Friday, April 19, 2024
Homeនយោបាយអ្នកគាំទ្រ ចំអកឲ្យលោកសម រង្ស៉ី ក្រាបសំពះព្រះមហាក្សត្រ តែប្រមាថថាទីងមោង

អ្នកគាំទ្រ ចំអកឲ្យលោកសម រង្ស៉ី ក្រាបសំពះព្រះមហាក្សត្រ តែប្រមាថថាទីងមោង

ភ្នំពេញ ៖ អ្នកគាំទ្រអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ម្នាក់ បានផ្ញើលិខិតចំហមួយ ជូនលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា លោកសម រង្ស៊ី ដើម្បីចង់បានអំណាចបំពេញមហិច្ឆតារបស់ខ្លួននិងបក្ខពួក គ្មានភាពអៀនខ្មាស ហ៊ានប្រមាថដល់ព្រះមហាក្សត្រ បំពានទាំងរដ្ឋធម្មនុញ្ញ។ ជាមួយនេះ អ្នកគាំទ្ររូបនេះ បានចំអកឲ្យលោកសម រង្ស៉ី ថាខ្លួនឯងក្រាបសំពះព្រះមហាក្សត្រ តែបែរជាប្រមាថព្រះអង្គថា ទីងមោង។

ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

កញ្ញារស់ សុផល ដែលអះអាងខ្លួនថា ជាអ្នកគាំទ្រអតីតបក្សប្រឆាំង ដែលធ្លាប់គោរពស្រឡាញ់ និងឲ្យតម្លៃលោកសម រង្ស៉ី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ថា “ជូនចំពោះលោក សម រង្ស៊ី អតីតមនុស្សដែលខ្ញុំគោរពស្រឡាញ់ និងឲ្យតម្លៃជាងគេ!

ពិតណាស់ រដ្ឋធម្មនុញកម្ពុជា មិនដូចព្រះគម្ពីរ ហើយក៏រឹតតែមិនមែនជាស្រីខូច (ស្រីរកស៊ីផ្លូវភេទ) ដែលគ្រប់គ្នាចង់ដូរ ចង់កែបានតាមតណ្ហារបស់ខ្លួននោះទេ។ បើក្នុងនាមលោកជាអ្នកនយោបាយជាន់ខ្ពស់ មានទស្សនវិស័យវែងឆ្ងាយសម្រាប់ជាតិមែននោះ ហេតុអ្វីមិនព្រមចូលរួមកែប្រែរដ្ឋធម្មនុញ្ញ ត្រង់ចំណុចដែលលោកថា មិនគួរ ឬមិនសមនោះផង? ខណៈពេលនោះ លោកក៏ជាអ្នកមានឥទ្ធិពលមួយរូបដែរ តាំងពី១៩៩៣ មក។

លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ

ម្យ៉ាងវិញទៀត នៅឆ្នាំ២០០៦ ហេតុអ្វីលោកគិតឃើញគំនិតចូលរួមកែរដ្ឋធម្មនុញ ពី ២/៣ ទៅ​ ៥០% +១បាន ដើម្បីបានចូលស្រុក សង្រ្គោះជីវិតនយោបាយខ្លួនឯង? រីឯឆ្នាំ២០១៣ បក្សមានកៅអីសភា រហូតដល់ ៥៥កៅអី ប៉ុន្តែមិននឹកឃើញកែប្រែស្ថាប័នព្រះមហាក្សត្រ ឲ្យមានអំណាចក្នុងដៃ ឬឲ្យស្ថាប័នតុលាការឯករាជ្យ ដើម្បីចូលរួមដោះស្រាយកិច្ចជាតិធំៗ បម្រើដល់សង្គមជាតិ?»។

កញ្ញារស់ សុផល បានសរសេរបន្តថា «ស្រីខូច (ស្រីរកស៊ីផ្លូវភេទ) បើទោះពួកគេធ្វើគ្រប់យ៉ាងដើម្បីលុយក៏ពិតមែន ប៉ុន្តែពួកគេនៅមានភាពអៀនខ្មាស ចេះបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួនខ្លះដែរ ប៉ុន្តែងាកមកមើលអ្នកនយោបាយជាន់ខ្ពស់ដូចលោកវិញ ដើម្បីចង់បានអំណាចបំពេញមហិច្ឆតារបស់បក្ខពួកខ្លួន គ្មានភាពអៀនខ្មាស ហ៊ានប្រមាថដល់ព្រះមហាក្សត្រ ដែលច្បាប់បានកំណត់មិនឲ្យនរណាប៉ះពាល់សោះ បែរជាចោទទ្រង់សុទ្ធតែជា (ទីងមោង)។ តើសាររបស់លោកដែលតែងតែពោលថា (ហ៊ុន សែន កំពុងទាល់ច្រកហើយៗនោះ) វាពិតដែរឬទេ? សម្រាប់ខ្ញុំ ពេលនេះយល់ច្បាស់ថា អ្នកដែលកំពុងទាល់ច្រក និងទល់ផ្អកពិតនោះ គឺនយោបាយសម រង្ស៊ី ទៅវិញទេ ព្រោះថា ខ្លួនឯងមានសេរីភាពពេញលេញ ធ្វើអ្វីមិនបានផលផង ទៅបន្ទោសស្តេចដែលគ្មានសូម្បីអំណាច ថាទីងមោងទៅវិញ?»។

កញ្ញារស់ សុផល អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ

កញ្ញារស់ សុផល សរសេរបន្តទៀតថា​ «នៅប្រទេសឥណ្ឌា ខ្ញុំសង្កេតឃើញមនុស្សមួយចំនួន គោរពមេគោ និងយកទឹកនោមគោ មកផឹក ដោយសារពួកគេជឿថា ជាអាទិទេពព្យាបាលជំងឺជានោះ បែរជាមនុស្សម្នាមាក់ងាយថា ជាពពួកមនុស្សគ្មានសតិ ប៉ុន្តែតាមការមើលឃើញរបស់ខ្ញុំវិញ មនុស្សដែលលុតជង្គង់ក្រាបសំពះស្តេចដែលខ្លួនយល់ថាជាទីងមោងទៅវិញទេ ទើបសមជាមនុស្សសតិមិនគ្រប់។

ក្នុងនាមជាពលរដ្ឋខ្មែរ ១រូប ខ្ញុំមានសិទ្ធិប្រតិកម្មឆ្លើយតបការពិតទៅគ្រប់បុគ្គលដែលបានធ្វើខុស ហើយក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការឲ្យបានហ្មត់ចត់ តាមច្បាប់ដែលបានចែង ចំពោះគ្រប់បុគ្គលណាដែលបានកំពុងជេរប្រមាថព្រះមហាក្សត្រ ដោយល្មើសច្បាប់ដែលមានក្នុងរដ្ឋធម្មនុញ្ញ“៕ កុលបុត្រ

RELATED ARTICLES