Tuesday, April 23, 2024
Homeព័ត៌មានជាតិមនុស្សជិត១០០០នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកណ្តាល

មនុស្សជិត១០០០នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា រយៈពេល៥ថ្ងៃមកនេះ ពោលគិតចាប់ពី ថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្តកណ្តាលបានរឃើញមនុស្សចំនួន៩៤២នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្នុងនោះមានស្ត្រីចំនួន៥០៧នាក់ ហើយមនុស្សដែលត្រូវបានយកសំណាកមានចំនួនសរុប៧០៩នាក់ ក្នុងនោះស្ត្រីមានចំនួន ១០៣នាក់។

ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កតាមមណ្ឌលនានា មានចំនួន១៧៦នាក់ ហើយធ្វើចត្តាឡីស័កនៅតាមផ្ទះ មានចំនួន៦៩៧នាក់។ រីឯម្នាក់ដែលជាបុគ្គលិកក្លឹបអិនប្រាំបី រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យរបេង និងហង់សិន រាជធានីភ្នំពេញ។

ប្រភពដដែលបានឱ្យដឹងថា ពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឱ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៏ត្រូវបានធានា និងយាមកាមបានល្អផងដែរ។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងបញ្ជាក់ថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ត្រីសុខាភិបាល បាន និងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានបន្តទៀតថា ការចាត់វិធានការការពារជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណៈបញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការ ការពារ ជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩៧នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕

RELATED ARTICLES