Friday, April 19, 2024
Homeតារាខ្មែរផលិតកម្ម Sastra Film ដាក់ឲ្យដំណើរការ App ជាផ្លូវការ

ផលិតកម្ម Sastra Film ដាក់ឲ្យដំណើរការ App ជាផ្លូវការ

កាលពីរសៀលថ្ងៃ១៧ កុម្ភៈ ឆ្នាំ២០២១ ផលិតកម្ម Sastra បានបង្ហាញ App ថ្មីមួយនាំឲ្យទស្សនិកជនចាប់អារម្មណ៏យ៉ាងខ្លាំង។ តារាចាស់ថ្មីយ៉ាងច្រើនកុះករដែលភាគច្រើនសុទ្ធសឹងតែជាតួសម្ដែងនៅក្នុងភាពយន្តល្បីៗរបស់ផលិតកម្មមួយនេះ បានបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម ប្រមូលផ្ដុំគ្នាយ៉ាងគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីដែលរៀបចំនៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film បានឲ្យដឹងថា ដោយសារតែ Sastra Film ផលិតបាននូវភាពយន្តល្អៗជាច្រើន ស្របពេលដែលលោកស្រីក៏ចង់ឱ្យមហាជនខ្មែរ ជាពិសេស គឺពិភពលោកទាំងមូល បានឃើញពីការរីកចម្រើននៃវិស័យភាពយន្តខ្មែរ ទើបលោកស្រី និងក្រុមការងារសម្រេចបង្កើត App មួយនេះឡើង ដោយ App មួយនេះ នឹងដើរតួជារោងកុនផ្ទាល់ខ្លួនរបស់អ្នកគាំទ្រ ដោយទស្សនិកជនអាចទស្សនាបានគ្រប់ស្នាដៃរបស់ផលិតកម្ម ដោយផ្ទាល់នៅគ្រប់ទីកន្លែង ហើយមិនចាំបាច់ធុញទ្រាន់នឹងពាណិជ្ជកម្ម។

លោកស្រីចាន់និមល បន្តថា មកដល់ពេលនេះ App Sastra film មានភាពយន្តប្រមាណជា 200រឿង ដោយស្នាដៃខ្លះមិនមានការដាក់ផ្សាយលើផេក ឬក្នុងរោងកុនឡើយ។

ព្រឹត្តិការណ៍ពិសេសនៅថ្ងៃនោះ ក៏មានសិល្បករសិល្បៈការិនីសម្ដែងឈុតខ្លីៗលើឆាក ដើម្បីបង្ហាញនូវភាពយន្តមួយចំនួន និងពិធីចុចប៊ូតុងប្រកាសដំណើរការ App ជាផ្លូវការផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺតារាម្នាក់ៗលេងខ្លួនទាក់ទាញខ្លាំង ដោយមានអ្នកគាំទ្រយ៉ាងច្រើនកុះករចោមរោមពេញក្នុងពិធីតែម្ដង។

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film បង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានរួមចំណែកលើកកម្ពស់វិស័យភាពយន្តខ្មែរ និងបានរៀបចំព្រឹត្តិការណ៍សម្ពោធនេះឡើង ដោយមានតារាល្បីៗជាច្រើនដួងចូលរួមអបអរសាទ។

លោកស្រីបន្ថែមថា អ្នកដែលចង់ទស្សនាស្នាដៃរបស់ សាស្ត្រា គឺលែងលំបាកទៀតហើយព្រោះដូចមានរោងកុនមួយនៅក្នុងដៃអីចឹងដោយគ្រាន់តែ Download App Sastra Film ហើយចុះឈ្មោះបង់សេវាក្នុង១ខែ 5$ និង 10$ នោះគឺជាការស្រេច ៕

RELATED ARTICLES