Friday, March 29, 2024
Homeព័ត៌មានជាតិស្តាយអនាគត... គេមិនដឹងរួចខ្លួនទៅ ពេលគេដឹង គេហៅសមត្ថកិច្ចចាប់ទាំង២

ស្តាយអនាគត… គេមិនដឹងរួចខ្លួនទៅ ពេលគេដឹង គេហៅសមត្ថកិច្ចចាប់ទាំង២

ភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកផ្នែកគណនេយ្យ ចំនួន២នាក់ បានប្រើល្បិចកិបកេងបន្លំលួច លុយរបស់ក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការងារ អស់ប្រមាណជាង១២ម៉ឺនដុល្លារ លុះក្រុមហ៊ុនស្រាវជ្រាវដឹង ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបុគ្គលិកស្រីទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនបុគ្គលិកស្រីផ្នែកគណនេយ្យ ដែលស៊ីដាច់លុយក្នុងធនាគារ របស់ក្រុមហ៊ុនរហូតដល់ ១២ម៉ឺនដុល្លារខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនអាល់ហ្វា ប្រូផឺធី ខន់ស្ត្រាក់សិន ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ថា ស្ត្រីជាជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១- ឈ្មោះចាន់ វុធសីហា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក (លួចលុយក្រុមហ៊ុនចំនួន ១០,៥ម៉ឺនដុល្លារ) និងទី២- ឈ្មោះវង្ស សៀកឡេង អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ 184Z ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក (បានលួចលុយក្រុមហ៊ុន ចំនួន ១,៧ម៉ឺនដុល្លារ)។

ប្រភពដដែល បន្តថា កាលពីអំឡុងឆ្នាំ២០១៦ ជនសង្ស័យទាំងពីរនាក់ បានចូលបម្រើការងារផ្នែកគណនេយ្យ នៅក្នុងក្រុមហ៊ុនអាល់ហ្វា ប្រូផឺធី ខន់ស្ត្រាក់សិន។ ជនសង្ស័យទាំង២នាក់ បានបម្រើការងារដល់ឆ្នាំ២០១៧ ក៏បានលួចដកលុយរបស់ក្រុមហ៊ុន ដែលបានយកទៅដាក់ក្នុង ធនាគារជាបន្តបន្ទា ប់រហូតដល់ឆ្នាំ២០២០។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន បានស្រាវជ្រាវដឹងថា បានបាត់លុយក្នុងគណនីធនាគារ ទើបហៅជនសង្ស័យទាំង២នាក់ មកសាកសួរ។

ទីបំផុត ស្ត្រីជាបុគ្គលិកទាំង២នាក់ ក៏បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចដកលុយរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ប្រាកដមែន ដោយម្នាក់បានលួចយករហូតដល់ទៅ ១០,៥ម៉ឺនដុល្លារ ចំណែកម្នាក់ទៀត បានលួចអស់ ១,៧ម៉ឺនដុល្លារ ទើបខាងក្រុមហ៊ុនបានប្តឹងសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកង រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES