Friday, April 26, 2024
Homeតារាខ្មែរកំលោះ២៦ រៀបការជាមួយមេម៉ាយ៤៣ ត្រៀមបង្កើតកូនស្រី ផ្គាប់ចិត្តម្តាយក្មេក

កំលោះ២៦ រៀបការជាមួយមេម៉ាយ៤៣ ត្រៀមបង្កើតកូនស្រី ផ្គាប់ចិត្តម្តាយក្មេក

ខេត្តកណ្តាល ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់គូស្នេហ៍មួយគូ ខណៈដែលកំលោះវ័យ២៦ឆ្នាំ បានតាមសុំស្នេហ៍ស្ត្រីមេម៉ាយកូន៣ វ័យចាស់ជាងខ្លួនជិត២០ឆ្នាំ ទោះបីត្រូវខាងស្រីបដិសេធយ៉ាងណា ក៏នៅតែក្រាញននៀលតស៊ូរហូតធ្វើឱ្យខាងស្រីបាក់ចិត្ត ព្រមបើកបេះដូងទទួលយកស្នេហាខុសវ័យនេះ និងបានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរីគ្រិស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយសាមីខ្លួនកូនកំលោះ មានឈ្មោះសុត វណ្ណស្មាវី អាយុ២៣ឆ្នាំ ជាគ្រូពេទ្យព្យាបាលដោយចលនា ចំណែកសាមីខ្លួនកូនក្រមុំ មានឈ្មោះសាន សុខកក្កដា អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ និងជាអតីតតារាចម្រៀង បច្ចុប្បន្នប្រកបរបរលក់ងៀតគោក្របី និងគ្រឿងសមុទ្ គ្រប់មុខ។

ដោយសាមីខ្លួនកូនកំលោះ មានឈ្មោះសុត វណ្ណស្មាវី អាយុ២៣ឆ្នាំ ជាគ្រូពេទ្យព្យាបាលដោយចលនា ចំណែកសាមីខ្លួនកូនក្រមុំ មានឈ្មោះសាន សុខកក្កដា អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ និងជាអតីតតារាចម្រៀង បច្ចុប្បន្នប្រកបរបរលក់ងៀតគោក្របី និងគ្រឿងសមុទ្ គ្រប់មុខ។

តារាសម្តែងលោកអ៊ឹម ជីវ៉ា ដែលបានទៅចូលរួមពិធីមង្គលការគូស្នេហ៍ខុសវ័យខាងលើនៅពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “នារីមានអាយុច្រើន កុំទាន់ភ័យ កូនកំលោះអាយុ២៦ឆ្នាំ កូនក្រមុំអាយុ៤៣ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាងសាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកសុត វណ្ណស្មាវី ទោះបីខាងស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះ ចូលរោងការបានផងដែរ។ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួម ជិត២០តុ ដែលប្រារព្វធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបុរីគ្រិស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល…”។

សាមីខ្លួនកូនក្រមុំ អ្នកនាងសាន សុខកក្កដា ជាអតីតតារាចម្រៀង (ជ័យលាភីលេខ១ ប្រចាំខេត្តព្រះសីហនុ ឆ្នាំ១៩៩៤) បច្ចុប្បន្នជាម្ចាស់ប្រេន ម៉ាក់ដា លក់ងៀតគោ ក្របី និងគ្រឿងសមុទ្រគ្រប់មុខ បានរៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួន ទាំងទឹកមុខញញឹមពព្រាយថា នាងមានឈ្មោះជាស្ត្រីមេម៉ាយ រយៈពេល៦ឆ្នាំមកហើយ និងថែមទាំងមានកូនស្រីចំនួន ៣នាក់ នៅក្នុងបន្ទុកទៀតផង។

ដំបូងឡើយ នាងបានតាំងចិត្តថា មិនគិតគូខ្វល់ខ្វាយពីរឿងប្តីសីអ្វីទៀតនោះឡើយ ដោយដាក់ចិត្តខំប្រឹងតែរកស៊ី និងមើលថែកូនៗប៉ុណ្ណោះ។ ស្រាប់តែក្រោយមក រយៈពេលប្រមាណ៣ឆ្នាំមុន នាងបានជួបស្គាល់ជាមួយកំលោះម្នាក់ ឈ្មោះសុត វណ្ណស្មាវី (កូនកំលោះ) ដែលកាលណោះ គេបានព្យាយាមទាក់ទងសុំស្នេហ៍នាងដែរ តែនាងមិនព្រមទទួលដាច់ខាត ព្រោះនឹកគិតថា គេជាកំលោះ ចំណែកនាងជាស្រីមេម៉ាយ ខ្លាចក្រែងគេចង់លេងសើច ធ្វើបាបចិត្តកាយនាង ឬអាចសម្លឹងឃើញរឿងអ្វីផ្សេង ទើបនាងបានបដិសេធ ប៉ុន្តែខាងប្រុសនៅតែតាមនាងមិនឈប់ ទើបនាងសម្រេចចិត្តប្លុកតាំងពីហ្វេសប៊ុករបស់គេចោល ផ្តាច់ទំនាក់ទំនងរហូតមក។

អ្នកនាងសាន សុខកក្កដា បានបន្តថា លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ស្រាប់តែលេចមុខប្រុសដដែល Add Friend ចូលមកក្នុងហ្វេសប៊ុករបស់នាងជាថ្មីម្តងទៀត ទើបនាងទទួល ដោយគិតថា ត្រឹមរាប់អានធម្មតាប៉ុណ្ណោះ ប៉ុន្តែខាងប្រុសនៅតែបន្តលួងលោមប្រលោមសុំស្នេហ៍នាងដដែល ទើបនឹងដឹងច្បាស់ថា គេគឺជាមនុស្សប្រុសដែលមានការតស៊ូ អត់ធ្មត់ មិនមែនមានចិត្តស្រលាញ់នាងគ្រាន់តែសប្បាយ ឬលេងសើចតាមភ្លើងចិត្តក្មេងស្ទាវនោះឡើយ។

តាំងពីនោះមក នាងក៏ចាប់ផ្តើមបើកបេះដូងទទួលរាប់អានជាមួយកំលោះនោះ ដើម្បីពិនិត្យមើលពីអត្តចរិត អាកប្បកិរិយា និងទង្វើរបស់គេ។ លុះក្រោយមក ទើបនាងបានឃើញនិងដឹងច្បាស់ថា កំលោះនេះពិតជាបានស្រលាញ់យកចិត្តទុកដាក់ ចង់បាននាងជាគូអនាគតមែន និងថែមទាំងមានចរិតល្អ ចុះសម្រុងជាមួយក្រុមគ្រួសារនាង ស្រលាញ់មើលថែកូនៗនាងដូចកូនបង្កើត ព្រមទាំងផ្តល់តម្លៃឱ្យនាងគ្រប់សព្វបែបយ៉ាង សូម្បីតែឪពុកម្តាយរបស់គាត់ ក៏ស្រលាញ់ពេញចិត្តនាង និងថែមទាំងបានចូលចែចូវស្តីដណ្តឹងនាង មិនខុសពីកំលោះក្រមុំឯទៀតនោះទេ ទើបនាងយល់ព្រមទទួលយកគ្នាជាគូគាប់ និងរៀបការនៅពេលនេះតែម្តង។

ចំណែកសាមីខ្លួនកូនកំលោះ លោកសុត វណ្ណស្មាវី ដែលមានអាជីពជាគ្រូពេទ្យព្យាបាលដោយចលនា បានបញ្ជាក់យ៉ាងខ្លីថា អាចថាជានិស្ស័យ ឬជាការជំពាក់កម្មគ្នាទៅវិញទៅមក ទើបគ្រាន់តែឃើញមុខគ្នាភ្លាម ក៏បាក់ចិត្តស្រលាញ់គាត់ (កូនក្រមុំ) ដកមិនរួចតែម្តង ទោះជាខាងស្រីបដិសេធជាបន្តបន្ទាប់យ៉ាងណា ក៏ខ្លួននៅតែតស៊ូក្រាញននៀល មិនរាថយនោះឡើយ ហើយអ្វីដែលធ្វើឱ្យខ្លួនស្រលាញ់កូនក្រមុំកូន៣ នេះ ដកចិត្តមិនរួច គឺមិនមែនឃើញទ្រព្យសម្បត្តិ លុយកាក់ ឬអ្វីផ្សេងនោះឡើយ តែស្រលាញ់ទឹកចិត្តរបស់គាត់ ការទទួលខុសត្រូវ និងអត្តចរិតរបស់គាត់។

អ្នកនាង សាន សុខកក្កដា បានបញ្ជាក់ជាចុងក្រោយថា ទោះបីជាចំណងស្នេហ៍របស់នាង មានអ្នករិះគន់ ពេបជ្រាយពីរឿងអាយុ ប្តីក្មេង ប្រពន្ធចាស់ ឬគោស្ទាវ ប៉ះស្មៅចាស់ យ៉ាងណាក៏ដោយ តែមិនអាចជាឧបសគ្គសម្រាប់ស្នេហារបស់ពួកនាងនោះឡើយ ព្រោះថា ពួកនាងពិតជាស្រលាញ់យល់ចិត្តគ្នាច្បាស់ណាស់ ចង់អ្នកណាសើចយំក៏មិនខ្វល់ សំខាន់ឱ្យតែជីវិតគូរបស់ពួកនាងមានសេចក្តីសុខ។

ជាមួយនេះ អ្នកនាង សាន សុខកក្កដា បានបង្ហើបប្រាប់ថា ក្រោយពីរៀបការរួច នាងមានគម្រោងបង្កើតកូនឱ្យប្តីម្នាក់ដែរ ហើយបើអាច នាងនឹងបង្កើតកូនស្រីជូនប្តី ព្រោះថា ម្តាយក្មេករបស់នាង ស្រលាញ់ចៅស្រីខ្លាំងណាស់ ហេតុនេះ នាងនឹងផ្តល់ជូនតាមសំណើ និងអាចផ្តល់ជូនកាន់តែឆាប់ទៀតផង ព្រោះថាម្តាយក្មេក ចង់បានចៅខ្លាំងណាស់៕

RELATED ARTICLES