Thursday, April 25, 2024
Homeព័ត៌មានជាតិអន្ទិតឡុង ចន្ថា សឹករួចកម្សត់ខ្លួន អាចបួសវិញមុនចូលឆ្នាំខ្មែរ

អន្ទិតឡុង ចន្ថា សឹករួចកម្សត់ខ្លួន អាចបួសវិញមុនចូលឆ្នាំខ្មែរ

ខេត្តតាកែវ ៖ ក្រោយពេលបង្ខំចិត្តសឹករួចអស់រយៈពេល៣ខែមក អន្ទិតឡុង ចន្ថា អតីតភិក្ខុសង្ឃគង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលជាអតីតធម្មកថិកល្បី មានរឿងអាស្រូវទាក់ទងនឹងមនុស្សស្រីនោះ បានចេញមុខត្អូញប្រាប់ថា កម្សត់ខ្លួនណាស់ គ្មានមុខរបរអ្វី មានតែរកស៊ីរត់តាក់ស៊ី តាកែវ-កំពងធំ ប៉ុន្តែនឹងចូលបួសវិញឆាប់ខាងមុខនេះ អាចនៅមុនឬក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ 

អន្ទិតឡុង ចន្ថា បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បង្ហាញថា ខ្លួនកំពុងរត់ឡានឈ្នួល ដឹកម៉ូយម្នាក់ ទៅចូលរួមមង្គលការគេនៅខេត្តកំពង់ធំ។

អន្ទិត ឡុង ចន្ថា ឡាយវីដេអូរៀបរាប់ជីវិត ក្រោយពេលបួស

អន្ទិតឡុង ចន្ថា បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់នោះថា “… សឹកហើយ នៅតែផ្ទះ ម៉ែ នៅឯស្រុក មិនដឹងធ្វើអី បើមិនចេះធ្វើអីផង នៅតែផ្ទះ ជិះម៉ូតូលិចកើតៗ ជិះម៉ូតូធុញ ជិះឡាន ជិះឡានធុញ ជិះម៉ូតូ ចេះតែដើរទៅ ធ្វើម៉េចបើយើងមិនដឹងទៅណាទៅណី ទំនេរៗចាក់សាំង ៥លីត្រ ទៅទិញលៀសហាល ២កំប៉ុង នៅតាកែវ អ៊ីចឹងទៅ ហើយទៅផ្ទះ ទៅអីវិញអ៊ីចឹងទៅ ខ្សត់ចង់ងាប់ មិនដឹងរកអី ធ្វើអី អាលុយក៏គ្មាន និយាយទៅ គ្មានអ្វីទាំងអស់កម្សត់ណាស់…”។

អន្ទិតឡុង ចន្ថា បន្តថា “ពេលគេបួស ទេសនាឲ្យស្តាប់ហើយ ជេរគេ ដល់គ្មានអ្នកនិយាយឲ្យសើចសប្បាយចិត្ត តាំងអីណាឲ្យគេបួសវិញ ផ្គាប់ចិត្តមិនត្រូវមែនមនុស្ស! ពេលបួសទេសនាសុខៗ ល្បីល្បាញរន្ទឺទៅ គេថាឯងបួសសន្សំលុយ អ្ហើយ! មាត់មនុស្សផ្គាប់ចិត្តមិនត្រូវ ខ្ញុំព្រះករុណាខ្ញុំបាទ មិនដែលខ្វល់ពីសម្តីមនុស្សទេទានម្ចាស់ សំខាន់រត់ឈ្នួលពីតាកែវ-កំពង់ធំ តែ ១២០០០រៀល-១៣០០០រៀល ឬពីកំពង់ធំ-តាកែវ ១១០០០រៀល ក៏ទៅ ហើយហ្វ្រីលៀសហាលទៀត“។

ជាមួយនេះ អន្ទិតឡុង ចន្ថា ក៏បានបង្ហើបឲ្យដឹងពីគម្រោងបួសវិញថា មិនបាច់បារម្ភទេ បន្តិចទៀត លោកនឹងបួសវិញហើយ អាចមុនចូលឆ្នាំ និងក្រោយចូលឆ្នាំ ឬបើមិនអ៊ីចឹងទេ អាច ៥ឆ្នាំទៀត តែឥឡូវដើរលេងឲ្យឆ្អែតសិន…។

ទោះបីយ៉ាងណា អន្ទិតឡុង ចន្ថា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា ការដែលលោកថា កម្សត់ខ្លួនរហូតដល់រត់តាក់ស៊ី ក្រោយពេលសឹកហើយនោះ លោកគ្រាន់តែនិយាយលេងសើចជាមួយអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប៉ុណ្ណោះ។ ប៉ុន្តែចំពោះការចង់បួសវិញ អាចនឹងកើតមាននៅមុនចូលឆ្នាំខ្មែរ នៅក្រោយចូលឆ្នាំខ្មែរ ឬនៅពេលចូលវស្សា ព្រោះលោកនៅស្រឡាញ់ភេទជាបព្វជិត ជាងភេទឃរាវាស។

អន្ទិតឡុង ចន្ថា បានមានប្រសាសន៍ថា “អត់មានការលំបាកអីទេ ខ្ញុំចេះតែនិយាយទៅ គ្រាន់តែថា អ្នកដែល Call មកក្ដី អ្នកដែលឆាតមកខ្ញុំក្ដី ភាគច្រើន ៩៥% គឺគេចង់ឲ្យខ្ញុំបួសវិញ ទាំងក្នុងនិងក្រៅប្រទេស ហើយអាលេខដែលគេស្គាល់ខ្ញុំច្រើន ភាគច្រើនខ្ញុំមិនកាន់ទេ ខ្ញុំជូនដល់ឪពុកខ្ញុំកាន់ តែគេនៅ Call និមន្ត Call អីអ៊ីចឹងទៅ ដោយសារអ្នកខ្លះអត់ដឹង តែខ្ញុំថា អត់ទេ សឹកហើយ គឺតាំងពីថ្ងៃ១៣ ខែ១០ មក។

ពួកគាត់គាំទ្រអ៊ីចឹង ប្រហែលជាបំពេញតាមបំណងពួកគាត់វិញ ប៉ុន្តែ ៥០/៥០ ពាក់កណ្ដាលអាច ពាក់កណ្ដាលអត់ ព្រោះនឹកឃើញថា កាលដែលខ្ញុំបួសហ្នឹង ចិត្តមិនចង់ទាន់ចងសឹកទេ ដល់ពេលមានហេតុការណ៍បង្ខំធ្វើម៉េចឲ្យយើងសឹកទៅហើយ ខ្ញុំក៏សម្រេចចិត្តថា សឹកទៅ បើជ្រុលថាឲ្យយើងសឹកហើយ ឲ្យវារាងចាស់ខែបន្តិចទៅ ព្រោះនឹកឃើញថា យើងខិតខំប្រឹងប្រែងតស៊ូពីមុនមក យើងគិតថា មិនចង់សឹកទេ គឺគិតថា នៅបំពេញបំណងយាយតាដែលគាត់ស្រឡាញ់ចូលចិត្ត អ្នកឆ្ងាយ អ្នកជិត អ្នកឈឺអីហ្នឹង គឺគេចូលចិត្តយើងច្រើន។

ខ្ញុំបួសហ្នឹង គិតសរុបទៅ វាចូល២០វស្សា ខ្ញុំគិតថា ដាក់ដល់២៥ ឬ២៣ អីនោះ ប៉ុន្តែកកាលកើតរឿងរ៉ាវហ្នឹង ខ្ញុំប្រឹងតស៊ូថា ៣ទៅ ៥ឆ្នាំទៀតអីអ៊ីចឹង ដល់ពេលហើយ វាមិនបានដូចបំណងរបស់យើង ធ្វើម៉េចកាលៈទេសៈជំរុញឲ្យយើងមកសឹកអ៊ីចឹងក៏វាល្អម្យ៉ាងដែរ យើងបានស្គាល់ភាពជាព្រសង្ឃ ជាឃរាវាសហ្នឹង តើត្រូវធ្វើអី ចាប់មុខរបរអី? រកស៊ីអី ដើម្បីដំណើរការទៅមុខ? សិក្សាពីអ្នកស្រុក អ្នកភូមិគេផង តើគេប្រកបការងារអីរាល់ថ្ងៃ? អាហ្នឹងខ្ញុំដើរសិក្សាសឹងរាល់ថ្ងៃ តែខ្ញុំមិនមានរត់តាក់ស៊ីឯណា ឡានរបស់ខ្ញុំ ដឹកបងប្អូន ម៉ែឪខ្ញុំហ្នឹង ខ្ញុំគ្រាន់តែនិយាយកំប្លែងលេងក្នុងវីដេអូតើ! ខ្ញុំមិនមែនរត់តាក់ស៊ីឯណា“។

អន្ទិតឡុង ចន្ថា បន្តថា “ពេលវេលាហ្នឹង ចាំមើល បើសិនជាពិចារណាទៅ វាអាច ខ្ញុំនឹងលៃមុនចូលឆ្នាំ ហើយបើសិនជាមិនទេ ប្រហែលជាចូលឆ្នាំហើយ ឬក៏ជិតចូលវស្សាតែម្ដង អាហ្នឹងល្អ។ ហើយបើហ៊ានតែបួសសានេះហើយ ប្រហែលជាដាក់ឲ្យលើសមុនទៀត សង្ស័យមិនងាយសឹក ឬមិនសឹកតែម្ដង បើតាមចិត្តខ្លួនឯង គឺបើជ្រុលទៅម្ដងទៀត ទៅមិនបាច់វិលបណ្ដោយ ព្រោះប្រៀបធៀបគ្នាទៅ បើតាមចិត្តខ្ញុំៗស្រឡាញ់អ្នកបួសជាង ព្រោះខ្ញុំនៅស្ដាយចំណេះរបស់ខ្ញុំ ដែលខ្ញុំខំរៀន។

អាហ្នឹងខ្ញុំបញ្ចេញទេសនារាល់ថ្ងៃ គឺដូចជាបំពេអារម្មណ៍យាយតាដែលគាត់ពិបាកចិត្ត គឺពិបាកផ្លូវចិត្តហ្នឹង គាត់ស្ដាប់ខ្ញុំ គាត់បានធូរស្បើយច្រើនគ្នា Call មកខ្ញុំ អាហ្នឹងគឺជារឿងពិត។ អើ! ខំដែរ ព្រោះដែលនៅក្មេង ខំរៀន ខំសូត្រ ដូច្នេះតាមពិតទៅ ចំណេះវិជ្ជាខ្ញុំ មិនទាន់បានបញ្ចេញអស់ទេ អារឿងទេសនា រឿងអីហ្នឹង ព្រោះខ្ញុំរៀនបានច្រើនដែរ ប៉ុន្តែគ្រាន់តែខ្ញុំលាក់ បើសៀវភៅខ្លះ ខ្ញុំរៀន ១០ថ្ងៃ ខ្ញុំចាំទាំងអស់ កាលខ្ញុំនៅបួស។ អាហ្នឹងខាងផ្លូវធម៌ ខ្ញុំយល់ដឹងច្រើន ខ្ញុំចេះច្រើន ខ្ញុំចាំច្រើនទៀត គ្រាន់តែពេលខ្លះដូចជាការសម្ដែងធម៌ទេសនាអ៊ីចឹង នឹកឃើញថា ធម្មកថិក លោកដទៃ ទេសនាធម៌អាថ៌ច្រើនហើយ ខ្ញុំនិយាយសម្រាយឲ្យច្រើនជាងព្រះធម៌ សំខាន់គេស្ដាប់បាន គេយល់ អាហ្នឹងអូខេហើយ តែបើនិយាយទៅ គាត់ស្ដាប់អត់បាន គេអត់យល់ អាហ្នឹងដូចអត់បាននិយាយដដែលហ្នឹង។

ដូច្នេះខ្ញុំនិយាយលេងសើចទេ តាមខ្ញុំ មិនកម្សត់ខ្លួនអីទេ គ្រាន់តែចិត្តរបស់ខ្ញុំ នៅនឹកឃើញអាឡោះអាល័យខ្លួនឯងជាអ្នកបួសអ៊ីចឹង ស្ដាយធម៌ស្ដាយអាថ៌អ៊ីចឹង។ បានន័យថា រឿងគូស្រករមិនទាន់គិត តែបើជ្រុលជាគិត អាហ្នឹងខ្ញុំមិនអាចបួសវិញ ប៉ុន្តែឥឡូវអត់ទាន់គិតទេ“។

គួររំលឹកថា ក្រោយពីបែកធ្លាយសំឡេងព្រះសង្ឃឡុង ចន្ថា ឆាត និង ទូរសព្ទញ៉ែស្រីមក មានមហាជនជាច្រើន បានធ្វើការរិះគន់ ស្នើឲ្យផ្សឹក កុំឲ្យខូចដល់សាសនា ហើយពេលនោះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានចេញលិខិតមួយ សម្រេចមិនឱ្យភិក្ខុឡុង ចន្ថា ស្ថិតនៅក្នុងភេទជាបព្វជិតក្នុងសាសនាបន្តទៀតបានឡើយ។ ពេលនោះ ដំបូងព្រះសង្ឃឡុង ចន្ថា មិនព្រមសឹកឡើយ ក៏បន្តគេចខ្លួនរហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ទើបបង្ហោះសារក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក សម្ដែងការអរគុណដល់នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលជួយរកយុត្តិធម៌ ឲ្យបន្តគង់នៅបន្តភេទជាអ្នកបួសទៀត។ ប៉ុន្តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា បានលាចាកសិក្ខាបទរួចហើយ និងពេលនេះស្រាប់តែចេញមុខប្រកាសថា នឹងបួសវិញឆាប់ៗនេះ៕ កុលបុត្រ

RELATED ARTICLES