Tuesday, April 23, 2024
Homeតារាខ្មែរនី មុនីនាថ ថា អ្នកតាចូលសណ្ឋិតដល់ទៅ៣នាក់ ពេលថតរឿងអាប

នី មុនីនាថ ថា អ្នកតាចូលសណ្ឋិតដល់ទៅ៣នាក់ ពេលថតរឿងអាប

តារាទឹកភ្នែក នី មុនីនាថ បានឲ្យដឹងថា កន្លងមកនាងធ្លាប់តែថតភាពយន្ដរឿងខ្មោចជាច្រើនរឿងមកហើយ ប៉ុន្ដែមិនដែលជួបហេតុការណ៍អាក្រក់ណា ធ្វើឲ្យនាងភ័យលស់ព្រលឹងឡើយ តែនៅពេលថ្មីៗនេះ នាងទទួលថតរឿង ”ម៉ែអាបចិញ្ចឹមកូន” របស់ផលិតកម្មសាស្រ្ដា ស្រាប់តែមានអារម្មណ៍ថា ពិបាកជាងលេងរឿងខ្មោច ព្រោះត្រូវដកក គេងនៅតង់កណ្ដាលព្រៃស្ងាត់ទៀតផង។

មុនីនាថ ថា ភាពយន្ដនោះនាងត្រូវថតតែរយៈពេលត្រឹម១០ថ្ងៃទេ​ នឹងចប់ តែដោយសារតែក្រុមការងារផលិតត្រូវអ្នកតាចូលដល់ទៅ៣នាក់ តាំងពីព្រឹករហូតដល់ម៉ោង៧យប់ ទើបបង្ខំចិត្តត្រូវវិលមកផ្ទះទាំងយប់ ហើយពន្យារពេលថតដល់ទៅ២ខែ នៅមិនទាន់ចប់។​នាងថា លើកទី១ ដែលបានជួបហេតុការណ៍នេះ តែទាំងរូបនាង និងអ្នករួមការងារ មិនរាថយនោះទេ គឺនៅតែបន្ដការងារនេះទៅមុខទៀត រហូតនៅថតត្រឹមតែ១ថ្ងៃទៀតប៉ុណ្ណោះ និងត្រូវបញ្ចប់រឿងអាបនេះហើយ។

ក្រៅពីថ្ងូររឿងធ្វើអាបពិបាកជាងខ្មោចនេះ នី មុនីនាថ បានឲ្យដឹងដែរថា តាំងពីការផ្ទុះកូវីដ-១៩ មក មិនធ្វើឲ្យប៉ះពាល់ដល់អាជីពសិល្បៈ និងប្រាក់ចំណូលរបស់នាងច្រើននោះទេ ព្រោះនាងនៅតែមានការងារធ្វើជាហូរហែ រហូតមកតែការងារខ្លះ នាងថតតត្រឹមរយៈពេលខ្លីៗប៉ុណ្ណោះ ព្រោះថាពេលនេះនាងក៏ជាប់រកស៊ីផ្នែក Cosmetics ផងដែរ។

មុនីនាថ បន្ថែមថា សម្រាប់ដើមឆ្នាំ២០២១នេះ នាងត្រៀមថតសម្ដែងរឿងមួយចំនួនទៀត ព្រោះមានគេទាក់ទងមកហើយ ប៉ុន្ដែជាទម្លាប់ នាងមិនចូលចិត្តនិយាយអ្វីជាមុនទេ គឺចាំឲ្យចេញជារូបរាង ទើបនាងបង្ហាញតែម្ដង។

នី មុនីនាថ បញ្ជាក់ថា ពេលនេះនាងមិនទាន់គិតគូរឿងរៀបការនោះទេ ព្រោះថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គ្រួសារនាងទើបរៀបការប្អូនស្រីនាងហើយ ហេតុនេះមិនអាចមកគិតរឿងនាងរៀបការនាងក្នុងពេលឆាប់ៗនេះបានឡើយ។ ប៉ុន្ដែនាងអះអាងថា ទំនាក់ទំនងរវាងនាងនិងសង្សារ គឺមានភាពច្បាស់លាស់ជាមួយគ្នាហើយ ព្រោះមានចាស់ទុំទាំងសងខាងដឹងឮ។

ក្រៅពីនី មុនីនាថ តារាដែលយកប្ដីអាណិកជនខ្មែរ នៅអូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា, អឿន ដាលីស, សុខ ច័ន្ទណានូ និងពេជ្រ សូលីកា ជាដើម៕

                                                                               ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES