Friday, March 29, 2024
Homeព័ត៌មានជាតិនាងដើរទៅផ្ទះវិញ មិនទៅប៉ុស្តិ៍ប៉ូលិសនោះទេ ដោយអារម្មណ៍សោកស្តាយ

នាងដើរទៅផ្ទះវិញ មិនទៅប៉ុស្តិ៍ប៉ូលិសនោះទេ ដោយអារម្មណ៍សោកស្តាយ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទើបឡើងមកពីស្រុកកំណើត កំពុងដើរទៅស្វែងរកការងារធ្វើមិនទាន់បានផង ស្រាប់តែចាញ់ល្បិចក្រុមទម្លាក់យោង ល្បួងលួងបញ្ឆោតដោយយកគ្រឿងអលង្ការពីខ្លួនអស់រលីង បានត្រឹមថ្នូរជាខ្សែកកាឡៃ កាន់ទុកយកទៅបង្ហាញម៉ែ។

 ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ កំពុងស្វែងរកការងារធ្វើស្នាក់នៅក្នុង ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ខ្សែកប្លាទីន១ខ្សែ កងដៃ២ និងចិញ្ចៀនចំនួន២វង់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះជួលដោយថ្មើរជើង ក្នុងបំណងឆ្ពោះទៅរោងចក្រ ដើម្បីធ្វើតេស្ត មានកាន់ទាំងឯកសារមួយចំនួន មិនទាន់ដល់រោងចក្រផង ក៏ជួបជាមួយស្ត្រីជនសង្ស័យសួរនាំរឿងមានគេបាត់កាបូបលុយ ទាក់ពាក្យទាក់សម្តី ល្បួងនាំជិះម៉ូតូ ដោយជនសង្ស័យគ្នា៤នាក់ (ប្រុស២ ស្រី២) ជិះម៉ូតូចេញដល់កន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ រួចឱ្យខ្សែកកាឡៃ បានសម្រេចហើយ ជនសង្ស័យគេចខ្លួនបាត់អស់។

លុះក្រុមជនសង្ស័យគេចចេញអស់ ទើបនារីរងគ្រោះភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ បានត្រឹមទឹកភ្នែកកាន់ខ្សែកកាឡៃ យកវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឡើយ៕

RELATED ARTICLES