ករណីបែបនេះ កើតឡើងញឹកញាប់ណាស់ សូមឈប់បរិភោគទៀតទៅ

0
91

ខេត្តកោះកុង ៖ បុរសជាកម្មករសំណង់ម្នាក់ ចាប់ត្រីកំពតបាន១ក្បាល ក៏យកទៅអាំងហូបបាយកក ស្រាប់តែកើតអាការពុល ក្អួតចង្អោ និងត្រូវបានដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលហួសពេលទៅហើយ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៥៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ការដ្ឋានសំណង់ តារាសាគរ ឃុំកោះស្តេច ស្រុកគិរីសាគរ។

បុរសរងគ្រោះ ដែលពុលត្រីក្រពតបណ្តាលឱ្យស្លាប់ មានឈ្មោះសាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការ និងស្នាក់នៅ ចំណុចទីតាំងកើតហេតុខាងលើ និង មានស្រុកកំណើតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះខាងលើ បានចាប់ត្រីក្រពតបាន១ក្បាល រួចក៏យកទៅអាំងហូបបាយកក លុះក្រោយពីហូបរួច ក៏ស្រាប់តែកើតិមានអាការវិលមុខ ក្អួតចង្អោ និងត្រូវបាន អ្នករួមការងារដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពភ្ញីមាស ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល មកដល់វេលាម៉ោង៤ និង៣៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុក នៅវត្តគិរីតេជោ ហៅវត្តកូនកុក ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕