Friday, April 19, 2024
Homeព័ត៌មានជាតិនាងតូចលេងៗ រអិលជើងមែនទែន... សំណាងយាយចុះមកជួយ ដឹកទៅកាន់មន្ទីរពេទ្យ

នាងតូចលេងៗ រអិលជើងមែនទែន… សំណាងយាយចុះមកជួយ ដឹកទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ ៖ ក្មេងស្រីវ័យ៨ឆ្នាំម្នាក់ ឆ្លៀតពេលក្រុមគ្រួសាររវល់ការងារភ្លេចខ្លួន កំពុងលេងតែម្នាក់ឯងសុខៗ ក៏បែកគំនិតទៅយកខ្សែមកចងកខ្លួនឯងលេង ជាប់នឹងបង្កាន់ដៃជណ្តើរ បែរជាជួបរឿងមែនទែន រអិលជើងធ្វើឱ្យខ្សែរឹតកប្រកាច់ត្រដរខ្យល់ស្ទើរស្លាប់ស្ទើររស់ និងត្រូវជីដូនប្រទះឃើញស្ទុះទៅជួយស្រាយចំណង ដឹកទៅកាន់គ្លីនិកមួយកន្លែង តែដោយឃើញសភាពធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យជំរុញឱ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីសង្គ្រោះជីវិត ប៉ុន្តែមិនទាន់ដឹងថា វាសនានឹងទៅជាយ៉ាងណានៅឡើយ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការផ្អើលឆោឡោឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ក្មេងរងគ្រោះដែលនៅសុខៗលេចចងកខ្លួនឯងខាងលើនេះ មានឈ្មោះអូន អាលីណា ភេទស្រី អាយុ៨ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូន នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះលេងតែម្នាក់ឯងនៅផ្ទះជាន់លើ ចំណែកជីដូនរវល់តែនៅផ្ទះជាន់ក្រោម រហូតដល់ឮសូរសំឡេងត្រដរខ្យល់ ទើបស្ត្រីជាជីដូនរត់ឡើងទៅមើល ស្រាប់តែប្រទះឃើញចៅស្រី (ក្មេងស្រីរងគ្រោះ) ចងកខ្លួនឯង ជាប់នឹងបង្កាន់ដៃជណ្តើរ ទើបឆោឡោស្រាយចំណងដឹកយកទៅគ្លីនិកសេរីវង្ស ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តែគ្រូពេទ្យពិនិត្យ និងសង្គ្រោះបឋមរួច ឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរពេក ក៏ជំរុញឱ្យក្រុមគ្រួសារទំនាក់ទំនងហៅរករថយន្តសង្គ្រោះដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជាវិញ ដើម្បីសង្គ្រោះជីវិតបន្ត ប៉ុន្តែលទ្ធផលមិនដឹងជាយ៉ាងណានៅឡើយ។

ជុំវិញករណីនេះ ត្រូវបានប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា ក្មេងស្រីរងគ្រោះ លេងតែម្នាក់ឯង សុខៗ ក៏ស្រាប់តែនឹកឃើញយកខ្សែមកចងកលេងជាប់នឹងបង្កាន់ដៃជណ្តើរ គាប់ជួនក៏រអិលជើង ធ្វើឱ្យខ្សែទាក់កមែនទែន បណ្តាលឱ្យជួបសភាពបែបនេះតែម្តង៕

RELATED ARTICLES