Thursday, March 28, 2024
Homeព័ត៌មានជាតិស្ត្រីជាម្តាយគិតថា កូននៅលេងផ្ទះអ៊ំ... ម៉ោង៥ល្ងាច ទើបផ្អើលឆោឡោ

ស្ត្រីជាម្តាយគិតថា កូននៅលេងផ្ទះអ៊ំ… ម៉ោង៥ល្ងាច ទើបផ្អើលឆោឡោ

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ បានសុំម្តាយរបស់ខ្លួនចេញទៅលេងផ្ទះអ៊ំរបស់ខ្លួន ដែលនៅក្នុងភូមិជាមួយគ្នា លុះក្រោយមកក៏នាំគ្នាចុះលេងទឹកជាមួយនឹងក្មេងប្រុសម្នាក់ទៀត ស្រាប់តែលង់ទឹក បណ្តាលឱ្យស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់នោះ ទី១- ឈ្មោះនីម វណ្ណៈ ភេទប្រុស អាយុ៨ឆ្នាំ  និងទី២- ឈ្មោះឆាវី ឆវ័ន្ត ភេទប្រុស អាយុ៧ឆ្នាំ។ ក្មេងប្រុសរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតខាងលើជាមួយគ្នា។

តាមការរៀបរាប់ពីឈ្មោះមុត សមុត្រ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះឈ្មោះនីម វណ្ណៈ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់តែងតែយកកូនរបស់គាត់ (នីម វណ្ណៈ) ទៅធ្វើការជាមួយ។ លុះមកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ គាត់យកកូនទៅជាមួយ ដូចសព្វមួយដង តែដល់ម៉ោងប្រហែល៨និង៣០នាទីព្រឹក ថ្ងៃដដែល ក្មេងប្រុសរងគ្រោះឈ្មោះ ឆាវី ឆវ័ន្ត បានមកបបួលកូនគាត់ថា ទៅលេងផ្ទះអ៊ំ ឈ្មោះមុត ខេត ហើយពួកគេក៏ទៅជាមួយគ្នា ចំណែកគាត់មិនបានតាមមើលកូនទេ។

រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ដល់ម៉ោងហូបបាយ គាត់ក៏មិនបានសួររកកូនដែរ ដោយគិតថា កូននៅផ្ទះអ៊ំរបស់គេ។ លុះដល់ម៉ោង៤រសៀល ចេញពីធ្វើការ គាត់ក៏តាមរកកូនគ្រប់ទីកន្លែង តែរកពុំឃើញសោះ បន្ទាប់មកនៅម៉ោងប្រហែល៥និង៣០នាទី ល្ងាចថ្ងៃដដែល ទើបរកឃើញកូនទាំង២នាក់ នៅក្នុងទឹកស្រះក្បែផ្លូវលំចម្ងាយពីផ្ទះ ប្រហែល ២០០ម៉ែត្រ និងបានស្លាប់បាត់អស់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញប៉ុស្តិ៍ អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពក្មេងប្រុសរងគ្រោះទាំងពីរនាក់ មានពោះធំ និងមានទឹកនៅក្នុងពោះ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ ករណីឃាតកម្មឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕​ អ៊ុង សំអាត

RELATED ARTICLES