Friday, March 29, 2024
Homeព័ត៌មានជាតិគាត់ហ៊ានផ្សាយព័ត៌មានបែបនេះទៅរួច... ឥឡូវកម្ពុជា ដេញចេញពីប្រទេសហើយ

គាត់ហ៊ានផ្សាយព័ត៌មានបែបនេះទៅរួច… ឥឡូវកម្ពុជា ដេញចេញពីប្រទេសហើយ

ភ្នំពេញ ៖ បុរសជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយព័ត៌មានថា “កម្ពុជា លក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន ក្នុងតម្លៃ ១២០ដុល្លារ” ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចបណ្តេញចេញពីប្រទេសកម្ពុជា និងហាមឃាត់លែងឱ្យចូលកម្ពុជា ជារៀងរហូត។

បុរសចិន ដែលត្រូវបានកម្ពុជា សម្រេចបណ្តេញចេញនោះ មានឈ្មោះ Shen Kaidong ជាជនជាតិចិន សញ្ជាតិចិន អាយុ៥២ឆ្នាំ (កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩) កាន់លិខិតឆ្លងដែនលេខ E99812704 មានមុខរបរជានាយកសារព័ត៌មាន Angkor Today អតីត Angkor Time។

ការបណ្តេញនាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា នេះ បានធ្វើឡើង ក្រោយសារព័ត៌មាននេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំពុល បំភ្លៃការពិតថា កម្ពុជា លក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន ក្នុងតម្លៃ ១២០ដុល្លារ និងត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប។

ក្រៅពីបណ្តេញចេញ ជនជាតិចិន ម្នាក់នេះ កម្ពុជា ក៏សម្រេចហាមឃាត់មិនឱ្យ វិលចូលមកប្រទេសកម្ពុជា សាជាថ្មីទៀតផងដែរ ពោលគឺហាមឃាត់លែងឱ្យចូលប្រទេសកម្ពុជា ជារៀងរហូត។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Angkor Today ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា សម្រេចដកហូតអាជ្ញាប័ណ្ណផងដែរ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេច“បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទល្មើសប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា”។

ជុំវិញករណីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការបណ្តេញជនជាតិចិន Shen Kaidong ចេញពីកម្ពុជា ធ្វើឡើងបន្ទាប់ពីមានសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ជនជាតិចិន ម្នាក់នេះ បានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ ហើយឆ្នាំ២០១៥ បានចាប់ផ្តើមការងារជានិពន្ធនាយកសារព័ត៌មាន អង្គរធូដេ (Angkor Today) ប្រចាំខេត្តសៀមរាប ដែលមានទីតាំងនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឈ្មោះអ៊ុង គង្គា ជាចាងហ្វាង។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជនជាតិចិន រូបនេះ បានទទួលស្គាល់លើកំហុសវិជ្ជាជីវៈ ដោយសារតែទទួលបានសារអនាមិកដែលថា មានការយកថ្លៃសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ១២០ដុល្លារ ក្នុងម្នាក់ៗ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានផ្សព្វផ្សាយបន្ត ដោយមិនបានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។

ដោយឡែក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់ថា “បើយើងពិនិត្យមើលរឿងនេះ ជាបញ្ហាមួយដែលជាអំពើមួយបង្ខូចកិត្តិយសដល់កម្ពុជា ខ្លាំងណាស់ ធ្វើឱ្យប៉ះពាល់ដល់នយោបាយរបស់រាជរដ្ឋាភិបាលផង ធ្វើឱ្យម្ចាស់ជំនួយមិនសប្បាយចិត្ត ហើយប្រជាពលរដ្ឋក៏មិនសប្បាយចិត្តដែរ។ នេះជាអំពើញុះញង់មួយធ្ងន់ធ្ងរ…”។

គួរបញ្ជាក់ថា ការចាប់ខ្លួនជនជាតិចិន ខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសារព័ត៌មានខាងលើ បានផ្សព្វផ្សាយតាមបណ្តាញ  Wechat ថា “កម្ពុជា លក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន” ហើយភ្លាមៗ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋាននេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចាត់ទុកការផ្សព្វផ្សាយរបស់ Angkor Today ជារឿងផ្តេសផ្តាស។

លោកស្រី បញ្ជាក់ថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាពដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ។ ចំណែករឿងថា ក្រសួងសុខាភិបាលបានយកវ៉ាកសាំងនេះ ទៅចាក់លក់នៅមន្ទីរពេទ្យកាលម៉ែត សូមច្រានចោលទាំងស្រុង និងសូមថ្កោលទោសចំពោះជនដែលបំពុលសង្គម ប្រឌិតបង្កើតព័ត៌មានមិនពិតនេះឡើង ព្រោះយើងមិនមានឱ្យអ្នកដែលទៅចាក់វ៉ាក់សាំងបង់ប្រាក់នោះទេ ហើយក៏មិនមានវ៉ាក់សាំងណាដែលចាក់សម្រាប់យកតម្លៃហ្នឹងដែរ ព្រោះវ៉ាក់សាំងយើងមានកម្រិត»។

អ្នកនាំពាក្យក្រសួងសុខាភិបាល  បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើងដើម្បីបំភាន់សាធារណជន ធ្វើឱ្យមានការយល់ច្រឡំចំពោះកម្ពុជា៕

RELATED ARTICLES