Friday, April 26, 2024
Homeព័ត៌មានជាតិចៅបង្ហោះខ្លែងលេងតាមមាត់ទន្លេ មួយសន្ទុះ តារត់មកមើល

ចៅបង្ហោះខ្លែងលេងតាមមាត់ទន្លេ មួយសន្ទុះ តារត់មកមើល

ខេត្តកណ្តាល ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ បានរត់បង្ហោះខ្លែងលេងនៅតាមមាត់ទន្លេ លុះរវល់តែមើលខ្លែងនៅខាងលើ ភ្លេចមើលក្រោម បណ្តាលឱ្យផុងជើងធ្លាក់ចូលទឹកទន្លេ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចទន្លេបាសាក់ ស្ថិតនៅក្នុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។

ក្មេងប្រុសរងគ្រោះ មានឈ្មោះហាប់ ប៊ី អាយុ១០ឆ្នាំ មុខរបរសិស្សថ្នាក់ទី៣ រៀននៅសាលាបឋមសិក្សាហ៊ុន សែន ក្បាលកោះតូច មានឪពុកឈ្មោះយុន ហាប់ អាយុ៤៣ឆ្នាំ មុខរបរលក់ដូរនៅភ្នំពេញ ម្តាយឈ្មោះជ្រាវ ម៉ុម អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ និងមានលំនៅក្នុង ភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានទៅរត់បង្ហោះខ្លែងលេងនៅមាត់ច្រាំងទន្លេ ជាមួយក្មេងៗនៅជិតផ្ទះ ដោយក្នុងនោះមានគ្នាទាំងអស់ចំនួន៤នាក់ លុះនៅពេលរត់តាមមាត់ច្រាំងទន្លេ ដោយមានបាវខ្សាច់ច្រកទប់ការពារច្រាំងទន្លេកុំឱ្យបាក់។

ពេលនោះក្មេងប្រុសរងគ្រោះ រវល់តែមើលខ្លែងនៅខាងលើ ភ្លេចមើលក្រោម ក៏ធ្វើឱ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេទាំងកំរោលតែម្តង ភ្លាមនោះក្មេងៗ៣នាក់ទៀត ដែលរត់លេងជាមួយគ្នានោះ ក៏រត់ទៅផ្ទះប្រាប់ជីតារបស់ក្មេងប្រុសរងគ្រោះថា អាប៊ី វារអិលជើង ធ្លាក់ក្នុងទឹកទន្លេហើយ ពេលនោះជីតានិងញាតិជិតខាង ក៏ទៅរកអ្នកមុជទឹករក។ លុះដល់វេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃដដែល ក៏បានរកឃើញជនរងគ្រោះនៅក្នុងទឹកទន្លេរួចក៏ស្រង់ឡើងពីរក្នុងទឹកមក និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យលើសពជនរងគ្រោះ ពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យបតាមប្រពៃណី៕

RELATED ARTICLES