Thursday, April 25, 2024
Homeព័ត៌មានជាតិវេជ្ជបណ្ឌិតផ្កាយ១ ក្រជាងគេលើលោក អះអាងរកឃើញថ្នាំមហារីកឈាម

វេជ្ជបណ្ឌិតផ្កាយ១ ក្រជាងគេលើលោក អះអាងរកឃើញថ្នាំមហារីកឈាម

ខេត្តកំពង់ឆ្នាំង ៖ លោកសាំង គឹមយ៉ាន អតីតមន្រ្តីពេទ្យទាហាន ផ្កាយ១ (ឧត្តមសេនីយ៍ត្រី) ចូលនិវត្តន៍ ដែលបានហៅខ្លួនឯងថា ជាវេជ្ជបណ្ឌិតក្រជាងគេលើពិភពលោក ដោយសារតែជួយព្យាបាលអ្នកក្រ មិនគិតថ្លៃនោះ បានអះអាងថា គាត់បានរកឃើញថ្នាំព្យាបាលជំងឺមហារីកឈាម បានពូកែស័ក្ដិសិទ្ធិ មានប្រសិទ្ធភាពមួយរយភាគរយ។ ដូច្នេះលោកស្នើសុំទៅរាជរដ្ឋាភិបាល ជួយសង់រោងចក្រផលិតឱសថនេះ ដើម្បីនាំយកទៅលកនៅបរទេស ព្រោះនៅលើពិភពលោក មិនទាន់មានប្រទេសណាអាចព្យាបាលជំងឺមហារីកឈាម នេះជាសះស្បើយទេ។

លោកសាំង គឺមយ៉ាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ថា ថ្នាំព្យាបាលជំងឺមហារីកឈាម ដែលលោករកឃើញនោះ គឺជាប្រភេទរុក្ខជាតិម្យ៉ាង ដុះនៅតាមតំបន់ភ្នំ ក្នុងប្រទេសកម្ពុជា ដែលពុំមានអ្នកណាស្គាល់ឈ្មោះទេ សូម្បីតែលោក ក៏មិនស្គាល់ដែរ ប៉ុន្តែគ្រាប់របស់វា អាចយកមកបណ្ដុះពូជបាន។ ដូច្នេះហើយ ទើបលោកគិតថា បើរាជរដ្ឋាភិបាល មានលទ្ធភាពអាចយករុក្ខជាតិនេះ មកដាំ រួចបង្កើតរោងចក្រផលិតវត្ថុធាតុដើម និងឱសថនេះតែម្ដង ហើយនាំយកទៅលក់នៅក្រៅប្រទេស នឹងបានចំណូលជាតិមិនខាន និងអាចជួយសង្រ្គោះជនរួមជាតិកម្ពុជា និងប្រជាជនលើពិភពលោក ឲ្យរួចផុតពីជំងឺកាចសាហាវនេះផងដែរ។

លោកសាំង គឹមយ៉ាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំរកឃើញយូរមកហើយ គឺតាំងពីឆ្នាំ២០១៣ មកម៉្លេះ តែពេលនោះ ខ្ញុំអត់ទាន់បានសាកល្បងលើអ្នកជំងឺ។ ទើបតែមកសាកល្បងនៅឆ្នាំ២០១៤ ហើយក៏ឃើញអ្នកជំងឺ ជាជាបន្តបន្ទាប់ គឺច្រើនណាស់ ប្រហែលរាប់រយនាក់ទៅហើយ ។ ជំងឺនេះ ជាប្រភេទមេរោគ អ៊ីចឹងយើងត្រូវរកថ្នាំសម្លាប់មេរោគហ្នឹងឲ្យបានសិន ព្រោះពិភពលោកនេះ គេរកមិនឃើញ ក្រុមស្រាវជ្រាវ ទាំងបារាំង ទាំងអាមេរិក គេរកអត់ឃើញទេ ក៏ប៉ុន្តែខ្ញុំរកឃើញយូរហើយ ហើយឥឡូវនេះ អ្នកជំងឺបានទូរស័ព្ទមករកខ្ញុំសឹងរាល់ថ្ងៃ ក្រោយល្បីថា ជាសះស្បើយនោះ។

គិតទៅក្នុងការស្រាវជ្រាវនេះ ខ្ញុំប្រើពេលយូរ តាំងពីនៅក្មេងមក រហូតបានរកឃើញដើមរុក្ខជាតិមួយ ដែលអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្លាប់មេរោគហ្នឹង ខ្ញុំក៏យកដើមរុក្ខជាតិហ្នឹង មកព្យាបាលជាមួយអ្នកជំងឺ ជាបន្តបន្ទាប់មក។ ដើមរុក្ខជាតិនេះ ខ្ញុំក៏អត់ស្គាល់ថា ឈ្មោះអីដែរ ព្រោះសួរអ្នកស្រុកនៅម្ដុំដែលមានដើមរុក្ខជាតិហ្នឹង គេអត់ដឹងថា មានឈ្មោះអីដែរ ព្រោះវាដុះឯង អត់មានអ្នកណាដាំ គឺច្រើនដុះនៅតាមដងភ្នំ។ ដូច្នេះក្នុងព្យាបាលរបស់ខ្ញុំ គឺពឹងផ្អែកលើរុក្ខជាតិតែមួយមុខហ្នឹង ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ ១០០% ក្នុងធ្វើឲ្យជីវិតមនុស្សរស់តែម្ដង។

រុក្ខជាតិហ្នឹង ខ្វះខាត ព្រោះបើចង់ផលិតវត្ថុធាតុដើមហ្នឹង ឲ្យបានច្រើន ទាល់តែរដ្ឋាភិបាលហ្នឹង ជួយជ្រោមជ្រែងផង គឺត្រូវបង្កើតជារោងចក្រ បង្កើតចម្ការ ដាំរុក្ខជាតិ ហើយខ្ញុំអ្នករកពូជឲ្យ គឺរុក្ខជាតិហ្នឹងមានពូជ ខ្ញុំពិសោធន៍មើលអស់ហើយ អាចដាំរស់បាន។ អ៊ីចឹងយើងអាចផលិតវត្ថុធាតុដើមហ្នឹង នាំចេញទៅក្រៅប្រទេសបានហើយ កាលណាយើងដាំបានផល។ វាជាដើមប្រភេទធំ ហើយពេលបានផលហើយហ្នឹង បានផលរហូតរាប់រយឆ្នាំទៅ គឺយកផ្លែវា មកបណ្ដុះជាពូជទៅ យើងដាំបាន ហ្នឹងបើសិនជារដ្ឋាភិបាលជួយជ្រោមជ្រែង អាចបង្កើតវត្ថុធាតុដើមហ្នឹង រដ្ឋាភិបាល ក៏ចំណេញសេដ្ឋកិច្ចជូនជាតិដែរ។ ដូច្នេះចង់ឲ្យជួយថា ធ្វើម៉េចផលិតវត្ថុធាតុដើមហ្នឹងឲ្យបានច្រើន ហើយនាំចេញទៅលក់នៅក្រៅប្រទេសទៅ ហើយជាថវិការបស់ជាតិ តែម្ដង“។

លោកសាំង គឹមយ៉ាន បន្តថា “ចំពោះផ្សេងទៀត ខ្ញុំមិនទាន់បានពិសោធន៍ថា តើវាអាចជា ទៅលើជំងឺអីខ្លះទេ តែឃើញគេជាខ្លាំង គឺសម្លាប់មេរោគហ្នឹងតែម្ដង មេរោគមហារីកឈាម ហើយអ្នកដែលមករកខ្ញុំព្យាបាលនោះ ខ្ញុំអាណិតពួកគាត់ណាស់ ព្រោះគាត់ត្រូវអស់ជីវិត ហើយគាត់ក្រទៀត គាត់គ្មានលុយទៀត បើទៅពេទ្យហ្នឹង គាត់រកលុយតែបង់ថ្លៃបន្ទប់ហ្នឹង រកមិនបានផង កុំថាឡើយថ្លៃថ្នាំពេទ្យ។ អ៊ីចឹងខ្ញុំត្រូវតែជួយជីវិតពួកគាត់ហើយ សន្សំពីអ្នកមានប្រាក់អីខ្លះហ្នឹង យកមកទប់អ្នកដែលមានជំងឺហ្នឹងដែរ គាត់ក៏ចង់រស់ដែរ អ៊ីចឹងត្រូវតែជួយគាត់ហើយ។

បានន័យថា អ្នកដែលមានជំងឺហ្នឹង ឲ្យតែបានមកជួបខ្ញុំ គឺពួកគាត់ដឹងតែជាហើយ តាមរយៈរុក្ខជាតិហ្នឹង ប្រើសម្លាប់មេរោគ ប៉ុន្តែរយៈពេលជាហ្នឹង ខុសគ្នាត្រង់ថា អាហ្នឹងជាប្រភេទមេរោគ ហើយធម្មតាមេវោគ វាមានកូនមានចៅ វាកើតកូនកើតចៅច្រើនទៅ អ៊ីចឹងក្នុងសម្លាប់មេរោគហ្នឹង វាប្រើពេលវេលាសម្លាប់មេរោគហ្នឹងច្រើនឬតិច បើមេរោគហ្នឹង វាតិច ឆាប់ជា តែបើមេរោគហ្នឹងច្រើន វាក្រជា អាហ្នឹងតាមទៅការពិនិត្យឈាមមើល។ ដូច្នេះខ្ញុំគ្មានសំណូមពរអីទេ ក្រៅពីឲ្យក្រសួងសុខាភិបាល សហការជាមួយខ្ញុំ ដើម្បីផលិតវត្ថុធាតុដើមហ្នឹង នាំចេញទៅក្រៅប្រទេសទៅ វាចំណេញទាំងមុខមាត់ប្រទេសជាតិផង ហើយវាចំណេញទាំងថវិកាចូលជាតិផង។ សូម្បីតែអាមេរិក បារាំង ក៏គេទិញយើងដែរ ព្រោះគេរកអត់ឃើញ“។

ទោះបីយ៉ាងណា ជុំវិញការអះអាងរបស់វេជ្ជបណ្ឌិត សាំ គឹមយ៉ាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ និងការបញ្ជាក់ពីលោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានទេ កាលពីម្សិលមិញ។

ប៉ុន្តែលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរ បានចុះទៅពិនិត្យដល់ទីតាំងលោកគ្រូពេទ្យយោធា ខាងលើនេះម្តងហើយ គឺគាត់គ្មានឯកសារ ឬសញ្ញាបត្រគ្រូពេទ្យអីនោះទេ ហេតុនេះហើយ ខាងមន្ទីរ បានបិទកន្លែងព្យាបាលរបស់គាត់ តាំងពីអំឡុងឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ននេះគាត់នៅតែបន្តលួចព្យាបាល ហើយថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកបែបនេះទៀត ដែលមិនគួរមានឡើយ។

លោកសាំង គឹមយ៉ាន បានទទួលស្គាល់ថា កន្លងមក មន្ទីរសុខាភិបាល ពិតជាបានមករុះរើកន្លែងរបស់លោក ដោយសារតែលោកមិនបានសុំច្បាប់ និងមានគ្មានលិខិតថ្កោលទោស ប៉ុន្តែចាប់ពីនេះទៅ លោកកំពុងរៀបចំធ្វើឲ្យស្របច្បាប់ហើយ។

លោកសាំង គឺមយ៉ាន បានបញ្ជាក់ថា “បាទ! កាលពីមុន ខ្ញុំបើកបន្ទប់ព្យាបាលនៅឯភ្នំពេញ មានបទពិសោធន៍មើលអ្នកជំងឺច្រើនហើយជា ពីភ្នំពេញ មកខ្លះហើយ បានខ្ញុំមកនៅកំពង់ឆ្នាំង។ ខ្ញុំមានលិខិតអនុញ្ញាតពីភ្នំពេញ មក អត់ទាន់មានលិខិតអនុញ្ញាតខាងខេត្ត ។ ពីភ្នំពេញ ស្រួលធ្វើទេ ព្រោះគេអត់រកលិខិតថ្កោលទោស ដូចនៅនេះទេ គឺនៅនេះ គេរកលិខិតថ្កោលទោស។

ដល់អ៊ីចឹង ខ្ញុំពិបាកក្នុងការរត់ទៅរកផ្លូវច្បាប់ច្រើន តែដល់និយាយបា្រប់គេទៅ ថាខ្ញុំជាមន្រ្តីរាជការដែរ ខ្ញុំថ្នាក់ឧត្តមសេនីយ៍ត្រី គេថា មិនបាច់ទៅធ្វើលិខិតថ្កោលទោសទេ អ៊ីចឹងធូរបន្តិច។ ឥឡូវកំពុងតែរៀបចំឯកសារ ដើម្បីបើកសាជាថ្មីវិញ បន្ទាប់ពីគេចុះមកឆែកឆេរឯកសាររបស់ខ្ញុំ ថាមានអីខ្លះ បានជាខ្ញុំល្បីល្បាញផ្អើល? បានន័យថា កាលពីមុន ស្របច្បាប់ តែពេលមកទីនេះ លោករដ្ឋមន្រ្តី បានឲ្យមេឃុំ មកប្រាប់ខ្ញុំ ឲ្យទម្លាក់ស្លាកទាំងកណ្ដាលថ្ងៃត្រង់ ហើយខ្ញុំអត់ដឹងថា មូលហេតុអីដែរ ព្រោះខ្ញុំអត់មានកំហុសអីផង ហើយច្បាប់ខ្ញុំ ក៏មិនទាន់ផុតសុពលភាព“។

លោកសាំង គឹមយ៉ាន ក៏បានរៀបរាប់រំលឹកពីប្រវត្តិរបស់លោកដែរថា ឆ្នាំនេះ លោកមានអាយុ ៧៤ឆ្នាំហើយ និងមានកូន៥នាក់។ លោកមានស្រុកកំណើត នៅភូមិតាងួន ឃុំកាកាប ស្រុកដង្កោ ខេត្តកណ្ដាល។ កាលពីក្មេង លោករៀននៅបឋមសិក្សាពោធិ៍ចិនតុង លុះចប់បឋមសិក្សា លោកបានទៅរៀននៅវិទ្យាល័យឥន្រ្ទទេវី និងបានប្រឡងចូលរៀនផ្នែកអាកាសចរណ៍ស៊ីវិល ចំនួន៣ឆ្នាំ ក្រោយចប់បាក់អង ក្នុងចំណោមសិស្សតែ ៤០នាក់។ បន្ទាប់ពីរៀនចប់ផ្នែកអាកាសចរណ៍ស៊ីវិល ៣ឆ្នាំ សញ្ញាបត្ររបស់លោក ក៏ឡើងស្មើបាក់ឌុប តែលោកអត់បានចេញធ្វើការទេ ព្រោះពេលនោះសម័យ លន់ នល់ មកដល់ គេឲ្យបម្រើកងទ័ព ១៨ខែសិន។

ក្នុងពេលចូលរៀន បម្រើកងទ័ព១៨ខែ លោកឆ្លៀតឱកាសសុំគេចូលរៀនជាគ្រូពេទ្យតែម្ដង ដោយរៀនបណ្ដើរ លោកបានអនុវត្តជាក់ស្ដែងបណ្ដើរ នៅមន្ទីរពេទ្យយោធា ព្រះមុនីវង្ស ភ្នំពេញ។ ពេលរបបខ្មែរក្រហម ចូលមកដល់ លោកក៏រៀបចំឲ្យកូនចៅធ្វើម៉េចរំដោះខ្លួនរៀងៗខ្លួន តែចែកថ្នាំឲ្យអ្នកជំងឺហ្នឹងគ្រប់គ្រែសិន ដែលសុទ្ធតែជាអ្នកជំងឺរបួសដោយសារសង្រ្គាម ទើបរត់ផ្លោះរបងចេញ ហើយគេក៏បានជម្លៀសលោក ទៅនៅខេត្តបាត់ដំបង។ នៅទីនោះ លោកលាក់ប្រវត្តិ មិនឲ្យគេដឹងទេ ព្រោះបើមិនលាក់ប្រវត្តិ លោកប្រហែលមិនបានរស់មកដល់សព្វថ្ងៃនេះទេ គឺនៅពេលនោះ ពេលគេសួរ លោកថា ជាអ្នករត់រ៉ឺម៉កម៉ូតូ ដោយមិនបា្រប់ថា លោកធ្វើការនៅមន្ទីរពេទ្យ ក្នុងនាមជាគ្រូពេទ្យឡើយ។

លោកសាំង គឹមយ៉ាន បានរំលឹកប្រវត្តិរបស់លោកបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកបានចូលធ្វើជាមន្រ្តីយោធាដែរ ហើយបានទៅរៀនសង្រ្គាមនយោបាយ នៅស្ថានទូតចិន ដែលអ្នកសិក្សាសង្រ្គាមនយោបាយ ជាមួយលោក សុទ្ធតែកម្មាភិបាលធំៗ ដើម្បីចេញមកធ្វើជាគ្រូ ទៅបង្ហាត់ទាហានដទៃទៀត តែលោកមិនបានទៅបង្ហាត់ទាហានច្រើនទេ គឺគេឲ្យទៅប្រចាំសាលាភ័ស្តុភារមជ្ឈិម នៅទួលគោក (នៅក្នុងវិទ្យាល័យឥន្រ្ទទេវី) ក្នុងឋានៈជាប្រធានមន្ទីរនយោបាយ។

ពេលនោះ មានជំនាញការវៀតណាម បានហៅពួកលោក ទៅពិភាក្សាញឹកញាប់ ដោយឲ្យធ្វើអ្វីតាមតែគេប្រាប់ ដូច្នេះលោកក៏ធ្វើតាមជំនាញការវៀតណាម ប្រាប់នោះ។ ប៉ុន្តែថ្ងៃមួយ បុគ្គលិករបស់លោកម្នាក់ ត្រូវគេចាប់យកទៅបាត់ មិនដឹងមូលហេតុ ធ្វើឲ្យលោកមានអារម្មណ៍មិនសប្បាយចិត្ត មិនដឹងជាថ្ងៃណាដល់វេនលោក ត្រូវគេចាប់ដែរ ក៏សម្រេចចិត្តនាំប្រពន្ធ ទៅរស់នៅជំរំជាយដែន ក្នុងបំណងចង់ទៅរស់នៅប្រទេសទី៣ ប៉ុន្តែដោយនឹកអាណិតប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលមានជំងឺ និងណាមួយមានម្ដាយ ព្រមទាំងបងស្រី ២នាក់ នៅរស់ក្នុងស្រុកខ្មែរ ផង លោកក៏បានទៅទាក់ទងលោកវ៉ាំងសង់ ជនជាតិបារាំង អ្នកដឹកនាំអង្គការមនុស្សធម៌ កាកបាទក្រហម ដើម្បីសុំធ្វើការនៅក្នុងជំរំនោះ ដោយមិនភ្លេចប្រាប់គាត់ថា លោកមានជំនាញនិងបទពិសោធន៍ខាងពេទ្យ។

ជាការឆ្លើយតប លោកវ៉ាំងសង់ ក៏បានឲ្យលោកមើលការខុសត្រូវនៅមន្ទីរពេទ្យអាល្លឺម៉ង់ នៅជំរំរិទ្ធីសែន។ បន្ទាប់មក ដោយមានការគំរាមកំហែង លោកក៏សម្រេចចិត្តឈប់ធ្វើការនៅក្នុងមន្ទីរពេទ្យអាល្លឺម៉ង់ ដែលមានគ្រូពេទ្យចម្រុះជាតិសាសន៍នោះ មកចូលធ្វើជានាយទាហានសកម្ម ក្នុងជំរំនោះ ហើយត្រូវគេបញ្ជូនទៅរៀននៅប្រទេសម៉ាឡេស៊ី ចំនួន ២ដង  និងទៅរៀននៅប្រទេសថៃ ១ដង មុននឹងឲ្យលោកកាន់ជានាយការិយាល័យទី១ (ក១) គ្រប់គ្រងវិន័យយោធា ធ្វើឲ្យលោកមានអំណាចច្រើនជាងគេ បន្ទាប់ពីលោកដៀន ដែល និងលោកសាក់ ស៊ុតសាខន។

បន្ទាប់មកទៀត ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែរៀបចំដោយអ៊ុនតាក់ លោកបានធ្វើមាតុភូមិនិវត្តន៍ ហើយត្រូវបានគែងតាំងជានាយករងខុទ្ទកាល័យសហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ក្រោយបំពេញតូនាទីការងារនេះ អស់ជាច្រើនឆ្នាំ លោកក៏បានឡើងឋានន្តរស័ក្ដិ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងបានចូលនិវត្តន៍ នៅឆ្នាំ២០១៩៕ កុលបុត្រ

RELATED ARTICLES