លោកឧកញ៉ាឌួង ឆាយ បង្ហាញវិប្បដិសារីបើកក្លឹប ខណៈមុននេះ ភរិយាថា “អស់ចិត្តស្រលាញ់ គឺចប់”

0
219

ក្រោយពីប្រកាសបិទក្លឹបកម្សាន្តជិត១ឆ្នាំ ដោយពេលនោះ លោកឧកញ៉ាឌួង ឆាយ បានប្រកាសថា មកពីលោកមិនមានជំនាញក្នុងការគ្រប់គ្រង និងថាមិនមែនជាក្លឹបរបស់លោកនោះ ស្រាប់តែនៅពេលនេះ លោកឧកញ៉ាឌួង ឆាយ បានបង្ហាញវិប្បដិសារីដែលធ្វើឲ្យមនុស្សជុំវិញខ្លួន ខូចទម្លាប់ ក្លាយជាមនុស្សប្រមឹក។

ការបង្ហោះសារនេះ ធ្វើឲ្យមហាជនជាច្រើនគិតថា លោកឧកញ៉ា ឌួង ឆាយ សំដៅលើភរិយា គឺលោកស្រី ដេត ម៉ាលីណា ខណៈចំណងស្នេហ៍អ្នកទាំង២ កំពុងរកាំរកូស ផ្សះផ្សាមិនទាន់បាន។

លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ថា “ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំ ក្នុងការបើក សោនក្លឹប SOUND CLUB គឺបានធ្វើឲ្យមនុស្ស ជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ ក្លាយទៅជាអ្នកប្រមឹកស្រា គ្រឿងស្រវឹងសុរាមេរយ”។

យ៉ាងណា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារថា “ខ្ញុំដឹងថា អ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅឲ្យកូនៗ ឲ្យបានច្រើន ទើបល្អ មិនគួរដើរហើរផឹកស៊ីជប់លៀងកម្មវិធី សប្បាយរហូតនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់ឲ្យអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីឲ្យ​អ្នក ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់”។

ដោយឡែក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ថា “សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច១៣ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថា អាចមើលវីដេអូនាងខ្ញុំបកស្រាយនេះ វាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់ បានដឹងច្បាស់ អស់ចិត្តស្រលាញ់ គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ”៕