Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីសម្ងំក្នុងបន្ទប់ ចាក់សោជាប់ ប្រពន្ធមកពីស្រុកវិញ ទើបធ្លាយរឿង

ប្តីសម្ងំក្នុងបន្ទប់ ចាក់សោជាប់ ប្រពន្ធមកពីស្រុកវិញ ទើបធ្លាយរឿង

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានសុំប្តីចេញទៅលេងស្រុក លុះពេលត្រឡប់មកវិញចូលដល់ផ្ទះ ស្រាប់តែប្រទះឃើញបុរសជាប្តីដេកស្លាប់នៅលើគ្រែយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលើ មានឈ្មោះ LI GEN JING ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិចិន មានមុខរបរជាជាងសំណង់ រស់នៅខេត្តយូណាន ស្នាក់នៅបន្ទប់ជួលលេខ០៨ ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាន់លិខិតឆ្លងដែនលេខ E46824058 ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ហើយវីសាចុងក្រោយ គឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ផុតកំណត់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានខាងលើ មន្ត្រីនគរបាលជំនាញ និងពេទ្យ ក៏បានចុះទៅពិនិត្យ ឃើញជនរងគ្រោះជាជនជាតិចិន ខាងលើ បានបាត់បង់ជីវិតនៅលើគ្រែ ក្នុងបន្ទប់ផ្ទះជួលលេខ៨ អាចបាត់បង់ជីវិតដោយសារតែជំងឺគាំងបេះដូង ខណៈពេលដែលប្រពន្ធទៅលេងស្រុក ជាមួយឪពុកម្តាយ លុះត្រឡប់មកវិញឃើញទ្វារបន្ទប់ជាប់សោ ហើយក៏បានចាក់សោចូលទៅ ស្រាប់តែឃើញប្តីបាត់បង់ជីវិតទៅហើយ។

តាមសម្តីស្ត្រីឈ្មោះ ចន សុខា អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីបុណ្យចូលឆ្នាំចិន នាងបានសុំប្តីទៅលេងស្រុកនៅខេត្តបាត់ដំបង ជាមួយកូន និងឪពុកម្តាយ ហើយពេលត្រឡប់មកវិញ គឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លុះក្រោយពេលត្រឡប់មកពីលេងស្រុកវិញ មកដល់មុខបន្ទប់ជួល ក៏ឃើញទ្វារបន្ទប់ជាប់សោខាងក្នុង ហើយនាងគោះទ្វារយ៉ាងណាក៏មិនឃើញប្តីនាងចេញមកបើកដែរ ទើបនាងចាក់សោចូលទៅមើល ស្រាប់តែឃើញប្តីរបស់នាងដេកស្លាប់នៅលើគ្រែទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ស្ត្រីជាប្រពន្ធ បញ្ជាក់ថា ប្តីរបស់នាងមានជំងឺបេះដូងប្រចាំកាយ និងបានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងលេបថ្នាំព្យាបាលជំងឺបេះដូងជាប្រចាំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យរួចរាល់ ក៏បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការជំងឺប្រចាំកាយ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES