Friday, March 29, 2024
Homeព័ត៌មានជាតិមនុស្ស១០នាក់ ចេញពីភ្នំពេញ ទៅកំពង់ឆ្នាំង សមត្ថកិច្ចចាប់ធ្វើចត្តាឡីស័ក

មនុស្ស១០នាក់ ចេញពីភ្នំពេញ ទៅកំពង់ឆ្នាំង សមត្ថកិច្ចចាប់ធ្វើចត្តាឡីស័ក

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលព័ត៌មានថា មានមនុស្ស ១០នាក់ វិលត្រឡប់ពីភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំង ត្រូវបានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះធ្វើចំណាត់ការទាំងយប់ ដោយបានទៅនាំខ្លួនមនុស្សទាំង១០នាក់នោះ ឱ្យមកធ្វើចត្តាឡឺស័កវិញ បន្ទាប់ពីពួកគាត់វិលត្រឡប់ពីរាជធានីភ្នំពេញ និងជាអ្នកធ្វើការនៅចំណុចក្តៅ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ការចុះធ្វើចំណាត់ការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២១។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា មនុស្ស១០នាក់ ដែលវិលត្រឡប់មកពីភ្នំពេញ ក្នុងនោះមាន ៨នាក់ នៅស្រុកកំពង់លែង និង ២នាក់ នៅស្រុកបរិបូណ៌។

លោកបានបញ្ជាក់ថា មនុស្សទាំង ៨នាក់ ដែលវិលត្រឡប់មកផ្ទះ នៅស្រុកកំពង់លែង គឺ ពួកគាត់ជាអ្នកធ្វើការនៅកន្លែងដែលជាចំណុចក្តៅនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំណត់ដោយក្រសួងសុខាភិបាល ហើយទីតាំងពួកគាត់ធ្វើការបានបិទទ្វារ។ ហេតុដូច្នេះហើយពួកគាត់មិនបានទៅធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ តែពួកគាត់បានវិលត្រឡប់មកស្រុកវិញ គឺស្រុកកំពង់លែង ទើបខាងមន្ទីរ ចុះទៅនាំខ្លួនពួកគាត់ទាំងយប់ ឱ្យមកធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស។

ជាមួយគ្នានេះ មនុស្សស្រី ២នាក់ ដែលវិលត្រឡប់ពីភ្នំពេញ ហើយពួកគាត់បានទៅផ្ទះបងប្អូននៅឯស្រុកបរិបូណ៌ គឺពួកគាត់ក៏ជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដូចគ្នាដែរ ហេតតុនេះហើយ ក្រុមការងារមន្ទីរ បាននាំខ្លួនទៅធ្វើចត្តាឡីស័កជាមួយគ្នាដែរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកដែលប៉ះពាល់នឹងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សូមមកធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះ លោកក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវថែរក្សាអនាម័យឱ្យបានល្អ ជាពិសេសអនុវត្ត ៣ការពារ និង ៣កុំ ជាប្រចាំ៕

RELATED ARTICLES