Friday, April 26, 2024
Homeព័ត៌មានជាតិលោកនាយប៉ុស្តិ៍ ហួសចិត្តមន្ទីរពេទ្យសួគ៌ា មិនសង្គ្រោះនារីម្នាក់ គ្រាន់តែគ្មានសាច់ញាតិ

លោកនាយប៉ុស្តិ៍ ហួសចិត្តមន្ទីរពេទ្យសួគ៌ា មិនសង្គ្រោះនារីម្នាក់ គ្រាន់តែគ្មានសាច់ញាតិ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈររេរា និងមានអាការរវើរវាយនៅតាមផ្លូវ សង្ស័យត្រូវថ្នាំគេ ក៏ប្រញាប់រាយការណ៍ប្រាប់លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងចុះទៅដឹកបញ្ជូនទៅមន្ទីរសម្រាកព្យាបាលសួគ៌ា តែដោយសារគ្មានសាច់ញាតិ បងប្អូនមកជាមួយ ក៏ត្រូវខាងមន្ទីរពេទ្យសួគ៌ា បដិសេធមិនព្រមទទួលពិនិត្យឡើយ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មាននារីម្នាក់ឈរតាមផ្លូវ មិននិយាយស្តីអ្វី និងសង្ស័យថាត្រូវថ្នាំគេនោះ លោកបាននាំកម្លាំងចុះទៅពិនិត្យមើលនៅចំណុចកើតហេតុខាងលើ និងបានឃើញរូបនាងពិតមែន ដោយបានសួរនាំរូបនាង តែនាងមិនឆ្លើយតបអ្វីឡើយ ទើបលោកដឹកនារីម្នាក់នោះតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថានាងមានត្រូវថ្នាំគេមែនឬយ៉ាងណា។

ប៉ុន្តែរឿងគួរឱ្យហួសចិត្តបានកើតឡើង នៅពេលដឹកទៅដល់មន្ទីរសម្រាកព្យាបាលសួគ៌ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៤០ ផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលស្ថិតក្នុងមូលដ្ឋានរបស់លោកស្រាប់ ដើម្បីងាយស្រួលជួយទំនាក់ទំនងរកសាច់ញាតិបន្ត តែបែរខាងមន្ទីរសម្រាកព្យាបាលសួគ៌ា មិនព្រមទទួលព្យាបាល ដោយសំអាងថា នារីម្នាក់នោះគ្មានសាច់ញាតិបងប្អូនមកជាមួយ ទើបមិនព្រមទទួល ពិនិត្យព្យាបាលសិនឡើយ។

បន្ទាប់ពីមន្ទីរសម្រាកព្យាបាលសួគ៌ា មិនព្រមទទួលយកនារីម្នាក់នោះ កាន់តែធ្វើឱ្យលោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ មានការបារម្ភពីស្ថានភាពរបស់នាង ទើបដឹកបញ្ជូនបន្តទៅ ពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលនិងសម្ភពម្លិះដង្កោ វិញ។

លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ រួមទាំងបងប្អូនប្រជាពលរដ្ឋក៏បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងដែរ ពេលដែលត្រូវមន្ទីរសម្រាកព្យាបាលសួគ៌ា បដិសេធមិនទទួលពិនិត្យព្យាបាលនារីម្នាក់នេះ និងសំណូមពរដល់មន្ទីរពេទ្យឯកជនមួយចំនួន សូមមេត្តាកុំគិតពីផលប្រយោជន៍ខ្លួនឯងខ្លាំងពេក ត្រូវមានចិត្តសន្តោសប្រណីមេត្តាធម៌ និងឱ្យមាននូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងការជួយសង្គ្រោះអាយុជីវិត ដល់អ្នកដទៃឱ្យទាន់ពេលវេលាផង។

ជាចុងក្រោយ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ និងប្រជាពរដ្ឋសម្តែងនូវអំណរអរគុណដល់មន្ទីរពេទ្យពហុព្យាបាល និងសម្ភពម្លិះដង្កោ បានទទួលយកនារីម្នាក់នោះទៅពិនិត្យនិងព្យាបាលដោយយកចិត្តទុកដាក់ ក្នុងនាមជាគ្រូពេទ្យ ផងដែរ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាង មន្ទីរសម្រាកព្យាបាលសួគ៌ា បាននៅឡើយទេ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES