Saturday, April 20, 2024
Homeព័ត៌មានជាតិជួយដោះបំណុលប្រពន្ធផង ឆ្ងាញ់ខ្លួនឯងផង... ចុងក្រោយជាប់ខ្នោះ

ជួយដោះបំណុលប្រពន្ធផង ឆ្ងាញ់ខ្លួនឯងផង… ចុងក្រោយជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនម្នាក់ ទើបចេញពីពន្ធនាគារថ្មីៗ មិនបានប៉ុន្មានផង ក៏ប្រព្រឹត្តសកម្មភាពជួញដូរថ្នាំញៀនបន្តទៀត លុះសមត្ថកិច្ចចាប់ខ្លួនបាន ក៏ឆ្លើយសារភាពថា មូលហេតុដែលរូបគេមិនរាងចាលក្នុងការលក់ថ្នាំញៀន បែបនេះ ដោយសាររូបគេប្រើប្រាស់ថ្នាំញៀនផង និងចង់រកលុយុជួយសងបំណុលប្រពន្ធផង ខណៈដែលប្រពន្ធជាប់បំណុលគេវ័ណ្ឌក។

ករណីខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្តាត រ៉ាយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរលក់ថ្នាំញៀន មានលំនៅ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម) ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទជួញដូរ និងទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗ។ ចំណែកវត្ថុតាងចាប់យកសារធាតុញៀនមេតំហ្វេតាមីន ចំនួន១កញ្ចប់ធំ ទម្ងន់៥១,៥០ក្រាម ជញ្ជីងអេឡិចត្រូនិក១គ្រឿង  ទូរស័ព្ទចំនូន ២គ្រឿង ម៉ាក meizu ១គ្រឿង និងម៉ាកណូគា ចុចពិល​១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1U-5485។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងមហាជនបានរាយការណ៍មកផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ថាមានជនសង្ស័យខាងលើ យកថ្នាំញៀនមកធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងផ្នែកជំនាញ បានសហការណ៏ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង បានចុះទៅឃ្លាំមើលឃើញជនសង្ស័យខាងលើ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀន កំពុងធ្វើសកម្មភាពនៅចំណុចកើតហេតុ ទើបកម្លាំងសមត្ថកិច្ចបានបង្ក្រាប ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននៅចំពោះមុខនេះ ពិតជាថ្នាំញៀនរបស់ខ្លួនដែលយកមកលក់ឱ្យគេ តម្លៃ៦០០ដុល្លារ ដោយទិញមកពីមេឈ្មោះផៃ ភេទប្រុស នៅម្តុំគីឡូម៉ែត្រលេខ៦ ឫស្សីកែវ។

ជនសង្ស័យ បានសារភាពបន្តថា មូលហេតុដែលរូបគេមិនព្រមរៀងចាលបែបនេះ គឺដោយសារតែញៀនថ្នាំផង ណាមួយប្រពន្ធជំពាក់បំណុលគេច្រើនផង គ្មានផ្លូវដោះស្រាយ ក៏សម្រេចលក់ថ្នាំញៀន យកលុយជួយប្រពន្ធសងបំណុលគេ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES