Thursday, April 18, 2024
Homeព័ត៌មានជាតិសហការគ្នារកស៊ី សមត្ថកិច្ចចាប់បាន ប្រុសឆ្លើយថា​ ស៊ីឈ្នួលស្រីប៉ុណ្ណោះ

សហការគ្នារកស៊ី សមត្ថកិច្ចចាប់បាន ប្រុសឆ្លើយថា​ ស៊ីឈ្នួលស្រីប៉ុណ្ណោះ

ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រី២នាក់ ដែលជាប់ពាក់ព័ន្ធករណីនាំចេញពលករខ្មែរចំនួន៣៦នាក់ចេញទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៉ាត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។ និងទី២-ឈ្មោះប៉ែន សាម៉ន ហៅម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងបានរាយការណ៍អោយដឹងថា ក្រោយពីទទួលបានជនសង្ស័យពីនគរបាល ការពារព្រំដែនគោកលេខ៨១៩ រួចមកនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការសាកសួរលើឈ្មោះប៉ាត ម៉ៅ និងទទួលបានចម្លើយសារភាពថា កាលពីវេលាមោ់ង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានស្ត្រីឈ្មោះប៉ែន សាម៉ន ហៅម៉ៅ បានខលទូរស័ព្ទមកខ្លួន ដោយប្រាប់ថា ចាំជួយជូនពលករខ្មែរចេញទៅប្រទេសថៃផង តែមិនបានប្រាប់ចំនួននោះទេ ដោយឲ្យថ្លៃឈ្នួលក្នុងម្នាក់ ១ម៉ឺនរៀល  និយាយរួចខ្លួនដើរទៅចាំនៅចំណុចច្រក ស៊ុន សេន ស្ពានបីភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង រហូតដល់ម៉ោង១០ និង៣០នាទីយប់ថ្ងៃដដែល ក៏ឃើញរថយន្តចំនួន២គ្រឿង មិនចាំម៉ាក បើកមកដល់ហើយដាក់ពលករចុះមានប្រុសមានស្រី តែខ្លួនមិនបានរាប់ចំនួនទេ រួចក៏នាំពលករដើរចូល ទៅទឹកដីថៃ រហូតដល់ម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទាហ៊ានថៃចាប់ឃាត់ ពួកខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចកម្ពុជាតែម្តង។

ជនសង្ស័យឈ្មោះប៉ាត ម៉ៅ បានបន្តសារភាពថា ខ្លួនពិតជាបានស៊ីឈ្នួលពីឈ្មោះប៉ែន សាម៉ន ហៅម៉ៅ ដោយបាននាំពលករខ្មែរ លួចឆ្លងដែនចេញទៅប្រទេសថៃ ដោយខុសច្បាប់ពិតប្រាកដមែន។

ចំណែកជនង្ស័យឈ្មោះប៉ែន សាម៉ន ហៅម៉ៅ បានឆ្លើយថា ខ្លួនមិនដែលបានស្គាល់ឈ្មោះប៉ាត ម៉ៅ ឬក៏ជួលឱ្យនាំពលករខ្មែរ ចេញទៅប្រទេសថៃនោះទេ ចំណែកឯលេខទូរស័ព្ទដែលខលទៅគឺជាលេខរបស់ខ្លួន បានដាក់បំរើទូរស័ព្ទសាធារណៈប៉ុណ្ណោះ។

ករណីនេះ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ តាមបញ្ជារបស់លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធីបន្ត។

ចំណែកឯពលករទាំង៣៦នាក់នោះត្រូវនគរបាលការពារព្រំគោកលេខ៨១៩ ធ្វើការអប់រំ រួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

RELATED ARTICLES