Tuesday, April 23, 2024
Homeតារាខ្មែរតារាសម្តែង មាន សូនីតា សាកថ្មជីវិតនៅកំពត ២ថ្ងៃ

តារាសម្តែង មាន សូនីតា សាកថ្មជីវិតនៅកំពត ២ថ្ងៃ

មាន សូនីតា បានធ្វើដំណើរទៅកម្សាន្ដនៅខេត្តកំពត រយៈពេល២ថ្ងៃ១យប់ ក្រោមប្រធានបទ ”អមតា ដំណើរកម្សាន្ដសាកថ្មជីវិត” ដែលតារាសម្ដែងរូបនេះត្រូវបានអញ្ជើញឲ្យធ្វើជាវាគ្មិនកិតិ្តយស ជាលើកទី១ ខណៈដែលដំណើរកម្សាន្ដមួយនេះក៏ទើបតែចាប់ផ្ដើមផ្គត់ផ្គង់សេវាលើកដំបូងរបស់ខ្លួនផងដែរ។

ដំណើរកម្សាន្ដ ”សាកថ្មជីវិត” នេះ រៀបចំដោយអមតា (Amata) ដែលបានចេញដំណើរកាលពីចុងខែមករា ឆ្នាំ២០២១ ដោយមានកញ្ញាមាន សូនីតា និងបុគ្គលសាមញ្ញជាង២០រូបផ្សេងទៀត ទៅកាន់តំបន់រមណីយដ្ឋានល្បីៗមួយចំនួន នៅលើទឹកដីខេត្តកំពត ក្នុងដំណើររយៈពេល២ថ្ងៃ១យប់។ មនុស្សផ្សេងក្រៅពីសូនីតា គឺជាអ្នកមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត និងមានបញ្ហាស្មុគស្មាញច្រើនក្នុងឆាកជីវិត។

មាន សូនីតា ថ្លែងថា នាងគ្មានការស្ទាក់ស្ទើរក្នុងចិត្តឡើយ ក្នុងការទទួលសំណើរនោះ ក្រោយពីគេទាក់ទងនិងប្រាប់ពីខ្លឹមសារនៃដំណើរកម្សាន្ដមួយនេះ។ នាងថា ហេតុផលដែលនាងព្រមទទួលសំណើសម្រាប់ដំណើរកម្សាន្ដនោះ ដោយសារតែទី១. នាងជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្ដស្រាប់ និងទី២. នាងពេញចិតុ្តពីខ្លឹមសាររបស់កម្មវិធីដែលនាងមិនដែលជួបសម្រាប់ដំណើរកម្សាន្ដពីមុនរបស់នាង ទាំងដំណើរកម្សាន្ដក្នុងនិងក្រៅស្រុក។

រាជិនីក្រមា វាចាថា ”កន្លងមកយើងដើរកម្សាន្ដគ្រាន់តែដើម្បីលេងកម្សាន្ដ និងទេសភាព ឬកន្លែងកម្សាន្ដផ្សេងៗ គឺប្រៀបដូចជាការផ្លាស់ប្ដូរបរិយាកាស។ ប៉ុន្តែលើកនេះ គឺបានរាប់អានមិត្ត បានចែករំលែករឿងរ៉ាវផ្សេងៗជាមួយគ្នា ចូលរួមកម្មវិធីហ្នឹង ខ្ញុំបានដឹងច្រើនទៀតពីរឿងរ៉ាវជីវិត ដឹងពីរបៀបរស់នៅប្រឈមនឹងបញ្ហា នឹងធ្វើឲ្យយើងកាន់តែរឹងមាំ”។

មាន សូនីតា ក៏បានបញ្ចេញទស្សនៈថា មនុស្សយើងម្នាក់ៗមិនដែលថា អ្នកណាអត់បញ្ហានោះទេ គឺសុទ្ធតែមាន ខ្លះមានតិច ខ្លះមានច្រើន អីចឹងហើយបើអាចមានកន្លែងដើរលេង រៀនសូត្រពីជីវិតខ្លះផងអីចឹង គឺល្អ។ នាងថា សម្រាប់រូបនាង គឺរីករាយពីដំណើរកម្សាន្ដមួយនេះ ហើយគិតថា បើមានកម្មវិធីនេះ​លើកក្រោយនាងនឹងចូលរួមបន្ដទៀត។

គួរបញ្ជាក់ថា មាន សូនីតា ជាតារាដែលចូលចិត្តដំណើរកម្សាន្ដបំផុត ដែលកន្លងមក នៅពេលសម្រាកពីការថតសម្ដែងនាងច្រើនតែទៅលំហែកាយានៅតាមតំបន់រមណីយដ្ឋានល្បីៗទាំងក្នុង និងក្រៅស្រុក។ បច្ចុប្បន្នស្រីស្អាតរូបនេះជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញផងដែរ៕

RELATED ARTICLES