មាស សុខសោភា មិនដូចព្រាប សុវត្ថិ

0
412

មាស សុខសោភា បានក្លាយទៅជាតារាចម្រៀងផលិតកម្មជើងថ្មី “រាម”  ជាផ្លូវការ បន្ទាប់ពីនាងបានចុះកុងត្រារយៈពេល១ឆ្នាំ និងបង្ហាញខ្លួនជាផ្លូវការកាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវបានថៅកែស្រីជប់លៀងធំឲ្យទៀតផង។

មាស សុខសោភា ពេលធ្វើសន្នសីទកាសែតចូលរួមជាមួយផលិតកម្មរាម

ថ្វីត្បិតតែសោភា ជាតារាលំដាប់កំពូលម្នាក់មែន ប៉ុន្ដែការចូលផលិតកម្មថ្មីនៅពេលនេះ មិនសូវធ្វើឲ្យមហាជនចាប់អារម្មណ៍នាងខ្លាំងឡើយ ពោលគឺខុសពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំ ទៅចូល Galaxy នោះ ទើបធ្វើឲ្យទស្សនិកជនទូទាំងប្រទេសតាមដាន។

ដោយឡែក បទចម្រៀងបើកឆាករបស់មាស សុខសោភា នៅរាម បទ ”ត្រលប់” នោះ ក៏មិនធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដែរ បើប្រៀបធៀបទៅបទចម្រៀងល្បីៗរបស់នាងនៅផលិតកម្មចាស់។

ចំណែកមហាជនវិញបានលើកឡើងថា មាស សុខសោភា ច្រៀងប្ដូរផលិតកម្មដូចប្ដូរខោអាវទៅហើយ ហេតុនេះហើយការចូលផលិតកម្មថ្មីរបស់នាង គឺជារឿងធម្មតា។

មានការលើកឡើងដែរថា មាស សុខសោភា នឹងទៅចូលផលិតកម្មផ្សេងទៀតជាមិនខាន នៅពេលដែលនាងចប់កុងត្រាជាមួយរាម។ ប៉ុន្ដែអ្នកដែលជិតស្និទ្ធមាស សុខសោភា បាននិយាយថា សោភា ទៅរាម មិនមែនផ្ដោតលើការប្រជែងទីផ្សារចម្រៀងនោះទេ តែគោលបំណងធំ គឺនាងចង់ទៅរកស៊ីលក់ផលិតផលជាមួយថៅកែស្រីច្រើនជាង ព្រោះថាពេលនេះនាងក៏ឈានចូលវ័យ៤០ឆ្នាំទៅហើយ។

មាស សុខសោភា បានបង្ហាញទឹកមុខរីករាយ នៅពេលដែលរកបានទ្រនំថ្មីនេះ ប៉ុន្ដែនៅរចនាសម្ព័ន្ធរបស់រាម គេមិនទាន់ឃើញមានឈ្មោះប្ដីនាង គឺលោកអ៊ឹត រ៉ាដា និងបងប្រុសនាង លោកមាស សុខរតនៈ ទទួលបានតំណែងធំណាមួយឡើយ។

ដោយឡែក អ្នកជំនាញសិល្បៈបានលើកឡើងថា សោភា ចុះកុងត្រាតែ១ឆ្នាំ នៅរាម ដើម្បីតាមដានថា តើព្រាប សុវត្ថិ ទៅ Galaxy ធ្លាក់ឬចុះ? បើសិន ជាព្រាប សុវត្ថិ ធ្លាក់ សោភា នឹងទៅហង្សមាស តែបើលោកសុវត្ថិ នៅតែខ្លាំង សោភា នឹងទៅ Galaxy នាពេលខាងមុខ៕

លោកព្រាប សុវត្ថិ ពេលធ្វើសន្និសីទកាសែតចូលរួមជាមួយផលិតកម្ម Galaxy