ឧកញ៉ាឌួង ឆាយ ភរិយាផ្តាំ ៖ ស្អប់ខ្ញុំបាន ហាមដើរនិយាយអាក្រក់

0
180

ភ្នំពេញ ៖ លោកស្រីដេត ម៉ាលីណា ភរិយាឧកញ៉ាឌួង ឆាយ ដែលកំពុងមានបញ្ហាប្រេះឆាក្នុងគ្រួសារបន្ទាប់ពីលោកស្រីបានប្រកាសលែងលះស្វាមីនោះ នៅពេលនេះ លោកស្រីបានបញ្ចេញសារផ្តាំទៅឧកញ៉ាឌួង ឆាយ ថាស្អប់លោកស្រីបាន តែហាមដើរនិយាយអាក្រក់ពីលោកស្រី ឲ្យអ្នកដទៃស្អប់លោកស្រីដែរ។

លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២១ ថា «ស្អប់ខ្ញុំបាន​ តែហាមដើរនិយាយអាក្រក់ពីខ្ញុំ ឲ្យអ្នកដទៃមកស្អប់ខ្ញុំទៀត។ ចូរចាំថា អំពើល្អ​ នឹងនាំអ្នកឲ្យជួបតែរឿងល្អៗ​ និងមនុស្សល្អៗ​ អំនួត មិនធ្វើឲ្យតម្លៃអ្នកកាន់តែខ្ពស់ឡើយ​ តែវាធ្វើឲ្យអ្នកកាន់តែអស់តម្លៃ និងត្រូវគេស្អប់»។

លោកស្រីដេត ម៉ាលីណា

លោកស្រីដេត ម៉ាលីណា បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «មនុស្សមានគោលដៅទើបជីវិតរស់នៅមានន័យ បើរស់ដើម្បីតែរស់ ពីមួយថៃ្ងទៅមួយថៃ្ង ជីវិតគា្មនន័យអី្វឡើយ ជីវិតត្រូវរស់នៅជាមួយក្ដីសង្ឃឹម កុំរស់នៅជាមួយការបាក់ទឹកចិត្ត មិនបាច់ប្រឹងដាស់មនុស្សដែលធ្វើពុត កុំប្រឹងផ្គាប់ពេក មនុស្សមិនឲ្យតម្លៃ»។

ជុំវិញការលើកឡើងខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បញ្ជាក់បន្ថែមពីលោកស្រីដេត ម៉ាលីណា បានទេ ដោយតាំងពីពេលប្រកាសលែងលះស្វាមីដំបូងម៉្លេះ លោកស្រីសុំមិនផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានទេ។ ចំណែកឧកញ៉ាឌួង ឆាយ ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបានដែរ នៅល្ងាចម្សិលមិញ។

ជាការគួរកត់សម្គាល់ ការបញ្ចេញសារផ្តាំផ្ញើ ខាងលើនេះ របស់លោកស្រីដេត ម៉ាលីណា ត្រូវបានអ្នកប្រើបណ្តាញសង្គម ភាគច្រើនយល់ថា លោកស្រីចង់ផ្តាំទៅអតីតស្វាមីតែម្តង បន្ទាប់ពីកន្លងទៅនេះ ឧកញ៉ា ឌួង ឆាយ​ ធ្លាប់បានទម្លាយនូវភាពអស់សង្ឃឹមថា ភរិយារបស់លោក ពិបាកចិត្ត បែរជាដើរហើរផឹកស៊ីជប់លៀង កម្មវិធីសប្បាយ ចោលកូន ហើយនៅពេលលោកណែនាំឲ្យល្អ បែរជាចោទថា លោកស្តីឲ្យទៅវិញ។

ឧកញ៉ាឌួង ឆាយ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ថា «ខ្ញុំដឹងថា អ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែ ផ្តល់ភាពកក់ក្តៅឲ្យកូនៗឲ្យបានច្រើន ទើបល្អ មិនគួរដើរហើរផឹកស៊ី ជប់លៀង កម្មវិធីសប្បាយរហូតនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់ឲ្យអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីឲ្យអ្នក ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់»។

ទោះជាយ៉ាងណា ទំនងជាឆ្លើយតបការលើកឡើងរបស់ឧកញ៉ាឌួង ឆាយ ខាងលើនេះ លោកស្រី ដេត ម៉ាលីណា បានបញ្ជាក់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ថា លោកស្រីប្រឹងញញឹមធ្វើដូចធម្មតា ទាំងដែលជីវិតពោរពេញទៅដោយសម្ពាធនិងបញ្ហារាប់មិនអស់ ហើយលោកស្រីមិនរស់ដើម្បីផ្គាប់មាត់ញាតិណានោះទេ ព្រោះញាតិខ្លះ មាត់ចោលម្សៀត អង្គុយតែនិយាយដើមគេ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅពេលនោះថា «ប្រឹងញញឹមធ្វើដូចធម្មតា ទាំងដែលជីវិតពោរពេញទៅដោយសម្ពាធនិងបញ្ហារាប់មិនអស់ កុំរស់ផ្គាប់មាត់ញាតិ ព្រោះអីញាតិខ្លះ មាត់ចោលម្សៀត អង្គុយតែនិយាយដើមគេ»។

យ៉ាងណា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារថា “ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំ ក្នុងការបើកសោនក្លឹប SOUND CLUB គឺបានធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿងស្រវឹងសុរាមេរយ”។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា ភរិយារបស់ឧកញ៉ាឌួង ឆាយ បានប្រកាសថា លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ ជាស្វាមី បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ។

លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅពេលនោះថា «សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ…»។

បន្ទាប់ពីបានប្រកាសពីការលែងលះស្វាមីរួចមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ដេត ម៉ាលីណា បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន បកស្រាយពីមូលហេតុនៃការសម្រេចចិត្តលែងលះជាមួយឧកញ៉ាឌួង ឆាយ នោះថា ដោយសារលោកស្រីទ្រាំរស់នៅក្រោមសម្ពាធផ្លូវចិត្ត ជាង ១៣ឆ្នាំមកហើយ។ លោកស្រី បានប្រៀបធៀបចំណងប្តីប្រពន្ធលោកស្រីជាមួយឧកញ៉ាឌួង ឆាយ ដូចកែវដែលប្រេះស្រាំ ១៣ឆ្នាំ ឥឡូវបានបែកខ្ទេច មិនអាចផ្សះផ្សាវិញបានឡើយ។

លោកឧកញ៉ាឌួង ឆាយ

លោកស្រី ដេត ម៉ាលីណា បានបញ្ជាក់ថា «…គ្មានមនុស្សស្រីណាចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។ អ៊ីចឹងដូចខ្ញុំនិយាយអារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូលហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន ១០០ភាគរយទេ គឺ ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ…»។

ក្រោយការប្រកាសលែងលះជាមួយឧកញ៉ាឌួង ឆាយ នោះ មជ្ឈដ្ឋានមហាជន ភាគច្រើនសំណូមពរឲ្យអ្នកទាំងពីរផ្សះផ្សា ជានាគ្នាវិញ តែលោកស្រី ដេត ម៉ាលីណា ជាភរិយារបស់ឧកញ៉ាឌួង ឆាយ បានបញ្ជាក់ជាថ្មីថា លោកស្រីមិនអាចបកក្រោយវិញទៅជួបរឿងដែលលាក់ទុកក្នុងចិត្ត ១៣ឆ្នាំមុននោះវិញបានឡើយ ដោយលោកស្រីថា ការសម្រេចចិត្តរបស់លោកស្រី គឺមានហេតុផលផ្ទាល់ខ្លួន ដូចដែលលោកស្រីបានបញ្ជាក់កន្លងទៅរួចមកហើយ ជាពិសេស អស់ចិត្តស្រឡាញ់ គឺចប់។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា «សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច ១៣ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថា អាចមើលវីដេអូនាងខ្ញុំបកស្រាយនេះ វាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់ បានដឹងច្បាស់ អស់ចិត្តស្រលាញ់ គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ»៕