Thursday, March 28, 2024
Homeព័ត៌មានជាតិព្រះអង្គខ្មៅ សាងសង់តាំងពីសម័យហ្លួងព្រះស្តេចកន ចោរគាស់ព្រះវិហារវត្ត លួច

ព្រះអង្គខ្មៅ សាងសង់តាំងពីសម័យហ្លួងព្រះស្តេចកន ចោរគាស់ព្រះវិហារវត្ត លួច

ខេត្តត្បូងឃ្មុំ ៖ ចោរទមិឡឥតសាសនាមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារព្រះវិហារ លួចយកព្រះបដិមាព្រះអង្គពណ៌ខ្មៅ ១អង្គ ដែលតម្កល់នៅលើបល្ល័ង្កសម្រាប់ពុទ្ធបរិស័ទគោរពបូជា ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន ក្នុងស្រុកពញាក្រែក។

ព្រះតេជគុណ នេត ឈុន ចៅអធិការវត្តហ្លួងព្រះស្តេចកន ស្ថិតក្នុងភូមិអង្គរ ក្នុងឃុំដូនតី ស្រុកពញាក្រែក បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ ថា ព្រះបដិមាព្រះអង្គខ្មៅ មួយអង្គ ដែលត្រូវបានចោរទមិឡលួចយកទៅនោះ សង់ឡើងអំពីលង្ហិន លាយស្ពាន់ ទម្ងន់ប្រមាណ៥៥គីឡូក្រាម ពីសម័យហ្លួងព្រះស្តេចកន ចន្លោះសតវត្សរ៍១៥-១៦ ដែលបានកំណាយឃើញ កាលពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសាងសង់ព្រះវិហារ ប្រគល់ដល់វត្ត កាលពីឆ្នាំ២០០៦។ ព្រះបដិមាអង្គនេះ ពិតជាត្រូវក្រុមចោរលួចយកទៅបាត់ ក្នុងរង្វង់យប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ព្រះចៅអធិការវត្តហ្លួងព្រះស្តេចកន បានមានបន្តថា ទំនងជាពួកចោរមានគ្នាពី ៤ ទៅ៥នាក់ បានគាស់ទ្វារព្រះវិហារផ្នែកខាងកើត ចូលលួចយកព្រះបដិមាព្រះអង្គខ្មៅ មួយអង្គទៅបាត់។ លុះព្រឹកឡើង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីបានដឹងករណីចោរលួចហើយ ព្រះសង្ឃ គណៈម្មការវត្ត បានប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចនិងអាជ្ញាធរ បានចុះមកដល់ព្រះវិហារកើតហេតុ ធ្វើកំណត់ហេតុ ដើម្បីស៊ើបអង្កេត ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោស និងនិមន្តព្រះអង្គខ្មៅមួយអង្គនេះ មកគង់លើបល្ល័ង្កវិញ សម្រាប់ពុទ្ធបរិស័ទគោរពបូជាបន្តទៀត។

គួរបញ្ជាក់ថា ព្រះបដិមាអង្គខ្មៅ ខាងលើ ធ្លាប់ត្រូវបានក្រុមចោរមួយក្រុម ចូលប្លន់ម្តងហើយ ក្រោយពី គង់ក្នុងបល្ល័ង្កព្រះវិហារ បានមួយឆ្នាំ ដោយកាលយប់នោះ សមត្ថកិច្ចបានឡោមព័ទ្ធតំបន់ហ្លួងព្រះស្តេចកន ជុំជិត ធ្វើឱ្យក្រុមចោរ យកចេញមិនបាន ក៏យកព្រះបដិមាព្រះអង្គខ្មៅ និងម៉ូតូ មួយគ្រឿង ទម្លាក់ក្នុងទឹកត្រពាំង ក្នុងបរិវេណវត្តហ្លួងព្រះស្តេចកន  រួចគេចខ្លួនបាត់៕

RELATED ARTICLES