Friday, March 29, 2024
Homeព័ត៌មានជាតិអំណោយម៉ាសក៍ និងសម្ភារៈប្រឆាំងកូវីដ-១៩ កម្ពុជា ដឹកទៅប្រគល់ជូននេប៉ាល់

អំណោយម៉ាសក៍ និងសម្ភារៈប្រឆាំងកូវីដ-១៩ កម្ពុជា ដឹកទៅប្រគល់ជូននេប៉ាល់

ភ្នំពេញ ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ម៉ាសក៍ និងសម្ភារៈពេទ្យមួយចំនួន ដើម្បីប្រឆាំងកូវីដ-១៩ ត្រូវបានកម្ពុជា ដឹកទៅប្រគល់ជូននេប៉ាល់ កាលពី​ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេចហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ថា «ថ្ងៃនេះ កម្ពុជា ផ្ដល់ម៉ាសក៍ ជាង ២លាន និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសនេប៉ាល់។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសក៍ ចំនួនជាង ២លាន និងបរិក្ខារពេទ្យ ចំនួន ១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស ចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសក៍ ចំនួនជាង ២លាន និងសម្ភារៈពេទ្យមួយចំនួន ដល់ប្រទេសឡាវ, ផ្តល់ម៉ាសក៍ ចំនួនជាង ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ារ, ផ្តល់ជំនួយម៉ាសក៍ ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់​ ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។

អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល នៃប្រទេសនេប៉ាល់ រួមមាន ៖ ម៉ាសក៍ ចំនួន ២លាន, ម៉ាសក៍ក្រណាត់ ១០ម៉ឺន, ម៉ាសក៍ N95 ចំនួន ២ម៉ឺន, វ៉ែនតាសុវត្ថិភាព ចំនួន ២ម៉ឺន, សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ម៉ឺនឈុត, ម៉ាស៊ីនវាស់កម្តៅ ចំនួន ៥០០, របាំងមុខ ចំនួន ២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រពោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំ ម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង ១ធុង (ក្លរ៉ាមីន ប្រភេទ B) ៥០០កេស, ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ»៕

RELATED ARTICLES