Friday, April 19, 2024
Homeព័ត៌មានជាតិកម្មករនាំគ្នារត់ចេញអស់... សមត្ថកិច្ចប្រើពេល២ម៉ោង ទើបគ្រប់គ្រងបាន

កម្មករនាំគ្នារត់ចេញអស់… សមត្ថកិច្ចប្រើពេល២ម៉ោង ទើបគ្រប់គ្រងបាន

ភ្នំពេញ ៖ ឡដុតឥដ្ឋ១កន្លែង បានឡើងកម្តៅខ្លាំង បង្កទៅជាអគ្គិភ័យឆាបឆេះរោងសិប្បកម្មឡឥដ្ឋទាំងមូលយ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗ ដែលក្នុងហេតុការណ៍នេះ ក៏ធ្វើឱ្យមន្ត្រីពន្លត់អគ្គិភ័យ រងរបួសម្នាក់ផងដែរ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចសិប្បកម្មឡឥដ្ឋ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុងលេខ១០០៣ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូង អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងកម្មករដែលកំពុងតែដុតធ្វើឥដ្ឋ ហើយពេលនោះ ក្រុមកម្មករនាំគ្នារត់គេចចេញពីកន្លែងដែលមានការឆេះទាន់ពេលវេលា ហើយក៏ទូរស័ព្ទរាយការណ៍ទៅឱ្យសមត្ថកិច្ចជំនាញពន្លត់និងបង្ការអគ្គិភ័យ ឱ្យចុះមកអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើរយៈពេលប្រមាណជិត ២ម៉ោង ដោយសារតែការឆាបឆេះរោងស្តុកក្រណាត់ និងរោងស្តុកអុស ទើបធ្វើឱ្យឆេះងំតែម្តង។

សមត្ថកិច្ចក៏បានបញ្ជាក់ថា ម្ចាស់សិប្បកម្ម មានឈ្មោះកុក សាន ភេទប្រុស អាយុ៦៧ឆ្នាំ មានលំនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ ចំណែកសិប្បកម្មឡឥដ្ឋដែលទទួលរងការឆាបឆេះ មានទំហំ៤០ម៉ែត្រ គុណនឹង១០០ម៉ែត្រ ជាប្រភេទសំណង់រោងឈើប្រក់ ស័ង្កសី ឆេះខូចខាតរោងឡឥដ្ឋចំនួន២រោង និងកម្ទេចក្រណាត់មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ គ្រាន់តែរងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ ឈ្មោះអួង សុផល អាយុ៥៥ឆ្នាំ។

ចំពោះមូលហេតុបង្កឱ្យមានការឆាបឆេះ មកពីកម្មករនាំគ្នាដុតក្នុងឡ ឡើងកម្តៅខ្លាំងពេក ទើបធ្វើឱ្យមានការឆាបឆេះសន្ធោសន្ធៅឡើងតែម្តង។ ចំណែកឯការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបទាំងអស់ចំនួន ១២គ្រឿង ស្មើនឹង ៣៦ឡាន ទើបធ្វើឱ្យអគ្គិភ័យខាងលើ បានរលត់ទៅវិញអស់ទាំងស្រុង នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃដដែល៕

RELATED ARTICLES