Thursday, April 25, 2024
Homeព័ត៌មានជាតិតាមដល់មុខហាងចិន មិនបានសម្រេច នាំគ្នាមកម្តងទៀត ជាប់ខ្នោះប៉េអឹម

តាមដល់មុខហាងចិន មិនបានសម្រេច នាំគ្នាមកម្តងទៀត ជាប់ខ្នោះប៉េអឹម

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ បន្ទាប់ពីបានធ្វើសកម្មភាពគំរាមដេញវាយយុវជនម្នាក់ឱ្យឈប់ម៉ូតូ សង្ស័យមានបំណងប្លន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង យីហោជីងជន ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មានជនសង្ស័យជាច្រើននាក់ជិះម៉ូតូជាច្រើនគ្រឿងមកពីក្រោយ ហើយបានកៀរម៉ូតូជនរងគ្រោះនិងគំរាមឱ្យឈប់ តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដើម្បីរងកន្លែងសុវត្ថិភាព។ លុះទៅដល់កន្លែងហាងមួយកន្លែង ក៏ឃើញមានមនុស្សច្រើន និងសន្តិសុខផងនោះ ជនងគ្រោះក៏ជិះចូល ចំណែកជនសង្ស័យក៏ជិះទៅមុខបាត់។

មួយសន្ទុះក្រោយមកជនសង្ស័យ ក៏ត្រឡប់មកវិញ ឃើញដូចនេះជនរងគ្រោះក៏ស្រែកឱ្យប្រជាពលរដ្ឋជួយចាប់បាន ២នាក់ដោយឡែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។

ក្រោយមកជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននិងនាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ។

ពាក់ព័ន្ធករណីខាងលើក្រុមអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះទេ តែប្រជាពលរដ្ឋសង្ស័យថា ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រើនមកហើយ ដោយក្រុមជនសង្ស័យធ្វើជាដេញវាយគ្នា ហើយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕

RELATED ARTICLES