Friday, March 29, 2024
Homeព័ត៌មានជាតិល្បិចថ្មីរបស់ចោរ ប៉ះជនរងគ្រោះឆ្លាតជាង រត់គេចខ្លួនយកប្រាសអាយុ

ល្បិចថ្មីរបស់ចោរ ប៉ះជនរងគ្រោះឆ្លាតជាង រត់គេចខ្លួនយកប្រាសអាយុ

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូដឹកគ្នាត្រឡប់មកពីចូលរួមមង្គលការគេវិញ ស្រាប់តែដល់កន្លែងផ្លូវស្ងាត់ប្រទះឃើញដើមឫស្សី ត្រូវបានគេដាក់កាត់ទទឹងផ្លូវ ក៏ឈប់ម៉ូតូចុះរើសមែកឫស្សីចេញពីផ្លូវ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ប្រដាប់ដោយដំបង និងកាំបិត បានស្ទុះចេញមកបម្រុងកាប់ប្លន់ ធ្វើឱ្យប្តីប្រពន្ធជនរងគ្រោះភ័យស្លន់ស្លោ ដឹកដៃគ្នារត់ចោលម៉ូតូ ហើយភ្លាមនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន តែគេចមិនរួច ក៏ទុកម៉ូតូចោល រួចរត់គេចខ្លួនយកប្រាសអាយុតែម្តង។

ករណីស្ទាក់ប្លន់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១និង១០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវចូលភូមិខ្នុរការ ឃុំបារ៉ុង ស្រុកល្វាឯម។

ជនរងគ្រោះក្នុងអំពើប្លន់នេះ មានគ្នា២នាក់ប្តីប្រពន្ធ ក្នុងនោះ បុរសជាប្តីមានឈ្មោះឡាយ រុយ អាយុ៤៦ឆ្នាំ ជាជាងភ្លើង ប្រពន្ធឈ្មោះ ស្រី សុខឃឿន អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាចោរប្លន់ មានគ្នា២នាក់ (មិនស្គាល់អត្តសញ្ញាណ)។

តាមសម្តីរបស់ម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ទើបនឹងចេញពីពិធីមង្គលការមួយ នៅក្នុងភូមិជាមួយគ្នា ដោយជិះម៉ូតូ ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគី ឡែត ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5854 ដឹកគ្នាសំដៅត្រឡប់ទៅផ្ទះវិញ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចខាងលើ ដែលជាកន្លែងស្ងាត់ ពុំមានផ្ទះប្រជាពលរដ្ឋ ស្រាប់តែឃើញមានឫស្សី១ដើម ប៉ុនកដៃ ប្រវែងជាង១ម៉ែត្រ នៅកាត់ទទឹងផ្លូវ។

ពេលនោះគាត់បានឈប់ម៉ូតូ ដើម្បីរើសដើមឫស្សីនោះចេញ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ស្ទុះចេញពីចិញ្ចើមផ្លូវ សំដៅមករកគាត់ ដោយម្នាក់មានកាំបិតនៅដៃ និងលើកបម្រុងកាប់ប្រពន្ធគាត់ដែលកំពុងកាន់ដៃចង្កូតម៉ូតូ និងម្នាក់ទៀត ដេញគាត់នៅពីក្រោយ។ ដោយឃើញសកម្មភាពជនល្មើសដូច្នេះ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ មិនហ៊ានតដៃជាមួយចោរទេ និងបានប្រគល់ម៉ូតូឱ្យជនសង្ស័យតាមសម្រួលទៅ គឺសុំតែទុកជីវិតប៉ុណ្ណោះ។

ប្រភពដដែល បន្តថា នៅពេលប្លន់យកម៉ូតូបានហើយ ជនសង្ស័យទាំង២នាក់ បានជិះដឹកគ្នាគេចខ្លួន កាត់តាមភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ភ្លាមនោះដែរ គាត់បានទូរស័ព្ទទៅប្អូនឈ្មោះសុខន ដែលបើករថយន្តចេញទៅមុន ឱ្យជួយស្ទាក់ចាប់ចោរដែលប្លន់ម៉ូតូយកទៅ ទើបប្អូនប្រុសប្រទះឃើញជនសង្ស័យជិះម៉ូតូមកដល់ ក៏បើករថយន្តដេញតាមជនសង្ស័យ រហូតដល់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ក៏បើករថយន្តកៀរឱ្យចោរឈប់ ធ្វើឱ្យចោរទាំង២នាក់ ដឹងថាម្ចាស់គេតាមទាន់ហើយ ក៏ផ្តួលម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួនបាត់ទាំងកណ្តាលយប់នោះទៅ។

ក្រោយកើតហេតុ នគរបាលផ្នែកព្រហ្មទណ្ឌស្រុកល្វាឯម បានទៅដល់និងសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES