Friday, April 19, 2024
Homeព័ត៌មានជាតិឃើញនាងជិះម៉ូតូ២នាក់ លូកដៃធ្វើសកម្មភាព តែមិនបានសម្រេច

ឃើញនាងជិះម៉ូតូ២នាក់ លូកដៃធ្វើសកម្មភាព តែមិនបានសម្រេច

ភ្នំពេញ ៖ នារី២នាក់ ម៉ូតូត្រឡប់មកពីលេងផ្ទះសាច់ញាតិ បំណងឆ្ពោះទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច និងព្យាយាមរត់គេចខ្លួនភ្លាមៗដែរ តែដោយសារនារីរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋប្រដេញតាម ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោជ្រុលចង្កូតម៉ូតូបុកលូ បណ្តាលឱ្យដួល និងត្រូវបានប្រជាពលរដ្ឋ ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចតារាងបាល់មួយកន្លែង តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាន្ត ប៊ុនសៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងនៅម្តុំផ្លូវ២០០៤ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះទាំង២នាក់ ទី១- ឈ្មោះផេង សុភឿ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងទី២- ឈ្មោះ វ៉ាស្រី ហ័រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ។

តាមប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកនាងបានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី លែត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ក្រចេះ 1E-0763 ធ្វើដំណើរត្រឡប់មកពីផ្ទះប្អូនថ្លៃ ក្នុងគោលបំណងទៅផ្ទះជួលវិញ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ឡើងតែម២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DJ-1099 មកក្បែរពួកនាង ហើយលូកដៃឆក់យកទូរស័ព្ទដែលទុកនៅក្នុងថតម៉ូតូខាងមុខ បានសម្រេច រួចជិះគេចខ្លួន។

ប្រភពដដែល បានបន្តថា ភ្លាមៗនោះ ពួកនាងបានស្រែកចោរ!ៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញតាមចាប់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏បើកម៉ូតូគេចពីប្រជាពលរដ្ឋ ទៅទាក់នឹងសំណាញ់តារាងបាល់ទះ បណ្តាលឱ្យជ្រុលទៅបុកលូ ធ្វើឱ្យដួលក្រោកមិនរួច ហើយក៏ត្រូ៏វប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកាកាបទី២។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការទៅតាមនីតិវិធីបន្ត។ ចំណែកទូរស័ព្ទ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅនារីរងគ្រោះវិញ៕

RELATED ARTICLES