អ្នកនាងយុគ ចិន្ដា បេះដូងកក់ក្ដៅ លេចដំណឹងចូលរោងការឆ្នាំក្រោយ

0
631

អ្នកនាងយុគ ចិន្ដា និងគូស្នេហ៍ បានបង្ហាញអារម្មណ៍ស្រស់ថ្លានៅក្នុងថ្ងៃនៃក្ដីស្រលាញ់ ១៤កុម្ភៈ និងចូលឆ្នាំចិន ដែលទើបកន្លងផុតទៅកាលពីពេលថ្មីៗនេះ ដោយពិធីការិនីជើងចាស់របស់ CTN រូបនេះ ដើរកម្សាន្ដសប្បាយតែម្ដង។

រូបភាពក្រៅឆាកបែបសាមញ្ញៗរបស់អ្នកនាងយុគ ចិន្ដា និងគូស្នេហ៍ បញ្ជាក់ឲ្យគ្រប់គ្នាឃើញថា ចំណងស្នេហាថ្មីរបស់អ្នកនាងកាន់តែរលូនទៅមុខល្អ ដោយគ្មានឧបសគ្គនោះទេ បើទោះជាមុននេះ លេចឮថា អ្នកនាង និងគូស្នេហ៍ មិនសូវសមគ្នា ព្រោះតែអ្នកនាងចិន្ដា នៅតែស្អាតតែគូស្នេហ៍រាងវ័យចំណាស់ជាងនាងបន្ដិចក្ដី ប៉ុន្ដែវាមិនបានធ្វើឲ្យចំណងស្នេហាពិធីការិនីរូបនេះ ឈានទៅប្រែប្រួល ឬរង្គោះរង្គើឡើយ។

ផ្ទុយទៅវិញ អ្នកនាងចិន្ដា កាន់តែមានភាពកក់ក្ដៅក្នុងបេះដូង ព្រោះតែគូស្នេហ៍របស់នាងចេះយល់ចិត្ត និងជាបុរសម្នាក់ដែលសុភាពរាមសា សមជាអ្នកមានចំណេះដឹងខ្ពស់។

អ្នកនាងចិន្ដា និងគូស្នេហ៍ បើទោះជាមិនដែលបញ្ចេញរូបភាពផ្អែមល្ហែមស្នេហ៍ដូចយុវវ័យមែន ប៉ុន្ដែចំណងស្នេហានេះបានបើកជាចំហ របៀបគូស្នេហ៍វ័យចំណាស់ដទៃទៀតដែរ ដែលនេះជាសញ្ញាមួយតបទៅអ្នករិះគន់ថា អ្នកនាងមិនមែនត្រចៀកស ចាំតែស្ដាប់យោបល់មិនល្អ នាំឲ្យស្នេហាឈានទៅប្រេះឆាឡើយ។

ប៉ុន្តែតារាជិតស្និទ្ធអ្នកនាងយុគ ចិន្ដា នៅតែអះអាងថា​មានបុរសវ័យក្មេង និងរូបសង្ហាជាងសង្សារអ្នកនាងចិន្ដា នាពេលបច្ចុប្បន្នដែលតាមសុំស្នេហាតារាកូន១រូបនេះ ហើយពួកគេចង់ឲ្យពិធីការិនីល្បីល្បាញរូបនេះ យកប្ដីវ័យក្មេងសង្ហាដូចប្ដីអ្នកនាងគង់ សុជាតិ ដែរ តែអ្នកនាងចិន្ដា ពិតជាមិនស្ដាប់យោបល់របស់ពួកគេមែន ព្រោះអ្នកនាងនិងសង្សារថ្មីស្រលាញ់គ្នាខ្លាំងណាស់។

អ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងអាចនឹងចូលរោងការ នៅពេលដែលកូនស្រីរបស់អ្នកនាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម អាយុ១៨ឆ្នាំ ដែលពេលនោះ គឺកូននាងធ្វើជាអ្នកកំដឲ្យម៉ែតែម្ដង មិនចាំបាច់រកអ្នកកំដផ្សេង។

បើពិតដូចជាការអះអាងរបស់អ្នកនាងយុគ ចិន្ដា មែន គឺពិធីការិនីរូបនេះនឹងដឹកដៃគូស្នេហ៍ចូលរោងការនៅឆ្នាំ២០២២ ខាងមុខនេះហើយ ព្រោះថា ឆ្នាំនេះកញ្ញាដាពេជ្រ មានអាយុ១៧ឆ្នាំ។

គួរបញ្ជាក់ថា អ្នកនាងយុគ ចិន្ដា ជាតារាម្នាក់ដែលជោគជ័យទាំងការងារសិល្បៈនិងមុខជំនួញ តែរឿងស្នេហាវិញ អ្នកនាងមិនសូវសមប្រកបឡើយ ព្រោះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសា ដូចជាកន្លងមក ធ្លាប់លេចឮថា នាងបានចែកផ្លូវគ្នាជាមួយលោកឧកញ៉ាម្នាក់, Dj ឃ្លាំង និងអាណិកជនខ្មែរ មកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ជាដើម។

ប៉ុន្តែអ្នកនាងចិន្ដា មិនយកស្នេហាជាធំទេ ព្រោះនាងផ្ដោតលើការងារសិល្បៈ និងការធ្វើជំនួញច្រើនជាង ទើបពេលនេះតារារួមអាជីពកាន់តែជំរុញឲ្យអ្នកនាងចិន្ដា ឆាប់ចូលរោងការឲ្យបានឆាប់ ដើម្បីបញ្ចប់រឿងគេថា នាងមានស្នេហាមិនសូវកាក់កប។

មហាជនជាច្រើនជឿថា អ្នកនាងយុគ ចិន្ដា នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំ២០២២ ខាងមុខនេះ ទៅតាមការសន្យាដែលពេលនោះ នឹងធ្វើឲ្យពិធីការិនីរូបនេះកាន់តែជោគជ័យក្នុងជីវិត ហើយរឿងស្នេហាអតីតកាលនឹងត្រូវបិទបញ្ចប់ជាមិនខាន៕        ហ៊ឹម វិចិត្រ