្រះវិហារ ៖ លោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានដឹកនាំសមត្ថកិច្ចជំនាញ ចុះបង្ក្រាបការដឹក ជញ្ជូនឈើប្រណីតប្រភេទលេខ១ ខុសច្បាប់ជាក់ស្តែង បានជាង១០ម៉ែត្រគូប ស្ថិតនៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ដែលឈ្មួញទុច្ចរិតទើបដឹកចេញពីព្រៃ បម្រុងដឹកយកទៅទីផ្សារខេត្តកំពង់ធំ។

លោកវុធ សាវី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបឈើខុសច្បាប់នេះ មានការ ចូលរួមពីកងកម្លាំងប្រដាប់អាវុធស្រុកជ័យសែន រួមជាមួយជំនាញរដ្ឋបាលព្រៃឈើផងដែរ។ ជាក់ស្តែង សមត្ថកិច្ចជំនាញបានរឹបអូស វត្ថុតាង ឈើប្រភេទលេខ១ ស្រឡៅ ចំនួន១៣៤សន្លឹក ស្មើនឹងជាង១០ម៉ែត្រគូប និងគោយន្តកន្ត្រៃដឹកឈើ ចំនួន៥គ្រឿង យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមផ្លូវច្បាប់។

លោកព្រះរាជអាជ្ញារង បន្តថា ចំពោះវិធានការបន្ត ក្នុងនាមស្ថាប័នតុលាការ នឹងអនុវត្តប្រកបដោយតម្លាភាព និងមិនមានការលើកលែងចំពោះសកម្មភាពទាំងឡាយក្នុងការ ដឹកជញ្ជូន និងការកាប់បំផ្លាញព្រៃឈើជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់និងការពារធនធាន ធម្មជាតិដែលនៅសេសសល់ឱ្យនៅគង់វង្ស។

ដោយឡែក ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក៏បានបង្ហើបប្រាប់ថា បច្ចុប្បន្នឈ្មួញទុច្ចរិត ជារៀងរាល់ថ្ងៃ តែងតែដឹកជញ្ជូនឈើចេញពីព្រៃ មកគរទុក និងខ្លះទៀត បានយកមកផ្ញើទុកនៅផ្ទះអ្នកភូមិ បន្ទាប់មកពួកគេបានប្រើប្រាស់រថយន្តសាំងយ៉ុងកែច្នៃ ដឹកចេញនៅពេលយប់ មិនញញើតសមត្ថកិច្ចនោះឡើយ៕

RELATED ARTICLES