Friday, March 29, 2024
Homeព័ត៌មានជាតិលោកឪ សង្ឃល្បីសកម្មភាពការពារព្រៃឈើ សឹកភ្លាម យកប្រពន្ធក្មេងអាយុ១៩ឆ្នាំភ្លែត

លោកឪ សង្ឃល្បីសកម្មភាពការពារព្រៃឈើ សឹកភ្លាម យកប្រពន្ធក្មេងអាយុ១៩ឆ្នាំភ្លែត

ខេត្តឧត្តរមានជ័យ ៖ អតីតព្រះសង្ឃមួយអង្គ ដែលគេតែងហៅ «លោកឪ» ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលជាសកម្មជនល្បីខាងការធ្វើសកម្មភាពការពារព្រៃឈើ លោកគ្រូ បណ្ឌិត ប៊ុន សាលួត ក្រោយសឹកភ្លាម បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែតតែម្ដង ដោយបានភ្ជាប់ពាក្យផ្អើលអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ភិក្ខុលួន សាវ៉ាត សកម្មជនសិទ្ធិមនុស្ស ដែលកំពុងគង់នៅប្រទេសស្វីស បានសរសេរក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ ជុំវិញការភ្ជាប់ពាក្យរបស់លោកគ្រូបណ្ឌិត ប៊ុន សាលួត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា “អៃយ៉ា ! លោកគ្រូ ប៊ុន សាលួត សឹកភ្លាម ភ្ជាប់ពាក្យភ្លែត ការភ្លាមតែម្តង !

នេះគឺជារឿងធម្មតាទេ គឺជារឿងធម្មជាតិនៃជីវិតមនុស្សសត្វ ដែលត្រូវតែមានគូ ! សូមកុំរិះគន់អី ! សូមជូនពរជ័យអនាគតគូស្វាមីភរិយាថ្មី ជួបតែសំណាងល្អ ! សុខភាពល្អ ! សុភមង្គលបវរតរៀងទៅ ! លោកគ្រូ ប៊ុន សាលួត អតីតប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ក្រោយលាចាកសិក្ខាបទ (សឹក) ក្នុងពេលថ្មីៗនេះ ឥឡូវនេះថ្ងៃ១១ មករា ២០២១ បានប្រារព្ធពិធីភ្ជាប់ពាក្យនៅក្នុងគេហដ្ឋានខាងស្រី នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ សប្បាយត្រេកអរ ជូនពរជ័យសិរីសួស្តីជ័យមង្គល ទៅតាមប្រពៃណីខ្មែរ“។

ព្រះតេជគុណ បូរ បេត សកម្មជនការពារព្រៃឈើ ដែលមានធ្លាប់មានទំនាក់ទំនងជាមួយលោកគ្រូ ប៊ុន សាលួត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា “អបអរសាទរលោកឪ ជូនពរលោកឪ ជាមួយភរិយា ឱ្យមានសុភមង្គលក្នុងគ្រួសារថ្មី និងរកស៊ីមានបាន ត្រជាក់ត្រជំក្នុងទ្រនំថ្មី គ្រួសារថ្មី ព្រមទាំងឆាប់មានបុត្រាបុត្រី។

សូមឱ្យលោកឪ និងភរិយា រស់នៅជាចំណងស្នេហ៍អស់រយនៃឆ្នាំទៅខាងមុខ មានសេចក្ដីសុខកាយ សប្បាយចិត្ត ប្រតិព័ទ្ធរួមរឹតជាគ្រួសារដ៏ផ្អែមល្ហែម មានសេចក្ដីសុខ និងសុភមង្គលបំផុតនៅក្នុងជីវិតថ្មីនេះ។

សូមឱ្យគ្រួសារថ្មីមួយនេះ សមប្រកបតែនឹងឧត្តមពរព្រះ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ“។

សូមបញ្ជាក់ថា គូដណ្ដឹងដែលជាអនាគតភរិយារូបស្រស់សោភារបស់លោកឪ ប៊ុន សាលួត មានឈ្មោះវេង សុខៈរក្ស អាយុ១៩ឆ្នាំ រស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មានបងប្អូន៣នាក់ នៅក្នុងគ្រួសារ  មុខរបរលក់ដូរនៅក្នុងផ្សារ ជាមួយឪពុកម្ដាយនាង និងមានឪពុកជាមន្រ្តីប៉េអឹម។  

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកគ្រូអន្ទិត ប៊ុន សាលួត បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានភ្ជាប់ពាក្យរួចហើយ លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ។

អតីតសង្ឃ រូបនេះ បញ្ជាក់ថា ការដែលគូដណ្ដឹងវ័យក្មេង ព្រមភ្ជាប់ពាក្យ និងត្រៀមរៀបការជាមួយលោកដែលមានអាយុឃ្លាតឆ្ងាយពីនាងដូចជីតានិងចៅ (១៩ឆ្នាំ-៤៧ឆ្នាំ) នេះ មិនមែនដោយសារមានការបង្ខិតបង្ខំពីឪពុកម្ដាយនាងទេ គឺជាការពេញចិត្តដោយខ្លួននាងផ្ទាល់ ព្រោះលោកបានសាកសួរអស់ហើយ ក្នុងរយៈពេលខ្លីដែលបានស្គាល់គ្នា មុននឹងឈានដល់ការភ្ជាប់ពាក្យនេះ។ ជាមួយនេះ លោកក៏សូមអរគុណដល់អ្នកទាំងឡាយដែលបានជូនពរលោកនិងអនាគតប្រពន្ធក្មេងនេះ ឲ្យមានសុភមង្គលនឹងគ្នាជារៀងរហូត។

លោកប៊ុន សាលួត បានមានប្រសាសន៍ថា “បាទ! ខ្ញុំត្រេកអរណាស់ ចំពោះបងប្អូនទូទាំងប្រទេស ដែលបានជូនពរខ្ញុំ ដោយសារនេះក្នុងព្រះពុទ្ធសាសនា ហៅថា និស្ស័យ ហៅថា គូព្រេង ហើយឃើញថា ខ្ញុំមានគូស្រករ មានអី ចេះចាប់ដៃគ្នា ហើយខ្ញុំគ្មានអីទេ មានតែថ្លែងអំណរអរគុណ និងជូនពរ បួងសួងទេវតាឆ្នាំថ្មី ហើយបារមីព្រះអង្គ តាមថែរក្សានូវញាតិញោមទាំងអស់ដែលជូនពរខ្ញុំ បន្ទាប់ពីខ្ញុំបានភ្ជាប់ពាក្យ កាលពីម្សិល (១១ មករា) ហ្នឹង។ គោលបំណងខ្ញុំ ចង់រៀបការដល់ខែវស្សា ឯណោះ គឺចង់ឲ្យក្មួយៗបង្កើតរបស់ខ្ញុំ រៀបការមុនអស់សិន ប៉ុន្តែឪពុកម្ដាយគេ ក៏ឯកភាពគ្នាឲ្យខ្ញុំមុនទៅ ព្រោះមាចាស់ហើយ ឯក្មួយៗចាំក្រោយ។

ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេលគាត់ទៅណាញ៉ាំអី ក៏គាត់បា្រប់ខ្ញុំ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន ជាពិសេសជួយលក់ដូរម្ដាយគាត់»។

លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើម ខ្ញុំគិតថា គាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ។

ខ្ញុំនិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិតបង្ខំ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំត្រូវការស្អាត គាត់ក៏ត្រូវការស្អាត បើថាមានសង្សារ មានអីហើយក៏ដោយ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ ហើយបើឪពុកម្ដាយបង្ខិតបង្ខំ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ដែរ ព្រោះខ្ញុំអត់ចង់បានការបង្ខិតបង្ខំទេ តែគាត់ឆ្លើយថា គ្មានការបង្ខិតបង្ខំទេ តែអ្វីនាងពេញចិត្តខ្ញុំ ដោយសារខ្ញុំជាមនុស្សចាស់ បានបួសច្រើន មិនខ្លាចរៀបការហើយ ប្រើអំពើហិង្សា ព្រោះគាត់ឃើញប្ដីប្រពន្ធគេ នៅជិតផ្ទះ វ៉ៃតប់គ្នា ទើបគាត់ប្រើពាក្យអ៊ីចឹង ហើយខ្ញុំសូរទៀតថា បើស្រឡាញ់ខ្ញុំ តើខ្លាចគេសើច គេយំដែរ?

នាងថា ទៅខ្លាចគេសើចគេយំធ្វើអី ព្រោះមានទៅយកលុយគេឯណា សុំបាយគេស៊ីឯណា ពេលយើងបានសុខ មានគេឲ្យសុខយើងឯណា! គាត់និយាយអ៊ីចឹង ធ្វើឲ្យកាន់តែមានទំនុកចិត្ត ជឿជាក់លើគាត់ ហើយធ្វើឲ្យខ្ញុំទទួលយកគាត់បាន ហើយខ្ញុំជឿជាក់ថា គាត់មិននិយាយដោយល្បិចកលទេ ព្រោះខ្ញុំថា បើស្រឡាញ់គ្នា ស្រឡាញ់ឲ្យដល់ចប់ ចាស់កោងខ្នងរៀងខ្លួន ហើយគាត់ថា គាត់ទទួលយកបាន។

ដូច្នេះខ្ញុំអរគុណច្រើន ហើយសូមជូនពរគាត់ឲ្យសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានជាមួយនឹងខ្ញុំ ត្រជាក់ត្រជំ ហើយនិងអ្នកដែលគាំទ្រខ្ញុំ ក៏សុំឲ្យរកស៊ីមានបានទាំងអស់គ្នា សុខចម្រើនទាំងអស់គ្នា ហើយសុំកុំឲ្យបងប្អូនទាំងអស់ យល់ច្រឡំថា គាត់មានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបព្រមទទួលខ្ញុំ“។

គួរបញ្ជាក់ថា លោកប៊ុន សាលួត កើតនៅឆ្នាំ១៩៧០ (អាយុ៤៧ឆ្នាំ) មានស្រុកកំណើតនៅភូមិត្បែង ឃុំបុស្សស្បូវ ស្រុកសំរោង ខេត្តសៀមរាប (ឥឡូវទៅជាក្រុងសំរោង ខេត្តឧត្តរមានជ័យ)។ ឪពុករបស់លោក ឈ្មោះប៊ុន សំបៀន (ស្លាប់សម័យប៉ុល ពត) ម្ដាយឈ្មោះស៊ុន កប់។ លោកមានបងប្អូនបង្កើត ចំនួន ៥នាក់ (ប្រុសទាំង៥) លោកជាកូនទី៣។ លោកបានរៀនពីបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ថ្នាក់ទី៨ ក៏សុំច្បាប់គ្រូទៅបួស នៅវត្តទេពប្រណម្យ ខេត្តសៀមរាប ក្នុងឆ្នាំ១៩៩០។

បើទោះបីកំពុងបួសនៅក្នុងព្រះពុទ្ធសាសនា ក៏ដោយ ក៏លោកមិនបោះបង់ចោលការសិក្សានៅសាលាចំណេះទូទៅខាងអាណាចក្រដែរ ដោយក្រៅពីរៀនចប់ខាងពុទ្ធិកសិក្សា ប្រឡងបានបាលីរង លោកក៏បានរៀនបំពេញវិជ្ជា រហូតដល់ថ្នាក់ទី១២ និងបានប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ជាប់ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ រហូតដល់ចប់ទៀត។ បន្ទាប់មក ជាមួយនឹងកិច្ចការនៅក្នុងព្រះពុទ្ធសាសនា លោកឡើងជាចៅអធិការ ឡើងអនុគណ ព្រះបាឡាត់គណ រហូតដល់ព្រះមេគណ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ហើយបានក្លាយជាប្រធានសង្ឃសហគមន៍រុក្ខាវ័ន ការពារព្រៃឈើ បានទទួលពានរង្វាន់ពិភពលោក ផ្នែកអ្នកការពារព្រៃឈើដ៏ឆ្នើម តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១០ ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរីក Equarter Prize,New York,USA By UNDP, 2010 ទទូលបានបណ្ឌិតកិត្តិយសពីប្រទេសអង់គ្លេស ថ្នាក់ការពារបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ នៅឆ្នាំ២០១៦។

ក្រៅពីនេះ លោកបានទទួលមេដាយថ្នាក់ជាតិ ជ័យលាភីលេខ១ សហគមន៍ឆ្នើមទូទាំងប្រទេស បានអនុក្រឹត្យពីរាជរដ្ឋាភិបាល បានទទួលមេដាយការងារច្រើន ពីសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូចជា ថ្នាក់សេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ជាតូបការ ជាដើម។ ជាពិសេសចុងក្រោយ ក្នុងរយៈពេល ៣០ឆ្នាំ មុនលាចាកសិក្ខាបទ ក្រៅពីមានតំណែងជាចៅអធិការ ជាព្រះមេគណ និងរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍សង្ឃរុក្ខាវ័ន លោកក៏ជាប្រធានសហព័ន្ធសហភាពសហគមន៍ខេត្តឧត្តរមានជ័យ ផងដែរ…៕ កុលបុត្រ

RELATED ARTICLES