Thursday, April 25, 2024
Homeព័ត៌មានជាតិនៅតូចមិនដឹងអី គេហៅចេញមកក្រៅ ល្បួងដោះអស់ពីខ្លួន

នៅតូចមិនដឹងអី គេហៅចេញមកក្រៅ ល្បួងដោះអស់ពីខ្លួន

ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានដើរទៅសាលារៀនតែម្នាក់ឯង លុះរៀបនឹងចូលថ្នាក់រៀនទៅហើយ ត្រូវបានស្ត្រីចំណាស់ម្នាក់ធ្វើសកម្មភាពលួងលោមហៅឱ្យចេញពីសាលា មកខាងក្រៅ រួចបញ្ឆោតឱ្យក្មេងស្រីរងគ្រោះ ដោះកងដៃ និងខ្សែក ដាក់ក្នុងកាបូប ខ្លាចចោរលួច ទីបំផុត ស្ត្រីចំណាស់រូបនោះបានបន្លំយករបស់ទ្រព្យក្មេងស្រីរងគ្រោះ រួចគេចខ្លួនបាត់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្មេងស្រីរងគ្រោះដែលត្រូវជនសង្ស័យល្បួងដោះយកខ្សែក និងកងដៃនោះ មានឈ្មោះម៉ៅ ម៉ាលីកា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ មានលំនៅផ្ទះលេខ B16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកសម្ភារដែលបាត់បង់ រួមមាន ខ្សែក ១ខ្សែ មានតម្លៃ ២៣០ដុល្លារ និងកងដៃ ១កង មានតម្លៃ ១៧០ដុល្លារ សរុប ៤០០ដុល្លារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានចេញទៅសាលាតែម្នាក់ឯង ពេលរៀបដើរចូលទៅថ្នាក់រៀន ស្រាប់តែលេចមុខស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត ដែលមិនធ្លាប់ស្គាល់ពីមុនមក បាននិយាយលួងលោមឱ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឱ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃ ដាក់ក្នុងកាបូប ខ្លាចគេលួច បន្ទាប់មកស្ត្រីវ័យចំណាស់ និងក្មេងស្រីកំហូចជាបក្ខពួក​ បានធ្វើសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីរងគ្រោះបានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួន (ជាមនុស្សប្រុស) គេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយពេលកើតហេតុ អាណាព្យាបាលរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាមេរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ។

ជុំវិញកណីខាងលើនេះ សមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES