Wednesday, April 24, 2024
Homeតារាខ្មែរលោកព្រាប សុវត្ថិ រៀបគម្រោងជួយកូនប្រុស ឲ្យល្បីកាន់តែខ្លាំង?

លោកព្រាប សុវត្ថិ រៀបគម្រោងជួយកូនប្រុស ឲ្យល្បីកាន់តែខ្លាំង?

តារាចម្រៀងព្រាប សុវត្ថិ ដែលដើរចេញពីហង្សមាស ជាង៥ខែនោះ ត្រូវបានអ្នកជំនាញសិល្បៈ អះអាងថា ប្រជាប្រិយភាពរបស់លោកពេលនេះមិនប្រែប្រួលឡើយ ពោលគឺមិនធ្លាក់ចុះដូចការព្យាករណ៍មួយចំនួនថា លោកចេញពីផលិតកម្មធំ ហង្សមាស ទៅចូល Galaxy ជាផលិតកម្មថ្មី ប្រឈមការចុះខ្សោយនោះទេ។ នេះបើតាមលោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានប្រាប់កាលពីពេលថ្មីៗនេះ។

លោកនូ ស៊ិប អះអាងថា តាំងពីព្រាប សុវត្ថិ​ ចេញពីហង្សមាស ទៅផលិតកម្មថ្មី Galaxy មក លោកឃើញថា​ ព្រាប សុវត្ថិ នៅតែល្បីដដែល មិនធ្លាក់ចុះទេ។ លោកថា សមត្ថភាពដូចព្រាប សុវត្ថិ មិនងាយនឹងធ្លាក់ឡើយ ព្រោះជាតារាចម្រៀងម្នាក់ដែលចូលស្ដង់ដារអន្ដរជាតិ ហើយបើតាមការសន្និដ្ឋានរបស់លោក គឺព្រា​ប សុវត្ថិ កំពុងរៀបចំគម្រោងមួយដែលអាចធ្វើឲ្យលោកផ្ទុះជាមួយកូនប្រុសតែម្ដង នៅពេលខាងមុខនេះ។

ក្រៅពីការយល់ឃើញរបស់លោកនូ ស៊ិប ថា ព្រាប សុវត្ថិ នៅតែរក្សាលំនឹងបាននោះ គេមើលឃើញថា តាំងព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នោះ គឺពេលនេះបណ្ដាស្ពតធំៗ ដែលលោកធ្លាប់ថ្វើជាទូតសុច្ឆន្ទៈ គឺនៅតែបន្ដការធ្វើការជាមួយលោកដដែល ហេតុនេះហើយធ្វើឲ្យព្រាប សុវត្ថិ នៅតែត្រូវបានក្រុមហ៊ុនធំទាំងឡាយជឿជាក់លើលោក ដូចមុនការផ្លាស់ប្ដូរផលិតកម្ម។

លោកកៅ សីហា អ្នកដឹកនាំសម្ដែងនៅហង្សមាស ធ្លាប់និយាយថា ព្រាប សុវត្ថិ ល្បីផុតគេហើយ តើឲ្យល្បីម៉េចទៀតទៅ បើលោកឡើងហួសគេអស់ហើយ។

ដោយឡែក អ្នកនិពន្ធបទភ្លេងម្នាក់នៅហង្សមាស បានអះអាងថា បើព្រាប សុវត្ថិ នៅតែត្រូវបានក្រុមហ៊ុនស្ពតធំៗ ធ្វើការជាមួយ និងចេញច្រៀងតាមឆាកតន្ត្រីធំៗនោះ គាត់មិនធ្លាក់ចុះទេ។ ប៉ុន្ដែលោកថា អ្នកកាសែត គួរតែស្រាវជ្រាវថា ព្រាប សុវត្ថិ កាលច្រៀងនៅហង្សមាស តម្លៃប៉ុន្មាន និងទៅ Galaxy ស៊ីថ្លៃប៉ុន្មាននោះ ទើបដឹងការពិតតែម្ដង។

បើទោះជាអ្នកជំនាញសិល្បៈ មើលឃើញថា ព្រាប សុវត្ថិ នៅតែខ្លាំងក្រោយប្ដូរផលិតកម្មជិតកន្លះឆ្នាំមែន ប៉ុន្ដែមជ្ឈដ្ឋានមហាជនបានមើលឃើញថា តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កំពុងឈានទៅយកតំណែងលោកនៅហង្សមាស ទៅហើយ៕

RELATED ARTICLES