លួចរំដោះឈើចេញជិតអស់ សង្ស័យមានអ្នកបោះដៃឲ្យក្រុមឈ្មួញ

0
52

ខេត្តសៀមរាប ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើ ស្រុកក្រឡាញ់ បានបើកប្រតិបត្តិការបង្ក្រាបករណីស្តុកឈើធ្នង់អារ ប្រភេទឈើប្រណិត ល្មើសច្បាប់មួយកន្លែង និងរឹបអូសបានជាង១០០ដុំ ខណៈដែលក្រុមឈ្មួញបានធ្វើសកម្មភាពរំដោះឈើចេញអស់មួយចំនួនធំទៅហើយ ទំនងដូចជាមានអ្នកបោះដៃឱ្យក្រុមឈ្មួញបានដឹងមុន។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើង នៅម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកសារព័ត៌មានមួយក្រុម បានប្រទះឃើញទីតាំងស្តុកឈើធ្នង់ អាររួច ប្រមាណជាជិត ៥ម៉ែត្រគូប ដែលក្រុមឈ្មួញដឹកតាមរថយន្តកាមរី៩៥ កែច្នៃ យកមកស្តុកទុកនៅទីតាំងខាងលើ រួចគេដឹកចេញយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្តថា ក្រុមឈ្មួញជាច្រើននាក់ បានសម្រុកដឹកឈើប្រណិត ចេញតាមផ្លូវថ្មី ពីស្រុកអន្លង់វែង ឆ្ពោះមកស្រុកវ៉ារិន រួចដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្ថែមថា បន្ទាប់ពីបានប្រទះឃើញការដឹកជញ្ជូនឈើ ក្រុមអ្នកកាសែត ក៏បានរាយការណ៍ទៅកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនគេចអស់មួយចំនួនធំ ទើបនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកពួក និងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរជុំ ដឹកនាំដោយលោកស៊ុ ធន់សុវទ្ធរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចុះបង្ក្រាបទីតាំងសន្និធិឈើអារប្រណិត ប្រភេទឈើធ្នង់ មួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ នោះតែម្តង។

សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា ឈើធ្នង់ ដែលបង្ក្រាបបាននោះ មានចំនួន ១១២ដុំ ស្មើនឹង ០,៧២០ម៉ែត្រគូប ហើយត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ក្រឡាញ់ ដែលមានទីតាំងនៅស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប  បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ថា ការបង្ក្រាបបទល្មើសខាងលើ គឺផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ និងសង្កាត់រដ្ឋបាលព្រៃឈើពួក នៅចំណុច ភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។ លោកបានបញ្ជាក់ថា ឈើដែលសមត្ថកិច្ចជំនាញបានរឹបអូសបានគឺ ឈើប្រភេទធ្នង់ ចំនួន ១១២ដុំ ស្មើនឹង ០,៧២០ម៉ែត្រត្រីគុណ។ វត្ថុតាងខាងលើ បានផ្ញើរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើពួក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។ ទោះបីយ៉ាងណា លោកនាយខណ្ឌ ពុំបានបង្ហាញថា ម្ចាស់ឈើ មានឈ្មោះអ្វី ហើយមានលំនៅឯណានោះឡើយ។

ជាមួយគ្នានោះ អតីតឈ្មួញមួយរូប បានបង្ហើបថា ថ្វីត្បិតតែមួយរយៈកន្លងមក មានសភាពស្ងប់ស្ងាត់ ប៉ុន្តែពេលនេះ សកម្មភាពដឹកជញ្ជូនឈើ ហាក់ចាប់កម្រើកវិញទៀតហើយ ដោយក្រុមឈ្មួញប្រើរូបភាពជញ្ជូនពីព្រៃ តាមរយៈគោយន្តកន្ត្រៃ មកស្តុកទុក។ លុះពេលគ្រប់ចំនួន ទើបពួកគេដឹកចេញដោយរថយន្តស៊េរីទំនើប៕