Friday, April 26, 2024
Homeព័ត៌មានជាតិលុយត្រឹម២ម៉ឺនរៀល យកកិត្តិយសទៅប្តូរ... ចុងក្រោយមេចាប់ឲ្យប៉ូលិស

លុយត្រឹម២ម៉ឺនរៀល យកកិត្តិយសទៅប្តូរ… ចុងក្រោយមេចាប់ឲ្យប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ដែលធ្វើជាសន្តិសុខក្រុមហ៊ុន ត្រូវមេរបស់ខ្លួនចាប់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពឃើញ និងស្គាល់ច្បាស់ថា ជននេះបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ហើយបន្តឱ្យបក្ខពួកយកទៅបាត់។

យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនៅចំណុចមុខផ្ទះលេខ២៤E0 ផ្លូវ១១៣ ក្រុមទី៣០ ភូមិ០៤ សង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុន លីហុក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវ៣០០ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរសន្តិសុខក្រុមហ៊ុន។

ប្រភពដដែលបានឱ្យដឹងដែរថា ករណីអំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីទៀបភ្លឺ ជនសង្ស័យបានដើរចេញពីហូបបាយឆានៅម្តុំមុខរោងកុនគិរីរម្យ រួចទៅកន្លែងណេត នៅផ្លូវលេខ១១៣។ ពេលមកដល់កន្លែងណេត ជនសង្ស័យក៏បានជួបឈ្មោះអាតឿ នៅមុខហាងណេត។ ភ្លាមនោះ ឈ្មោះអាតឿ បានប្រាប់ឱ្យជនសង្ស័យដើរចូលទៅលួចយកម៉ូតូ១គ្រឿង ម៉ាកស៊ុយស្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ដែលចតទុកនៅមុខផ្ទះ ដោយពុំបានចាក់សោ។

ប្រភពដដែលបន្តថា ក្រោយពេលលួចម៉ូតូបានសម្រេច ក៏បណ្តើរម៉ូតូមកដល់ម្តុំកន្លែងលក់ស៊ុប ជនសង្ស័យក៏បានប្រគល់ម៉ូតូនោះទៅឱ្យឈ្មោះតឿ ហើយអាតឿ បានឱ្យលុយមកជនសង្ស័យចំនួនពីរម៉ឺនរៀល រួចក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល ប្រធានក្រុមហ៊ុនសន្តិសុខ បានពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាពស្គាល់ជនសង្ស័យ ព្រោះជាបុគ្គលិកសន្តិសុខរបស់ខ្លួន ក៏ឃាត់ខ្លួននាំយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសាកសួរតែម្តង។

នៅពេលចាប់ខ្លួន ដកហូតបានវត្ថុតាង ទូរស័ព្ទ០១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស ចំណែកម៉ូតូ ០១គ្រឿង ម៉ាកម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ដែលគេលួចនោះត្រូវឈ្មោះតឿ យកទៅបាត់ សមត្ថកិច្ចកំពុងតាមរក។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និង កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES