Friday, March 29, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា តំណែងតួឯកនៅរង់ចាំ

ឱក សុគន្ធកញ្ញា តំណែងតួឯកនៅរង់ចាំ

ឱក សុគន្ធកញ្ញា បានផ្ទេរតំណែងតួឯកក្នុងភាពយន្ដ ”ខ្ញុំមានញាណលើស” ដែលត្រូវជំនួសដោយអ្នកនាងសុខ ស្រីនាង ព្រោះតែពេលនោះនាងជាប់ពពោះ និងសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈភាពយន្ដដែលអ្នកនិពន្ធសរសេរតម្រូវជាតួឯកស្រី ជាឱក សុគន្ធកញ្ញា នោះ បានថតចប់អស់ទៅហើយ នឹងត្រៀមដាក់បញ្ចាំងតាមបណ្ដារោងភាពយន្ដនានា នៅពេលដែលស្ងាត់កូវីដ-១៩។

ទោះជាយ៉ាងណា អ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាស នៅតែចង់បានសុគន្ធកញ្ញា ធ្វើជាតួឯកដដែល ហេតុនេះហើយសុគន្ធកញ្ញា នឹងគេចមិនផុតពីការថតរឿងថ្មីៗនេះទេ ដែលអាចនិយាយបានថា តំណែងតួឯកនៅរង់ចាំនាងជានិច្ច ឲ្យតែប្អូនថ្លៃថៅកែហង្សមាស រូបនេះ ឆ្លើយថា ចង់សម្ដែង។

ប៉ុន្ដែអ្វីដែលជាឧបសគ្គក្នុងការរារាំងមិនឲ្យសុគន្ធកញ្ញា ក្លាយទៅជាតួឯកភាពយន្ដដំបូងដូចចិត្តនោះ គឺពេលនេះនាងមិនទាន់ស្រកគីឡូ ហេតុនេះហើយការឆក់យកតួឯកជាលើកទី១នោះ នៅតែមិនទាន់អាចចេញជារូបរាងក្នុងពេលឆាប់ៗនេះដដែល ខណៈដែលមានព័ត៌មានថា សុគន្ធកញ្ញា កំពុងតែប្រឹងសម្រកទម្ងន់ តាមរយៈការហាត់ប្រាណ និងឲ្យមិត្តភក្ដិជួយជ្រើសផលិតផលសម្រក ដែលមិនប៉ះពាល់ដល់សុខភាព ។

ឱក សុគន្ធកញ្ញា គឺជាតួឯកផ្នែកចម្រៀងស្រីនៅផលិតកម្មរស្មីហង្សមាស រយៈពេល១០ឆ្នាំមកហើយ (២០១០-២០២០) ដែលមិនទាន់មានតារាស្រីណាយកតំណែងនាងបានទេ ទោះជាពេលនេះនាងមានប្ដីនិងកូន១ទៅហើយក្ដី។

ចំពោះការថតភាពយន្ដវិញ ទោះជានាងមិនទាន់បានសាកល្បងក្ដី ប៉ុន្ដែអ្នកស្រី ឌីសាវ៉េត ដែលជាតារាភាពយន្ដជើងចាស់ ធ្លាប់ប្រាប់ថា សុគន្ធកញ្ញា អាចធ្វើជាតួឯកក្នុងភាពយន្ដបាន។

អ្នកស្រីសាវ៉េត ក៏ធ្លាប់អះអាងថា សុគន្ធកញ្ញា ជានារីមានសំណាងដែលបានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ជាក្រុមហ៊ុនមួយបណ្ដុំទៅដោយការងារសិល្បៈជាច្រើនទម្រង់។

ក្រៅពីឱក សុគន្ធកញ្ញា ដែលត្រៀមថតភាពយន្ដនោះ តារាចម្រៀងហង្សមាស ដែលបន្ថែមអាជីពទៅជាតារាសម្ដែងកុន មានដូចជា អ្នកនាងសុគន្ធ និសា , ពេជ្រ សោភា , ប៉ាច គីមមួយ, រ៉េត ស៊ូហ្សាណា, វី ឌីណែត និងកែវ សុបញ្ញា ជាដើម។

ចំណែកសុគន្ធកញ្ញា វិញ ត្រូវបានមហាជនមើលឃើញថា នាងក្ដាប់តំណែងធំណែនដៃតែម្ដង ដែលស្វាមីរបស់នាងប្រគល់ឲ្យ ក្នុងនោះមានដូចជា ធ្វើជាគ្រូបង្វឹក និងគណៈកម្មការ “The Voice Cambodia”, “The Voice Kids Cambodia”, “Cambodian Idol” និង “X Factor Cambodia” ហេតុនេះហើយការឈានទៅថតភាពយន្ដមួយមុខទៀត នឹងរឹតតែធ្វើឲ្យសុគន្ធកញ្ញា ចេញមុខកាន់តែច្រើនទៅៗនៅគ្រប់ផ្នែកសិល្បៈតែម្ដង ដែលហង្សមាស កំពុងតែផ្ដោត។

ការមានឥទ្ធិពលនៅហង្សមាស បែបនេះហើយ ទើបធ្វើឲ្យអ្នកខ្លះចាត់ទុកសុគន្ធកញ្ញា ប្រៀបបានជាថៅកែ ឬម្ចាស់ផលិតកម្មទៀតផង បើទោះជានាងមិនដែលតាំងខ្លួនជាតារាមានអំណាចដល់ថ្នាក់នេះក៏ដោយ៕                                                           ហ៊ឹម វិចិត្រ

RELATED ARTICLES