Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ដំឡើងតម្លៃខ្លួនឡើងកប់ ក្រោយផ្ទុះបទ "ពឺតៗ"

ខេមរៈ សិរីមន្ដ ដំឡើងតម្លៃខ្លួនឡើងកប់ ក្រោយផ្ទុះបទ “ពឺតៗ”

បើតាមថៅកែក្លឹបកម្សាន្ដដ៏ធំមួយកន្លែងនៅរាជធានីភ្នំពេញ ដែលធ្លាប់ជួលខេមរៈ សិរីមន្ដ ឲ្យទៅច្រៀងកម្មវិធីរបស់លោកនោះ បានបង្ហើបឲ្យដឹងថា ពេលនេះ ខេមរៈ សិរីមន្ដ បានដំឡើងខ្លួនថ្លៃខ្ពស់ជាងតារាប្រុសជួរមុខផ្សេងៗទៀត គឺតាំងពីក្រោយផ្ទុះបទ ”ពឺតៗ” ម្ល៉េះ ដែលធ្វើឲ្យលោកមិនយល់ទេ ព្រោះថា កូវីដ-១៩ មិនទាន់ស្ងាត់ផង តែចម្លើយដែលជំនួយការសិរីមន្ដ តបទៅលោកវិញនោះ គឺសំអាងថា សិរីមន្ដ ឈរនៅផលិតកម្មធំជាងតារាល្បីៗមួយចំនួនទៀត បានជាថ្លៃជាងគេបន្ដិចហើយ។

លោកថៅកែក្លឹបនោះ បង្ហើបថា បើពីមុន សិរីមន្ដ ច្រៀង១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារនោះ គឺមានន័យថា ពេលនេះឡើងដល់ជិត៤០០០ដុល្លារទៅហើយ អីចឹងមើលទៅតម្លៃនេះ គ្មានតារាប្រុសណាអាចប្រជែងជាមួយលោកសិរីមន្ត បានទេ។

ក្នុងជំនួបតាមទូរស័ព្ទ លោកខេមរៈ ភារុណ ដែលជាបងប្រុស និងជំនួយការរបស់ខេមរៈ សិរីមន្ដ បានឲ្យដឹងថា តម្លៃខ្លួនឡើងខ្ពស់នោះ មិនមែនតែពេលនេះទេ គឺមានជាយូរមកហើយ។

លោកភារុណ ដែលជាអ្នកនិពន្ធបទចម្រៀងឲ្យសីរីមន្ដ ច្រៀងបទល្បីៗស្ទើរគ្រប់បទនោះ បញ្ជាក់ថា សិរីមន្ដ ថ្លៃខ្ពស់ជាយូរមកហើយ តែលោកថា សូមមិននិយាយថា ច្រៀង១កម្មវិធី ស៊ីថ្លៃប៉ុន្មាននោះទេ ព្រោះថាអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីទាំងឡាយបានដឹងអស់ហើយ។

ការលេចឮថា លោកខេមរៈ សិរីមន្ដ កាន់តែឡើងថ្លៃនេះដែរ ស្របពេលដែលលោកសិរីមន្ត កាន់តែលេងខ្លួនជាងមុន តាមរយៈការទិញរថយន្ដម៉ាក Rolls Royce  Ghost តម្លៃជាង៣០ម៉ឺនដុល្លារ បន្ថែមពីលើរថយន្ដ៣គ្រឿងទៀត ដែលមានស្រាប់ ដូចជា រថយន្ដម៉ាក Lexus LX 570, Mazda និង Volkswagen ដែលគ្រាន់តែសរុបតម្លៃរថយន្ដទាំង៤គ្រឿង សិរីមន្ដ ចាយអស់ជាងកន្លះលានដុល្លារ។

អ្នករៀបចំប្រគំតន្រ្ដីល្បីឈ្មោះម្នាក់ បានឲ្យដឹងថា ការដែលសិរីមន្ដ ជិះរថយន្ដទំនើបៗទាំងនេះ ក៏ជាកត្តាធ្វើឲ្យសិរីមន្ដ កាន់តែឡើងថ្លៃខ្លួនទាំងច្រៀង និងថតស្ពតដែរ ហើយតារាល្បីៗ ពិតជាសំខាន់ណាស់ក្នុងការលេងសម្ភារៈទាំងនោះ។

ប៉ុន្ដែអ្នកដែលធ្លាប់ហៅខេមរៈ សិរីមន្ដ ច្រៀងជាង១០ឆ្នាំរូបនេះ បានព្រមានសិរីមន្ដ ថា ទោះជាឡើងថ្លៃយ៉ាងណា ក៏លោកសិរីមន្ត នៅតែក្រោមតម្លៃខ្លួនតន់ ច័ន្ទសីម៉ា របស់ Galaxy ដែរ ព្រោះសីម៉ា ច្រៀងតាមឆាកតន្ត្រីធំ ១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ ខណៈដែលថតសម្អាងការម្តង ថ្លៃដល់ទៅ២០០០០ដុល្លារឯណោះ។

ក្រៅពីល្បីបទ ”ពឺតៗ” ពេលនេះ ខេមរៈ សិរីមន្ដ កំពុងល្បីបទ ”ក្រមុំឥឡូវចាស់ៗម្ល៉េះ?” ដែលបទថ្មីសម្រាប់វាយលុកទីផ្សារចម្រៀងចូលឆ្នាំខ្មែរនេះ សិរីមន្ដ ថែមទាំងយកភរិយា អ្នកស្រីគួយ ផល្លី ឲ្យទៅដឹកនាំសម្ដែង MV ទៀតផង បន្ទាប់ពីប្រពន្ធសិរីមន្ដ ធ្លាប់បញ្ចេញសា្នដៃដឹកនាំបទប្ដី ”I’m Not The Gang“ និងបទ ”យប់នេះអូនមើលកាំជ្រួចជាមួយអ្នកណា?”។

មជ្ឈដ្ឋានមហាជនបានមើលឃើញថា ពេលនេះ លោកសិរីមន្ត កំពុងតែប្រឹងលើកស្ទួយភរិយាឲ្យល្បីឈ្មោះ ក្នុងការដឹកនាំបទចម្រៀងរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោយពីអ្នកស្រីផល្លី បានធ្វើឲ្យសិរីមន្ដ រំភើបតាមរយៈការទិញរថយន្ដ Rolls Royce ឲ្យកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២១។

ទោះជាយ៉ាងណា ដំណឹងលោកខេមរៈ សិរីមន្ត ដឹកដៃភរិយាកូន៣ ចូលរោងការជាចំហនៅតែបន្ដស្ងាត់ដូចចោរលួចសេះដដែល ក្រោយអ្នកទាំង២ បានភ្ជាប់ស្នេហ៍១៧ឆ្នាំមក៕

ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES